លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានព្រមានដកអាជ្ញាប័ណ្ណក្រុមហ៊ុនប្រេង និងដកតំណែងមន្ត្រី ឬកងកម្លាំងប្រដាប់អាវុធរូបណា ដែលពាក់ព័ន្ធនឹងបទល្មើសលួចនាំចូលប្រេងខុសច្បាប់ពីប្រទេសថៃ។
បទបញ្ជារបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើង បន្ទាប់ពីមានបណ្ដាញសារព័ត៌មានថៃចុះផ្សាយថា មានករណីលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃចូលមកលក់នៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃសុក្រនេះ ដោយបញ្ជាឱ្យលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស ថេត អគ្គស្នងការនគរបាលជាតិ និង លោក គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីលួចនាំប្រេងចូលពីប្រទេសថៃ ឱ្យបានច្បាស់លាស់។
លោកបន្តថា ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឱ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹងបំផុត ដោយលោកសង្កត់ធ្ងន់ថា ប្រសិនបើរកឃើញមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេង ត្រូវដកអាជ្ញាប័ណ្ណ ពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជាត្រូវបញ្ចប់តួនាទី និងបណ្តេញចេញពីក្របខណ្ឌជាកំហិត មិនថា បុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណានោះទេ។
គួររំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗ៕

