គណ​បក្ស​​ក្រៅ​រដ្ឋា​ភិ​បាល​​ពីរ​​ស្នើ​​ឱ្យ​​បញ្ចប់​និ​ទណ្ឌ​ភាព​ និង​​បើក​​លំ​ហ​​សេ​រី​ភាព​​បញ្ចេ​ញ​មតិ​

គណបក្សក្រៅរដ្ឋាភិបាល​ចំនួនពីរនៅកម្ពុជាបាន​អំពាវនាវជាថ្មីឱ្យបញ្ចប់វប្បធម៌និ​ទណ្ឌ​ភាព បើក​លំហ​សេរីភាព​​បញ្ចេញ​មតិ និង​ដោះលែង​អ្នក​ទោស​នយោបាយ​​​ អំឡុង​ពិធីបុណ្យ​រំលឹក​​ខួប​លើក​ទី២៩ឆ្នាំ​ នៃព្រឹត្តិ​ការ​ណ៍​គប់​​​គ្រា​ប់​បែក​​​ឆ្នាំ១៩៩៧​។

​គណបក្សភ្លើងទៀន និង​គណបក្សឆន្ទៈខ្មែរ ដែល​ស្ថិតនៅក្នុង​ “សម្ព័ន្ធភាព​ឆ្ពោះទៅ​​​អនាគត” បានអំពាវនាវ​ឱ្យ​​រដ្ឋាភិបា​បន្តស្វែង​រកជនដៃដល់​ ​​ផ្តល់​យុត្តិធម៌ដល់​ជនរងគ្រោះ​ និង​​​ក្រុម​គ្រួសារ​របស់ពួកគេ​ និងធានានូវ​សិទ្ធិ​សេរីភាព​ពេញលេញ​សម្រាប់​ពល​រដ្ឋ​​​គ្រប់ៗ​រូប​ក្នុងការ​ចូល​រួម​បញ្ចេញមតិ​​ ដើម្បី​កែលម្អរាល់​ភាព​អស​កម្ម​​​ក្នុ​ង​សង្គម​។​​ នេះបើ​យោង​តាម​សេចក្តីថ្លែងការណ៍រួមចុះ​ថ្ងៃទី​៣០​ ខែមីនា​ ឆ្នាំ​២០​២៦។​

សេចក្តី​ថ្លែង​ការណ៍​រួម​នេះ ក៏បាន​អំពាវនាវ​ឱ្យ​មាន​ការ​​ដោះលែង និងលើកលែងទោស​​ដល់​អ្នក​ជាប់​ឃុំ​ដោយ​​សារ​​ហេតុ​​ផល​នយោបាយ​គ្រប់រូបផងដែរ​​។​

សេចក្តីថ្លែងការណ៍សរសេរថា៖ “ការ​ដោះលែង​ និង​លើក​លែងទោស​នេះ គឺជា​ជំ​ហាន​​ដ៏សំខាន់​ក្នុង​ការ​កសាង​មូលដ្ឋាន​គ្រឹះ​ លទ្ធិ​ប្រជាធិបតេយ្យ​ សេរី ពហុបក្ស និង​​ការ​បង្រួប​បង្រួម​ជាតិ​ឱ្យ​រឹងមាំ”។​​​

កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ គ្រាប់បែកដៃយ៉ាងតិចចំនួន ៤ គ្រាប់ត្រូវបានគេគប់ចូលទៅក្នុងក្រុម​​បាតុករអហិង្សា ដែលដឹកនាំដោយលោក សម រង្ស៊ី នៅ​មុខអតីតរដ្ឋសភាជាតិ។ ជិតបីទសវត្សរ៍កន្លង​មកនេះ​​ ជនដៃដល់ពិតប្រាកដ និង​​អ្នក​​នៅពីក្រោយខ្នង នៅតែមិនទាន់ត្រូវបានវែកមុខយកមកផ្តន្ទាទោសនៅ​ឡើយ​។

លោក គីមសួរ ភីរិទ្ធ អ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន​បាន​ប្រាប់​ Press Start Cambodia នៅ​រសៀ​ល​​​ថ្ងៃ​​អ​ង្គារនេះ ថា គណបក្ស​​របស់​លោក​តែ​ងតែ​អំ​ពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​វែក​មុខ​ជនដៃដល់ និង​អ្នកនៅពីក្រោ​យ​​ ដើម្បី​យក​មក​កាត់​ទោស ​និង​រក​យុត្តិ​ធម៌ជូន​ជនរងគ្រោះ​ ដែល​ករណីនេះបាន​អូសបន្លាយ​ជិត​បីទសវត្សរ៍​មក​​ហើយ។

លោក​បន្តថា ការ​ខកខាន​មិនបាន​ស្វែង​រក​យុត្តិធម៌​ជូនជនរងគ្រោះ បង្ហាញ​ថា និទណ្ឌ​ភាពនៅតែបន្ត​មាន​នៅ​កម្ពុជា​ និង​បង្ហាញនូវភាព​ស្រអាប់​នៅចំពោះមុខ​ក្រ​សែ​​ភ្នែក​សាធារណៈ​ជន​ជាតិនិងអន្តរជាតិផងដែរ។

លោក​មាន​ប្រសាសន៍​ថា៖ “ទោះបីជាមានសង្ឃឹមមួយភាគរយយ៉ាងណាក៏ដោយ​ ក៏​យើងនៅតែទាមទាររកយុត្តិធម៌…​ពីព្រោះយុត្តិធម៌ប្រៀបបានដូចជាការពិត គ្រាន់​តែវាទាមទារពេលវេលាតែប៉ុណ្ណោះ”។​ លោកបន្តថា៖ “ចឹងយើងនៅតែធ្វើការ​ទា​ម​ទារ​ជារៀងរហូត ហើយខ្ញុំសង្ឃឹមថា ពេលវេលានឹងផ្ដល់នូវយុត្តិធម៌ពិតប្រា​ក​ដដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាជនរងគ្រោះ”

លោក ជា ធីរិទ្ធ អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា ​មាន​ប្រសាសន៍ថា ការ​លើ​ក​​ឡើង​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​​ គឺ​ជា​សារដដែលៗ ហើយ​លោក​ចាត់ទុក​ថា នេះជាការ​អនុវត្ត​​សិទ្ធិនៅ​ក្នុង​ប្រទេស​ដែល​មាន​សេរីភាព ​នៃការ​បញ្ចេញមតិ​។​

លោក​មាន​ប្រសាសន៍ថា៖ “យើងពិចារណាមើល បើកម្ពុជាគ្មានសិទ្ធិបញ្ចេញមតិ តើពួកគាត់អាចនិយាយពាក្យទាំងអស់ហ្នឹងបានឬក៏អត់? នេះជាចំណុចមួយដែលខ្ញុំចង់បញ្ជាក់”។

លោកបន្តថា រដ្ឋាភិបាល​ ដែល​ដឹកនាំដោយ​គណបក្សប្រជា​ជនកម្ពុជា​ ​ខិតខំប្រឹងប្រែងណាស់​ក្នុងការអនុវត្តច្បាប់ គឺមិនអនុញ្ញាតឱ្យមានអ្នកណាមួយនៅក្រៅច្បាប់ទេ ហើយថា ​បញ្ហា​និទណ្ឌភាពនេះ គឺកើត​ចេញ​ពី​ក្រុម​គណបក្ស​ប្រឆាំង​ខ្លួនឯងទៅវិញ​ទេ ដែល​តែងតែ​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជនឬមន្ត្រី​របស់ខ្លួន​ដោយ​​គ្មាន​លក្ខខណ្ឌនៅពេល​ប្រព្រឹត្តិខុស​ច្បាប់​។​

លោកមានប្រសាសន៍ថា៖ “វាច្បាស់ណាស់ វាមិនបានមួយរយភាគរយទេ ប្រ​ទេស​​ណាក៏ដោយ ក៏ប៉ុន្តែរដ្ឋាភិបាលគឺ បានខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវវប្បធម៌​ នៃការជន ដែលល្មើសឬក៏អ្នកប្រព្រឹត្តខុសច្បាប់ត្រូវតែទទួលខុសត្រូវចំពោះមុខ​​ច្បាប់ ដោយគ្មាននរណាមួយអាចរួចខ្លួនបានទេ”។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រនយោបាយ​យល់​ថា ការ​ថ្លែង​សារ​​រួម​​គ្នា​នេះ គឺជា​ចំណុច​វិជ្ជ​មាន​​​មួយ ដែលអ្នក​នយោបាយក្រៅរដ្ឋាភិបាល​​គួរ​ធ្វើ​ ដើ​ម្បី​​ជំ​រុញ​ឱ្យ​កម្ពុជា​មាន​​របប​ប្រជា​ធិបតេយ្យ​ពិតប្រា​កដ កុំឱ្យ​មាន​តែ​នៅក្នុង​រដ្ឋ​​ធម្ម​នុញ្ញ ប៉ុន្តែលោកថា ការងារនេះ​ទាម​ទារឱ្យ​មាន​សកម្មភាពជាក់ស្តែង​ ​ជា​ពិ​សេ​ស​​​គណបក្ស​ ដែល​មិន​ស្ថិត​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះយោបល់​ គួរ​​ចូលរួម​គាំទ្រ ដើម្បីធ្វើ​ឱ្យ​ការ​​អំ​ពាវ​នាវ​នេះ មាន​ឥទ្ធិពល​ថែមទៀត​។

លោកមាន​ប្រសាសន៍​ថា៖ “យ៉ាងហោចណាស់ គណបក្ស​ផ្សេងៗ ដែល​នៅក្រៅសម្ព័ន្ធ​ភាព​ ដែល​​មិន​ចូល​រួម​នៅក្នុងឧត្តម​​ក្រុម​ប្រឹក្សាពិគ្រោះយោបល់​ គួរ​មាន​សំ​ឡេង​​​តែ​​មួយ​ ដើម្បីឈរឬបើក​លំហ​សេរីភាព​នយោបាយ​របស់ខ្លួន​ឯងឡើងវិញ”។

ទោះបីជា​យ៉ាងណា ​លោកមិន​​រំពឹងថា ​គណបក្ស​កាន់អំណាចនឹង​ធ្វើ​តាមការ​អំ​ពាវ​​​នាវ​​នេះ​ទេ ដោយ​សារ វាមិន​មែនជា​សម្ពាធ ស្របពេលគណបក្ស​នយោ​បា​យ​មាន​​ច្រើន​​នៅ​កម្ពុជា​​ ប៉ុន្តែ​គណបក្ស ​ដែល​ចេញសារ​អំ​ពាវនាវ​ មាន​​តែពីរគណ​បក្ស​។​

លោកមានប្រសាសន៍ថា៖ “យើង​ឃើញថា សំឡេង​ខ្សោយ​ ការ​គាំទ្រនៅតិចតួច​ ខណៈ​​ពល​រដ្ឋ​​កម្ពុជា​​ហាក់ដូចជា​បាក់ស្បាត​ខ្លបខ្លាច មិនមាន​ទស្សនៈ ឬបញ្ចេញគាំ​ទ្រ​ទៅលើ​គណបក្ស​នយោបាយ​”

លោក​ ប៉ែន បូណា អ្នក​នាំពាក្យ​រដ្ឋាភិបាល​ មិន​អាចទាក់ទងសុំការ​អត្ថាធិប្បាយ​បាន​ទេ ដោយសារ​ការ​ហៅ​​ទូរស័ព្ទទៅ​​លោកពុំមាន​អ្នក​ទទួល​។​​

នៅក្នុង​របាយការណ៍​របស់ខ្លួន ​ចេញផ្សាយ​កាល​ពីខែ​កុម្ភៈ ឆ្នាំ​២០២៦ អង្គការ​លីកា​ដូ​​បាន​ចាត់​ទុក​ឆ្នាំ​២០​២៥​ គឺជា​ឆ្នាំ​ដ៏អាប់អួរ​ នៃសេរីភាព​ក្នុងការ​បញ្ចេញ​មតិ ដោ​យ​​រក​ឃើញថា យ៉ាងហោចណាស់​មាន​ពលរដ្ឋ​ចំនួន ​៨២នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ ចោទប្រកាន់​ និង​ឃុំខ្លួន​ បន្ទាប់ពី​ពួកគេ​បានបញ្ចេញមតិ​ និង​បង្ហាញការ​យល់​ឃើញ​របស់ខ្លួន​តាម​បណ្តាញ​សង្គម៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍