សាលាដំបូងរាជធានីភ្នំពេញុ នៅថ្ងៃទី២ខែមេសានេះ បានសម្រេចចោទប្រកាន់អតីតព្រះភិក្ខុ ជា វុទ្ធី ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយសមត្ថកិច្ចខេត្តបាត់ដំបងចាប់ផ្សឹកព្រះអង្គដោយបង្ខំ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានប្រាប់ Press Start Cambodia យ៉ាងខ្លីថា ក្រោយពីបានធ្វើការសាកសួររួច ចៅក្រមស៊ើបសួរ បានសម្រេចចោទប្រកាន់ ឈ្មោះ ជា វុទ្ធី ភេទប្រុស កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩៨ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ តាមមាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
លោកបញ្ជាក់ថា៖ «ឈ្មោះថា ជា វុទ្ធី ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ(PJ) ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី»។
អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ដែលឃ្លាំមើលករណីនេះ យល់ថា ជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានទេ ចំពោះការចោទប្រកាន់បែបនេះទៅលើអតីតព្រះភិក្ខុ ជា វុទ្ធី។
លោកសំអាងថា ព្រះតេជគុណ ជា វុទ្ធី គ្រាន់តែបញ្ចេញមតិ រិះគន់ដើម្បីកែលម្អសង្គម គ្មានចេតនាញុះញង់ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ ខណៈសេរីភាពបញ្ចេញមតិ ក៏មានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា៤១ផងដែរ។
លោកថា៖ «យើងមានការសោកស្តាយខ្លាំងមែនទែន ចំពោះបទចោទដ៏ធ្ងន់ធ្ងរមួយនេះ (បទញុះញង់) បើតាមខ្ញុំដឹង ភាគច្រើនព្រះអង្គ ជា វុទ្ធី សកម្មណាស់រឿងសង្គមជាតិ បូណភាពទឹកដីនេះ គឺព្រះអង្គខ្វាយខ្វល់ជាតិណាស់ ដូច្នេះការចោទប្រកាន់បែបនេះ ហាក់ឆ្លុះបញ្ចាំងពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ មិនអាចទទួលយកបានទេ ក្នុងនាមយើងសង្គមស៊ីវិលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស»។
សម្រាប់ លោក យិន ម៉េងលី នៅតែទទូចឱ្យតុលាការ និងរដ្ឋាភិបាល មេត្តាទម្លាក់បទចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយនេះ ហើយដោះលែងព្រះតេជគុណ ជា វុទ្ធី ឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យព្រះអង្គអាចបន្តការងារសង្គម។
លោកអះអាងទៀតថា ការបញ្ចេញមតិរបស់ពលរដ្ឋ រួមទាំងព្រះសង្ឃចំពោះបញ្ហាសង្គមជាតិ សុទ្ធតែមានការធានា និងការពារដោយរដ្ឋធម្មនុញ្ញ ដូច្នេះការបន្តចាប់ខ្លួន ឬឃុំខ្លួនពលរដ្ឋនិងសង្ឃ ជារំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ចំណែក ប្អូនស្រីបង្កើតព្រះតេជគុណ ជា វុទ្ធី គឺកញ្ញា ជា ស៊ីតូ បង្ហាញការឈឺចាប់ និងសោកស្តាយជាខ្លាំង ដែលសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់បងប្រុសរបស់កញ្ញា ពីបទ «ញុះញង់» បែបនេះ។
កញ្ញាអះអាងថា បងប្រុសកញ្ញា ជាព្រះសង្ឃស្នេហាជាតិ មាតុភូមិ និងតែងតែចូលរួមចំណែកជួយសង្គមជាតិ ខ្វាយខ្វល់រឿងបូរណភាពទឹកដី និងតែងតែយកឧស្សាហ៍ជួយរ៉ៃអង្គាល់ថវិកាជូនជនភៀសសឹកខ្មែរ ក្រោយសង្គ្រាមថៃឈ្លានពានដីខ្មែរកន្លងមកនេះ។
កញ្ញាថា៖ «លោកបងខ្ញុំ ជាព្រះសង្ឃស្នេហាជាតិ មាតុភូមិណាស់ សកម្មភាពរបស់ព្រះអង្គលើបណ្តាញសង្គមក្តី ចុះជាក់ស្តែងក្តី សុទ្ធតែព្រះអង្គធ្វើដើម្បីជាតិ មាតុភូមិខ្មែរ ខ្ញុំធ្លាប់ដើរការងារសង្គមខ្លះជាមួយលោកបងខ្ញុំ គឺលោកគិតរឿងជាតិ មាតុភូមិ និងប្រជារាស្រ្តណាស់ ពេលខ្លះសុខចិត្តអត់ខ្លួនព្រះអង្គ ឱ្យតែបានជួយជាតិ។ អ្នកណារិះគន់ ហាមមិនធ្វើការងារសង្គមក្តី ព្រះអង្គអត់ស្តាប់ទេ គឺព្រះអង្គតបវិញថា ជីវិតនេះ ត្រូវចេះស្រឡាញ់ជាតិឱ្យខ្លាំង»។
ការណ៍នេះ កញ្ញា ជា ស៊ីតូ អំពាវនាវដល់តុលាការរាជធានីភ្នំពេញ និងស្នើដល់រាជរដ្ឋាភិបាលកម្ពុជា មេត្តាអនុគ្រោះទម្លាក់បទចោទលើបងប្រុសកញ្ញា និងដោះលែងព្រះអង្គឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យព្រះអង្គអាចជួបជុំគ្រួសារ និងបន្តសាងព្រះផ្នួសបួសជាបុព្វជិក ដើម្បីជួយព្រះពុទ្ធសាសនាបន្តទៀត។
កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ សមត្ថកិច្ចខេត្តបាត់ដំបង បានចាប់ផ្សឹកព្រះតេជគុណ ជា វុទ្ធី គង់នៅវត្តធម្មនិមិត្តរាជបុប្ផារាម ហៅវត្ដប៉ាឆា ក្នុងក្រុងបាត់ដំបង ដោយមិនបានបញ្ជាក់ពីមូលហេតុ ខណៈព្រះអង្គតែងសកម្មបញ្ចេញមតិតាមបណ្តាញសង្គម រិះគន់ភាពអសកម្មរបស់រដ្ឋាភិបាល រួមទាំងបញ្ហាព្រំដែន។
រដ្ឋធម្មនុញ្ញបញ្ញត្តិមាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។
លើសពីនេះ រដ្ឋធម្មនុញ្ញ មាត្រា៣៥ ក៏បានកំណត់ដែរថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ។សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕

