គណៈ​កម្មា​ធិ​ការ​សិទ្ធិ​មនុស្ស​ប្រាប់​តំ​ណាង​ ​OHCHR ​ប្រ​ចាំ​កម្ពុជា​​​អំ​​​ពី​​ការ​​​ឈ្លាន​​​​ពាន​​​​របស់​​​​ថៃ​​

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់លោកស្រី  Matilda Bogner តំណាង​ប្រចាំប្រទេស​ នៃការិ​យា​ល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ប្រ​ចាំ​​កម្ពុជា (OHCHR) ​អំពីស្ថានភាព​ព្រំ​ដែនកម្ពុជា-ថៃ និងការឈ្លាន​ពាន​របស់ថៃ អំឡុង​ជំនួបកាលពីថ្ងៃព្រហស្បតិ៍។ 

ក្នុងជំនួបនេះ​  លោក កែវ សុទ្ធិ​ អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា (គ.ស.ម.ក.) បានរៀបរាប់អំពី​ស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនរវាងប្រ​ទេស​ទាំងពីរ និងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ ដែលបានរំលោភយ៉ាងធ្ងន់​ធ្ងរ​លើច្បាប់អន្តរជាតិ ជាពិសេស ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ​។​ នេះបើយោង​តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

លោក កែវ សុទ្ធិ លើកឡើងថា សកម្មភាពរំលោភបំពានទាំងនោះរួមមាន ការបិទព្រំ​ដែនជាឯកតោភាគី ដោយគ្មានផ្តល់ដំណឹងជាមុន ការវាយប្រហារដោយមិនរើស​គោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌ ពិភពលោក។

លោកបន្តថា​ ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់ និងសំឡេងរំខានផ្សេងៗ បានបង្កផល​ប៉ះពាល់ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន ។ ក្រៅ​ពីនោះ កងទ័ពថៃបាន​លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា ហើយព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែងតាមរយៈការដាក់ពង្រាយ លួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្នុងតំបន់ឈ្លានពាន និងបន្តកាន់កាប់ដោយខុសច្បាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៣៥ ០០០នាក់ មិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបានដោយសុវត្ថិភាព​​។

សេចក្តីប្រកាសព័ត៌មាន​ដដែលនេះបន្ថែមថា លោកជំទាវ Matilda Bogner ក៏​បាន​​ថ្លែងអំណរគុណចំពោះការផ្តល់ព័ត៌មានយ៉ាងលម្អិតនិងច្បាស់លាស់ ហើយក៏បានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់ (គ.ស.ម.ក.) ក្នុងការលើកកម្ពស់និងការ​ការពារសិទ្ធិមនុស្ស ការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាង គ.ស.ម.ក. និងការិយាល័យ OHCHR លើវិស័យសិទ្ធិមនុស្ស នាពេលកន្លងមក។ 

កាលពីថ្ងៃទី ២៤​ ខែ កក្កដា​ ឆ្នាំ ២០២៥ ភាគីថៃបានបើកការវាយប្រហារលើកដំ​បូង​លើកម្ពុជា និងលើកទី២ កាលពីថ្ងៃទី ៧ ​ខែធ្នូ ឆ្នាំ ២០២៥ ដោយមានបទឈប់បាញ់លើកចុងក្រោយ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ។ ទោះ​យ៉ាងណា គេសង្កេត​ឃើញថា ភាគីថៃនៅតែបន្ដឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា បើទោះបីមានបទ​ឈប់បាញ់នេះហើយក៏ដោយ៕ 

អត្ថបទគួរឱ្យចាប់អារម្មណ៍