លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) និងទស្សនកិច្ចការងារ រយៈពេលបួនថ្ងៃនៅប្រទេសបារាំង។
តាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ របស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងចូលរួមកិច្ចប្រជុំកំពូលសុខភាពតែមួយ និងទស្សនកិច្ចការងារនៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស ប្រទេសបារាំងចាប់ពីថ្ងៃទី៦ដល់ថ្ងៃតី៩ ខែមេសា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON)។
សេចក្តីប្រកាសព័ត៌មានដដែលនេះបន្តថា កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។
សេចក្តីប្រកាសព័ត៌មានបន្ថែមទៀតថា កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិសង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វនិងប្រព័ន្ធអេកូឡូស៊ី។
សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ទៀតថា អំឡុងពេលស្នាក់នៅប្រទេសបារាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងជួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំង និងថ្នាក់ដឹកនាំប្រទេសផ្សេងទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា៕

