ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំដល់អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម អ្នកសារព័ត៌មានប្រជាជន និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទឱ្យចៀសវាងការផលិត និងចែកចាយមាតិកាទាំងឡាយណា ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី បន្ទាប់ពីរកឃើញថា មានអ្នកផលិតមាតិកាមួយចំនួនបានបំពានសេចក្តីណែនាំ ក្រមសីលធម៌ និងវិជ្ជាជីវៈ។
នៅក្នុងសេចក្តីណែនាំរួម ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ចេញនូវគោលការណ៍ណែនាំចំនួន ៦ ចំណុចសំខាន់ៗ ក្នុងនោះមាន បញ្ឈប់រាល់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តមាតិកាទាំងឡាយណា ដែលប្រើប្រាស់ពាក្យសម្តីអសុរោះ ជេរប្រមាថ អាសអាភាស និងអំពើហិង្សា បញ្ឈប់ការយករូបកាយស្ត្រី និងសកម្មភាពដែលមានលក្ខណៈអនាចារនិងស្រើបស្រាល ដើម្បីជាឧបករណ៍ទាក់ទាញចំណូលចិត្ត ការចែករំលែកបន្ត និងការចូលមើល ឬភ្ជាប់នឹងការផ្សាយពាណិជ្ជកម្ម ផលិតផល ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
សេចក្តីណែនាំដដែលក៏បានលើកទឹកចិត្តឱ្យមានការចូលរួមផលិត ផ្សព្វផ្សាយខ្លឹមសារ សកម្មភាពនិងរូបភាពនានា ដើម្បីចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិខ្មែរ និងការលើកតម្កើងកិត្តិយស និងគុណតម្លៃរបស់ស្ត្រីខ្មែរឱ្យបានទូលំទូលាយ ត្រូវចៀសវាងដាច់ខាតការប្រើប្រាស់រូបភាព ឬភាសាដែលបង្កប់នូវការរើសអើងភេទ និងការបំពានសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងមនុស្សគ្រប់រូប ចំពោះរាល់ការផ្សាយពាណិជ្ជកម្មផលិតផល ឬសេវាកម្មនានា។
សេចក្តីណែនាំបានបញ្ជាក់ទៀតថា អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម អ្នកសារព័ត៌មានប្រជាជន និងអ្នកសារព័ត៌មានគ្រប់ៗរូបត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន និងត្រូវគោរពច្បាប់ ចៀសវាងការផលិត ផ្សព្វផ្សាយ និងចែករំលែកបន្តមាតិកា ដែលជះឥទ្ធិពលអវិជ្ជមានដល់តម្លៃស្ត្រីនិងលើកទឹកចិត្តដល់ការផលិតមាតិកា ដែលបង្ហាញពីភាពច្នៃប្រឌិត ការអប់រំ បំណិនជីវិត សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិខ្មែរ ក៏ដូចជាលើកកម្ពស់សមភាពយេនឌ័រក្នុងសង្គម។
សេចក្តីណែនាំនេះក៏បានព្រមានចាត់វិធានការតឹងរ៉ឹងតាមច្បាប់ចំពោះនីតិបុគ្គល ឬរូបវន្តបុគ្គលដែលនៅតែបន្តផលិតផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកា ដែលផ្ទុយនឹងខ្លឹមសារ នៃសេចក្តីណែនាំនេះ ក្រោយទទួលវិធានការអប់រំ៕

