ក្រសួងបរិស្ថានបានចុះល្បាតជាង ៣០០០លើក ដោយបង្ក្រាបបទល្មើសធនធានធម្មជាតិបាន ៥៥១ករណី និងបញ្ជូនសំណុំរឿង៤៧ករណីរួមទាំងជនសង្ស័យ ២៩នាក់ទៅតុលាការក្នុងរយៈពេលបីខែដំបូង នៃឆ្នាំ២០២៦។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៦ មន្ត្រីជំនាញ នៃក្រសួងបរិស្ថានបានចុះល្បាតចំនួន ៣០២១លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៥៥១ករណី គឺថយចុះ១៥៩ករណី ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។
ក្រសួងបរិស្ថានបញ្ជាក់ថា ក្នុងចំណោមបទល្មើស ដែលបង្ក្រាបបានក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦នេះ មានបទល្មើសព្រៃឈើចំនួន១៦៤ករណី បទល្មើសសត្វព្រៃចំនួន១៥៣ករណី បទល្មើសដីធ្លីមានចំនួន ១៤៩ករណី បទល្មើសនេសាទ ចំនួន៧៨ករណី។ ក្រសួងបន្តថា មន្ត្រីនគរបាលយុត្តិធម៌ នៃក្រសួងបរិស្ថានបានរៀបចំកំណត់ហេតុបទល្មើសចំនួន២៧៦ករណី ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន៤៧ករណីនិងជនសង្ស័យចំនួន២៩នាក់។
ក្រសួងបរិស្ថានបន្ថែមទៀតថា ក្រៅពីកសាងសំណុំរឿងបញ្ជូនទៅតុលាការ មន្ត្រីជំនាញក៏បានប្រមូលវត្ថុតាងបទល្មើសមួយចំនួនធំរួមមាន អេស្កាចំនួន២គ្រឿង អាំងវើតទ័រចំនួន៣១គ្រឿង ត្រាក់ទ័រចំនួន ២គ្រឿង អាវុធចំនួន ៤ដើម រថយន្តចំនួន ៤គ្រឿង រថយន្តកែច្នៃចំនួន ២គ្រឿង អាវុធច្នៃចំនួន៥៧ដើម គោយន្តចំនួន១២គ្រឿង រណារយន្តចំនួន១២៦គ្រឿង រួមទាំងវត្ថុតាងផ្សេងៗទៀត៕

