ជន​​​សង្ស័​យ​​​​​ក្នុង​​​ករ​ណី​​គ្រោះ​​ថ្នាក់​​​ចរា​​ចរ​​ណ៍​​​បណ្តាល​​​ឱ្យ​​​មនុស្ស​​​៦​នាក់​​​ស្លាប់​​ សារ​​ភាព​​កំ​​​ហុស​​​

ជនសង្ស័យ​ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍​​ ដែលបានបណ្តាល​ឱ្យ​មនុស្ស ៦នាក់ស្លាប់​ នៅស្រុកមោងឫស្សី ខេត្ត​បាត់​ដំ​បង កាលពីថ្ងៃ​សុក្រ​សប្តាហ៍​​មុននោះ​ បាន​សារ​ភាព​​កំ​ហុសនៅ​ថ្ងៃពុធនេះថា ខ្លួន​ជា​អ្នក​បើក​រថ​យន្ត​​បង្ក​​គ្រោះ​ថ្នាក់​​បណ្តាល​​ឱ្យ​មាន​​​មនុស្ស​ស្លាប់​ និង​របួស​​​។

យោងតាមសេចក្តីប្រកាសព័ត៌មាន​ ​ចុះ​ថ្ងៃ​ទី០​១​ ខែមេសា ឆ្នាំ២០២៦នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងអះអាង​ថា ​ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទ​ប្រុសបាន​សារភាព​ថា ខ្លួន​គឺជា​មនុស្ស​តែម្នាក់គត់ ​ដែល​បាន​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់និង​របួស​ បន្ទាប់ពីត្រូវ​បាន​នាំខ្លួន​មក​​សាក​សួរ​​​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង​​​។​​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដាច់ដោយឡែក​មួយ​ទៀត​របស់​ស្នងការ​ដ្ឋាន​នគរ​បាល​​ខេត្ត​បាត់​ដំបង​ចុះថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៦ ​បាន​ឱ្យ​ដឹងថា ហេតុការណ៍​គ្រោះ​​ថ្នាក់​ចរា​ចរណ៍នេះ កើត​ឡើង​នៅ​យប់​ថ្ងៃទី​២៧ ខែ​មីនា នៅឃុំកកោះ ស្រុក​មោង​ឫស្សី ខេត្ត​បាត់ដំបង​ រវាង​រថយន្ត​ម៉ាកមេកស៊ើដេសពណ៌ខ្មៅពាក់ផ្លាក​លេខ​​កម្ពុជា C.S.6168 ជាមួយនឹង​ម៉ូតូ​ចំនួន​២គ្រឿង​ បណ្តាល​ឱ្យ​ស្លាប់​ ៥នាក់​ ក្នុង​នោះ​​ប្រុស​​២​នាក់​​ ស្ត្រីចំនួន​៣នាក់ ដែល​​ស្ត្រីម្នាក់​ក្នុងចំណោម​នោះ មាន​គភ៌​៣ខែ​​ផងដែរ និង​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់​១នាក់​ ភេទប្រុស​។​

ហេតុការណ៍នេះ កើត​ឡើង​​ខណៈពេល​ជនរងគ្រោះ​ជិះម៉ូតូវិល​ត្រឡប់​មក​ពីមើល​ការ​​ប្រ​គុំត​ន្រ្តីមួយ​កន្លែង​ស្ថិតនៅ​ទីរួម​​ស្រុក​មោង​ឫស្សី​នារាត្រីនោះ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ទៀតថា ជនសង្ស័យជា​អ្នក​បើក​រថយន្ត​បង្កគ្រោះថ្នាក់​នេះ ​​បាន​​គេច​ខ្លួន​ពីកន្លែងកើត​ហេតុ​ ដោយ​បន្សល់​ទុក​រថយន្តបង្ក​នៅទីនោះ ហើយ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រកឃើញ​អត្តសញ្ញាណ​ម្ចាស់រថយន្ត​មាន​​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ​ ភេទប្រុស​ កើត​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០០៦ ជា​អ្នក​រស់នៅ​ខណ្ឌ​​មាន​​ជ័យ​ រាជធានីភ្នំពេញ​។​

ស្នង​ការ​នគរបាល​ខេត្ត​បាត់ដំបង​បាន​ឱ្យ​ដឹងទៀតថា លោក ស៊ីវ សុជាតិ​ ជា​ឪពុក​របស់​​ឈ្មោះ ស៊ីវ ជ័យ​សិដ្ឋ​ បញ្ជាក់​ថា រថយន្ត​បង្ក​ម៉ាកមេកស៊ើដេស​ ដែល​មានផ្លាក​លេខ​ខាងលើ ​គឺជា​កម្មសិទ្ធរបស់​កូន​ប្រុស​លោក​មែន​ ហើយ​ថា កូន​របស់​លោក​បាន​​បើក​រថយន្ត​ខាងលើ​ចេញពីភ្នំពេញ​ មក​​ផ្លូវ​បាត់ដំបង ហើយ​ថ្ងៃដដែលនោះ​​ លោក​​បាន​ទទួល​ទូរស័ព្ទ​ពីប្រពន្ធ​របស់​លោក​ប្រាប់​ថា កូន​ប្រុស​របស់​លោក​ជួប​គ្រោះ​​ថ្នាក់​​ចរាច​រ​ណ៍​​នៅ​​ខេត្ត​​បាត់​​ដំបង​។​​

ទាក់ទិនករណី​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃអង្គារ​ បានថ្លែង​​សារ​ចូល​រួម​រំ​លែកទុក្ខក្រុមគ្រួសារសព​ទាំង៦នាក់ និងបានចេញបញ្ជារឱ្យ​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិស្រាវជ្រាវឱ្យហ្មត់ចត់រកជន​​បង្ក​មក​​ទទួល​​ខុស​​ត្រូវ​​ចំពោះ​មុខ​​ច្បាប់​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍