សមត្ថកិច្ចខេត្តបាត់ដំបង បានចាប់ផ្សឹកព្រះតេជព្រះគុណ ជា វុទ្ធី គង់នៅវត្តធម្មនិមិត្តរាជបុប្ផារាម ហៅវត្ដប៉ាឆា ក្នុងក្រុងបាត់ដំបង ដោយមិនបានបញ្ជាក់ពីមូលហេតុ ខណៈ ព្រះអង្គសកម្មបញ្ចេញមតិតាមបណ្តាញសង្គមរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាល រួមទាំងបញ្ហាព្រំដែន។
ព្រះភិក្ខុ ជា វុទ្ធី គង់នៅវត្តធម្មនិមិត្តរាជបុប្ផារាម ហៅវត្ដប៉ាឆា ក្នុងក្រុងបាត់ដំបង ត្រូវសមត្ថកិច្ចស្លៀកពាក់ស៊ីវិលមួយក្រុមមានគ្នាជិត១០នាក់ ឃាត់ព្រះកាយនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ស្នងការនគរបាលខេត្តបាត់ដំបង លោក ដាញ់ អេងប៊ុនចាន់ បានប្រាប់គេហទំព័រ Press Start Cambodia ថាពិតជាមានករណីចាប់ផ្សឹកព្រះសង្ឈ ជា វុទ្ធី ពិតមែននៅព្រឹកថ្ងៃទី១ខែ មេសានេះ។យ៉ាងណាលោកថា ការចាប់ខ្លួននេះលោកមិនដឹងពីមូលហេតុទេ ហើយបញ្ជូនទៅណាក៏លោកមិនដឹងដែរ។
លោកបន្តថា៖«ពេលនេះ បញ្ជូនទៅតុលាការ ឬក៏ទៅណាខ្ញុំអត់ដឹងដែរ!គ្រាន់តែចាប់តែបញ្ជូនទៅណាទៅណីខ្ញុំអត់ដឹងដែរ! ចាប់ព្រឹកមិញពិតប្រាកដ»។
យ៉ាងណា បើតាមការបញ្ជាក់ពីព្រះសង្ឃមួយអង្គ គង់នៅវត្តពោធិ៍វាល ក្នុងលក្ខខណ្ឌសុំមិនប្រាប់ព្រះនាមដែលស្ថិតក្នុងហេតុការណ៍ចាប់ផ្សឹកនោះ មានថេរដីកា ថាមានជនស្លៀកពាក់ស៊ីវិល មានគ្នាប្រមាណជិត១០នាក់ មកចាប់វាយខ្នោះព្រះអង្គ និងផ្សឹកនៅវត្តពោធិ៍វាលតែម្តង ដោយមិនបានបង្ហាញដីការ ឬបទចោទពីបទអ្វីទេ។
ព្រះអង្គមានថេរដីការថា ព្រះអង្គ ជា វុទ្ធី ជាព្រះសង្ឃសកម្មក្នុងកិច្ចការសង្គម និងតែងតែឈឺឆ្អាលរឿងប្រទេសជាតិជាង១០ឆ្នាំមកហើយ ហើយព្រះអង្គក៏ជាអ្នកសារពត៌មានពលរដ្ឋថែមទៀតផង។យ៉ាងណាព្រះអង្គបញ្ជាក់ថា តាមពិតទៅការចាប់ផ្សឹកនេះអាចមកពីសំណេរព្រះអង្គ ជា វុទ្ធី រិះគន់រឿងបញ្ហាព្រំដែន សង្រ្គាមជាមួយសៀម ហើយក្រោយមកសំណេរនោះត្រូវលុបវិញហើយ កាលពីប៉ុន្មានថ្ងៃមុន។
ព្រះអង្គមានថេរដីការថា៖«ទាក់ទងនឹងរឿងបទចោទអត់ដឹងច្បាស់ដែរទេដោយសារតែយើង អត់ទាន់បានដឹងពត៌មានអីជាក់លាក់ទេ! ហើយមែនទែនទៅ ធ្លាប់បានជជែកលេងជាមួយព្រះអង្គវុឌ្ឍីបន្តិចដែរ (មុនការចាប់ខ្លួន) លោក គ្រាន់តែសង្ស័យខ្លួនឯងថា ប្រហែលជាគេចោទទាក់ទងនឹង រឿងការបញ្ជេញមតិ ពាក់ព័ន្ធនឹងរឿងព្រំដែន អាហ្នឹងអ្វីដែលលោកសង្ស័យខ្លួនឯង»។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ ការពារសិទ្ធិមនុស្សលីការដូ(Licadho) លោក អំ សំអាត ចាត់ទុក ការចាប់ផ្សឹកព្រះសង្ឈ ជា វុទ្ធី នេះថាជាការរំលោភបំពានសិទ្ធិសេរីភាពបញ្ចេញមតិធ្ងន់ធ្ងរ និងជាការរំលោភបំពានសិទ្ធិសាសនា។លោកបន្តថា ការបញ្ចេញមតិរឿងបញ្ហាសង្គមជាតិ និងព្រំដែន ជាសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយថា ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលកម្ពុជា មិនគួរបន្តចាប់ខ្លួនពលរដ្ឋ និងព្រះសង្ឃ ដែលឈឺឆ្អាលរឿងបាត់បង់ទឹកដីនោះទេ គឺគួរតែទទួលយកមតិរិះគន់ ដើម្បីជាចំណែក ក្នុងការស្វែងរកដំណោះស្រាយរួម។
លោកបន្តថា៖«អំឡុងពេលនៃសង្រ្គាមជម្លោះព្រំដែនរហូតមកដល់ពេលនេះ អាជ្ញាធរបានចាប់ខ្លួនប្រជាពលរដ្ឋជាច្រើន ដែលបានបញ្ចេញមតិពាក់ព័ន្ធបញ្ហាជម្លោះព្រំដែន ហើយតុលាការចោទប្រកាន់ ឃុំខ្លួន និងផ្តន្ទាទោសជាបន្តបន្ទាប់ ដែលយើងឃើញថា ការចាប់ ការឃុំខ្លួននេះ វាធ្វើឱ្យប៉ះពាល់សេរីភាព បញ្ចេញមតិជាពិសេសការរឹតត្បឹតលំហសេរីភាពបញ្ចេញមតិ។នៅក្នុងសង្គមប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិជាមូលដ្ឋានគ្រឹះមួយដើម្បីរិះគន់កែលម្អ បញ្ហាអសកម្ម របស់មន្រ្តីសាធារណៈ ឬក៏រិះគន់បញ្ហាផ្សេងៗទៀត។ទី២ ការបញ្ចេញមតិក្នុងការចូលរួមដើម្បីកែលម្អក្នុងមូលដ្ឋាន ឃុំសង្កាត់ ក៏ដូចជាបង្ហាញពីកង្វល់ និងបង្ហាញការព្រួយបារម្ភផ្សេងៗ»។
របាយការណ៍របស់អង្គការ ការពារសិទ្ធិមនុស្សលីកាដូ ស្តីពី «អ្នកជាប់ឃុំដោយប្រើសិទ្ធិ» បានកត់ត្រាចំនួនអ្នកទោសដែលកំពុងជាប់ពន្ធនាគារគិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ សរុបមានចំនួន៩៨នាក់។
របាយការណ៍ដដែលបញ្ជាក់ថា អាជ្ញាធរ និងស្ថាប័នអនុវត្តច្បាប់មួយចំនួន បន្តចាប់ ឃាត់ និងឃុំខ្លួន អ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដោយចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌមួយចំនួន ដោយសារតែភាពសកម្មនិយម ឬការបញ្ចេញមតិ របស់អ្នកទាំងនោះ។
អង្គការ លីកាដូ រួមជាមួយក្រុមអ្នកសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលមួយចំនួន អំពាវនាវឱ្យដោះលែងអ្នកទាំងនោះជាបន្ទាន់ និងលើកលែងចោលបទចោទប្រកាន់ប្រឆាំងពួកគេ ជាពិសេសត្រូវបើកផ្លូវឱ្យពួកគេបន្តភាពសកម្មនិយមរបស់ខ្លួន ដើម្បីឱ្យកម្ពុជាកាន់តែប្រសើរឡើង៕

