ចៅ​ក្រម​​ស៊ើប​​សួរ​​សម្រេច​ឃុំ​​ខ្លួន​​​អ្ន​ក​​បើក​​បរ​​​បង្ក​​​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​​បណ្តាល​​​​​ឱ្យ​​​​ស្លាប់​​​​​​៥​​​​​​នាក់​

ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្ត​បាត់​ដំបងសម្រេច​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន​លើ​ជនត្រូវ​ចោទ ដែល​បើក​បរ​បង្កគ្រោះថ្នាក់ចរា​ចរ​ណ៍​បណ្តាល​​ឱ្យ​មាន​អ្នក​ស្លាប់​៥នាក់​ និង​របួស​ធ្ងន់​១នាក់​ ​នៅស្រុក​មោងឫស្សី ខេត្ត​​បាត់​ដំបង​​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​ខេត្ត​បាត់​ដំបង​នៅរសៀល​ថ្ងៃព្រហស្បតិ៍​នេះ បាន​ឱ្យ​ដឹងថា ជន​​ត្រូវ​ចោទឈ្មោះ ស៊ីវ ជ័យសិដ្ឋ​ អាយុ២០ឆ្នាំ ត្រូវ​បាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅពន្ធនាគារ​ខេត្ត​បាត់ដំបង​ ពី​បទ​បើក​បរដោយ​ធ្វេស​ប្រហែស​ ខ្ជីខ្ជា​ មិនប្រុងប្រយ័ត្ន​ បណ្តាល​ឱ្យ​ស្លាប់​ដល់អ្នក​ដទៃ (​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ច្រើន​​នាក់​) តាម​មាត្រា​៨៥ ចំណុច​ គ នៃ​ច្បាប់ស្តីពី​ចរាចរណ៍​ផ្លូវ​គោក និង​បទ​បើក​បរ​ដោយ​ធ្វេសប្រហែស​ ខ្ជីខ្ជា​ មិនប្រុង​ប្រយ័ត្ន​បណ្តាល​ឱ្យ​របួស​ដល់អ្នក​ដទៃ និង​​បទ​​រត់​គេចខ្លួន តាម​បញ្ញត្តិ​មាត្រា​ ៨៣ នៃច្បាប់​ស្តីពីចរាចរណ៍​ផ្លូវគោគ និង​មា​ត្រា​ ៥៤៣ នៃក្រម​ព្រហ្មទណ្ឌ​។​

សេចក្តី​ប្រកាស​ព័ត៌មាន​នេះសរសេរថា៖ “ដើម្បី​បន្ត​ចំណាត់ការ​ស៊ើប​សួរ​តាម​នីតិវិធី និង​អនុវត្ត​ច្បាប់​យ៉ាងម៉ឹងម៉ាត់​បំផុត​នៅក្នុង​សំណុំរឿង​ទាំង​ពីរនេះ ដើម្បី​ផ្តល់​យុត្តិធម៌ និង​ការ​សងសំណងរដ្ឋ​ប្បវេណីដល់ជនរងគ្រោះ​ពីជន​ត្រូវ​ចោទ​”។

សេចក្តីប្រកាស​ព័ត៌មាន​បន្ថែមថា ​ជនរងគ្រោះ​ដែលបាន​ស្លាប់​បាត់បង់ជីវិត​នៅកន្លែងកើត​ហេតុ​មាន​ឈ្មោះ ប៉ុក ស៊ីណាប់ (ស្រី) ម៉េន ម៉ីនាង (ស្រី) សួនធានី (ប្រុស) វុន ស្រីជា (ស្រី) និង​ឈ្មោះ ចាន់ ចាវ (ប្រុស) និង​ឈ្មោះ​ ម៉េន សុខមាន (ប្រុស) រង​របួស​ធ្ងន់​។​

​​ដោយ​ឡែក​​​អយ្យការ​អមសាលាដំបូង​ខេត្ត​បាត់​ដំបង​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មានមួយ​​នៅ​ថ្ងៃទី​២ ខែមេសា នេះផង​ដែរថា ករណីគ្រោះថ្នាកចរាចរណ៍​ កាល​ពីថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦​ ​​​នៅម៉ោ​ង​​ប្រហែល​ ២២៖៤០នាទី​ បង្កឡើង​ដោយ​រថយន្ត​​​មួយគ្រឿង​ម៉ាក MERCEDES BENZ AMG GT៥៣ ពណ៌ខ្មៅ ពាក់ផ្លាក​លេខ កម្ពុជា C.S. ៦១​៦៨ បើកបរដោយ​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ​ ភេទប្រុស​អាយុ​២០​ឆ្នាំ​។​

តំណាង​អយ្យការ​បន្ថែម​ថា ជនសង្ស័យ​បាន​បើក​បរ​ក្នុងល្បឿន​លឿន​ ហើយ​រេចង្កូត​ចូល​ទៅ​គន្លង​ផ្លូវ​របស់​ម៉ូតូ​ ហើយ​បុកចំពីខាងក្រោយ​ម៉ូតូ​ចំនួន​​ពីរ​គ្រឿង​របស់​ជនរងគ្រោះ ខណៈ​ពេល​ពួកគេ​​ជិះម៉ូតូត្រឡប់​មក​ពីមើល​ការ​ប្រ​គំតន្ត្រី​មួយកន្លែងនៅទីរួម​ស្រុក​មោង​ឫស្សី​ បណ្តាល​ឱ្យ​មនុស្ស​៥នាក់​ស្លាប់​ ដែល​ក្នុងនោះស្ត្រីម្នាក់​មាន​គភ៌ចំនួន​៣ខែ​ និង​ក្មេង​ប្រុស​ម្នាក់រងរបួស​ធ្ងន់​ កំពុង​សម្រាក​ព្យា​បាល​​នៅមន្ទីរពេទ្យ​ ហើយ​ភ្លាមៗអ្នក​បើកបរបាន​គេចខ្លួន​ពី​កន្លែង​កើត​​ហេតុ​។​

គួរ​បញ្ជាក់ថា សំណុំរឿងនេះ ត្រូវ​បាន​តំណាង​អយ្យការ​​បំបែក​​ជា​២ ដែល​ក្នុងនោះ សំណុំរឿង​ទី​១ ​ចោទប្រ​កាន់​​ជនសង្ស័យ​ពី​​បទ បើក​បរដោយ​ធ្វេសប្រហែស​ ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​ បណ្តាល​ឱ្យ​ស្លាប់ដល់អ្នកដទៃ​ (បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ច្រើននាក់) តាម​មា​ត្រា​៨៥ ចំណុចគ នៃច្បាប់​ស្តី​ពី​​ចរាចរណ៍​ផ្លូវគោក និង​សំណុំរឿង​ទី​២​ ​ចោទប្រ​កាន់​​​ពី​បទ​ បើកបរ​ដោយ​ធ្វេស​ប្រ​ហែស​​ ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន​ បណ្តាល​ឱ្យ​របួស​ដល់​​អ្នក​ដទៃ​ និង​រត់គេចខ្លួន​ តាម​មាត្រា​៨៣​ នៃច្បាប់​ស្តីពី​ចរាចរណ៍ផ្លូវគោក និង​មា​ត្រា​ ៥៤៣ នៃក្រម​ព្រហ្ម​ទណ្ឌ​។​

មាត្រា​៨៥ នៃច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ចែងថា ជន​ណាបើក​បរដោយ​ធ្វេសប្រ​ហែស​ ខ្ជីខ្ជា​ មិន​ប្រុង​ប្រយ័ត្ន​ ឬមិន​គោរព​កាតព្វកិច្ច​ ដែល​បទប្បញ្ញត្តិ​ស្តីពី​ចរាចរណ៍ផ្លូវ​គោក​ បណ្តាល​ឱ្យ​មាន​ស្លាប់​មនុស្ស​ច្រើន​នាក់​ ត្រូវ​ផ្តន្ទាទោស​ពី​២ឆ្នាំ​ ទៅ​៥​ឆ្នាំ និង​ពិន័យ​ពី​១០​លានរៀល​ទៅ​២៥លាន​រៀល​។​

មាត្រា​៨៣ នៃច្បាប់​ចរាចរណ៍​ផ្លូវគោក​ ចែងថា ជន​ណា​បើកបរ​ធ្វេសប្រហែស​ ខ្ជី​ខ្ជា​ មិនប្រុង​ប្រយ័ត្ន​ ឬមិនគោរព​កាតព្វកិច្ច​ ដែល​បទ​ប្បញ្ញត្តិស្តីពីចរាចរណ៍​ផ្លូវ​គោក​តម្រូវ​ បណ្តាល​ឱ្យ​មាន​របួស​ដល់​អ្នកដទៃ​ ហើយបណ្តាល​ឱ្យ​អ្នក​រងគ្រោះ​អសមត្ថភាព​ធ្វើការ​ងារ​ក្នុង​រយៈ​ពេល​ស្មើ​ ឬ​លើស​ពី​៨ថ្ងៃ គិត​ពីថ្ងៃកើត​ហេតុ​ ត្រូវ​ផ្តន្ទា​​ទោស​ដាក់​ពន្ធនាគារពី​ ៦​ ខែ ​ទៅ​២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២លានរៀល​ទៅ​១០​​លាន​រៀល​ និង​អាច​ត្រូវ​ផ្តន្ទាទោស​ដោយ​ទោស​បន្ថែមមួយ​ឬច្រើន​ដូច​មានចែង​​​ក្នុង​​​មាត្រា​៥៣​ (ប្រភេទនៃទោស​បន្ថែម) នៃក្រម​ពហ្មទណ្ឌ។​

មាត្រា​៥៤៣ នៃក្រម​ព្រហ្មទណ្ឌ ចែងថា ​អ្នក​បើក​បរ ដែលបាន​ដឹង​ច្បាស់​ថា ខ្លួន​ទើប​​តែបង្កឱ្យ​មាន​គ្រោះថ្នាក់​ឬការខូចខាត​ ហើយ​មិន​ព្រម​ឈប់ ដើម្បីគេចខ្លួន​ពីការ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ ឬរដ្ឋ​ប្បវេណី ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៦ខែ​ទៅ​​២ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី ១លាន​រៀល​ទៅ​៤លាន​រៀល​។​

ទាក់ទិន​ករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ព្រឹកថ្ងៃអង្គារ​ បាន​​ថ្លែង​​សារ​ចូល​រួម​រំ​លែកទុក្ខក្រុមគ្រួសារសព​ និងបានចេញបញ្ជារឱ្យ​​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិស្រាវជ្រាវឱ្យហ្មត់ចត់រកជន​​​បង្ក​​មក​​ទទួល​​ខុស​​ត្រូវ​​ចំពោះ​មុខ​​ច្បាប់​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។​

បើ​តាមរបាយការណ៍​របស់​​ក្រសួង​មហាផ្ទៃ​នាពេលថ្មីៗនេះ​បាន​ឱ្យ​ដឹងថា គិត​ចាប់ពី​​​ថ្ងៃទី​១ ខែ​មីនា​ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៦​នេះ មានករណីគ្រោះ​ថ្នាក់​ចរា​ចរណ៍​ផ្លូវ​គោកសរុប​ចំនួន​ ១៨៤ករណី​ ដែល​ក្នុងនោះ បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​ ១០៧នាក់​ និង​របួស​ធ្ងន់​ស្រាល​២៥៧​នាក់​។ ក្រសួង​មហាផ្ទៃបញ្ជាក់ទៀត​ថា តួលេខនេះ បើ​ធៀប​នឹង​ខែកុម្ភៈ​បាន​ថយ​ចុះចំនួន​១៨ករណី អ្នក​ស្លាប់​ថយចុះ៦៣នាក់​ និង​អ្នក​របួស​ថយ​ចុះ​ ១៦០​នាក់​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍