រដ្ឋបាលរាជធានីភ្នំពេញប្រកាសរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈពេល ៦ថ្ងៃជាប់គ្នា ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី និងបង្ហាញការដឹងគុណចំពោះវីរកងទ័ពជួរមុខ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ព្រឹត្តិការណ៍នេះ នឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា នៅទីតាំងមួយចំនួនដូចជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្នើរជើងចតុមុខរាជធានីភ្នំពេញ បរិវេណបាសាក់លែន និងបរិវេណផ្សារទួលទំពូល។
សេចក្តីជូនដំណឹងដដែលនេះបន្តថា ព្រឹត្តិការណ៍ “នគរសង្ក្រាន” នឹងមានរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈវប្បធម៌ច្រើនទម្រង់ ល្បែងប្រជាប្រិយជាតិ និងការតាំងពិព័រណ៌ផលិតផលក្នុងស្រុក ហើយការរៀបចំព្រឹត្តិការណ៍នេះ ក៏ដើម្បីបង្ហាញពីការដឹងគុណ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងបងប្អូនភៀសសឹក។
សេចក្តីជូនដំណឹងនេះបញ្ជាក់បន្ថែមទៀតថា ផ្លូវថ្មើរជើងចតុមុខនឹងត្រូវបើកដំណើរការរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា។
សេចក្តីជូនដំណឹងនេះសរសេរថា៖ “រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញមកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅតាមទីតាំងខាងលើ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ និងក្រោមស្មារតីសាមគ្គីភាព ឯកភាព និងភាពធន់”។
សេចក្តីជូនដំណឹងនេះបានបញ្ជាក់ទៀតថា អាជ្ញាធរមានសមត្ថកិច្ច នឹងរៀបចំចំណតយានយន្តសម្រាប់ប្រជាពលរដ្ឋ ដែលចូលរួមកម្សាន្ត ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈល្អប្រសើរ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍នៅជុំវិញទីតាំងរៀបចំព្រឹត្តិការណ៍៕

