អ្នកកាសែតរាយការណ៍ពីបទល្មើសព្រៃឈើនិងបរិស្ថាន លោក អ៊ុក ម៉ៅ បង្ហាញការប្ដេជ្ញាចិត្តបន្តការងាររបស់ខ្លួនបន្តទៀត បន្ទាប់ពីលោកត្រូវបានតុលាការខេត្តស្ទឹងត្រែង សម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។
នៅថ្ងៃទី២៥ ខែឧសភា ម្សិលមិញ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចដោះលែងលោក អ៊ុក ម៉ៅ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីលោកបានជាប់ពន្ធនាគារអស់រយៈពេលជាមួយសប្តាហ៍ ក្រោមការចោទប្រកាន់ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ» ដែលប្រព្រឹត្តនៅអំឡុងខែឧសភា ឆ្នាំ២០២៤ និងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥។
លោក អ៊ុក ម៉ៅ ដែលទើបត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ បានទទូចឱ្យតុលាការទម្លាក់បទចោទប្រកាន់ទៅលើរូបលោក និងស្នើឱ្យតុលាការប្រគល់ទូរសព្ទដៃចំនួនពីរគ្រឿង ដែលបានរឹបអូសមកឱ្យលោកវិញផងដែរ។
លោកនិយាយថា៖ «ខ្ញុំសូមអង្វរគាត់ [តុលាការ] ឱ្យគាត់ទម្លាក់បទចោទ ដែលមន្រ្តី[បរិស្ថានខេត្តស្ទឹងត្រែង]ដែលភូតភរគាត់ សុំឱ្យតុលាការទម្លាក់បទចោទទៅ។ មូលហេតុអ្វីដែល [មន្រ្តី] បរិស្ថានគាត់ប្ដឹងខ្ញុំគឺអត់មានការពិតទេ ហើយពាក្យដែលខ្ញុំនិយាយគឺពិតបានខ្ញុំនិយាយ»។
បើតាមលោក ម៉ៅ ព្រះរាជអាជ្ញាបានប្រាប់លោកថា អ្នកដែលប្ដឹងលោក គឺមន្រ្តីបរិស្ថាននៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង តែមិនបានបញ្ជាក់អំពីឈ្មោះបុគ្គលនោះឡើយ។
ជាមួយគ្នានេះដែរ លោក អ៊ុក ម៉ៅ នៅមិនទាន់ដឹងថា លោកអាចបន្តការងារជាអ្នកកាសែតក្រោមស្ថាប័នសារព័ត៌មានឥន្រ្ទីផ្លើសញូស៍ដដែលឬយ៉ាងណានោះទេ។
តែលោកថា បើទោះបីជាចាងហ្វាង មិនបន្តការងារលោកទៀត ក៏លោកនឹងរកអង្គភាពសារព័ត៌មានផ្សេង ក្នុងការបន្តឆន្ទៈរាយការណ៍ព័ត៌មានពីបទល្មើសព្រៃឈើ និងបរិស្ថាន ដើម្បីការពារធនធានធម្មជាតិ ដែលមានសារសំខាន់សម្រាប់សង្គមនិងមនុស្សជំនាន់ក្រោយ។
លោកនិយាយថា៖ «មូលហេតុដែលខ្ញុំចង់បន្តទៀត ខ្ញុំធ្វើហ្នឹងមិនមែនធ្វើដើម្បីក្រុមគ្រួសាររបស់ខ្ញុំ មិនមែនធ្វើដើម្បីបុគ្គលរបស់ខ្ញុំ គឺខ្ញុំធ្វើដើម្បីប្រទេសជាតិខ្ញុំ ដែលធនធានធម្មជាតិរបស់ខ្ញុំដែលកំពុងលិចលង់ដោយសារតែឈ្មួញ គាត់ប្រព្រឹត្តអាឈើលក់តាមតែទំនើងចិត្ត ពាក់ព័ន្ធជាមួយមន្រ្តីតូចតាច នៅក្រោមវាគប់គិតគ្នាដែលបំផ្លាញព្រៃឈើសព្វថ្ងៃ»។
នៅមុនការដោះលែងលោក ម៉ៅ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននេះ អង្គការសង្គមស៊ីវិល ស្ថាប័នការពារអ្នកកាសែតក្នុងស្រុក និងតំបន់ កាលពីសប្តាហ៍មុន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យអាជ្ញាធរទម្លាក់បទចោទ និងដោះលែងអ្នកកាសែតរាយការណ៍ពីបរិស្ថាន លោក អ៊ុក ម៉ៅ ដោយឥតលក្ខខណ្ឌនិងជាបន្ទាន់ រួមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការនិងការគំរាមកំហែងប្រឆាំងអ្នកសារព័ត៌មានដទៃទៀត។
អង្គការសង្គមស៊ីវិលទាំងនោះ បានអះអាងថា ការចាប់ខ្លួននិងចំណាត់ការផ្លូវច្បាប់លើលោក ម៉ៅ ជាផ្នែកមួយនៃការបំភិតបំភ័យនិងបំបិទសំឡេងអ្នកសារព័ត៌មាន និងអ្នកការពារបរិស្ថាននៅកម្ពុជា ខណៈចំណាត់ការច្បាប់នេះ កើតមានឡើង ក្រោយពីលោក ម៉ៅ បានរាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។ ពួកគេបានសម្ដែងក្ដីព្រួយបារម្ភ និងបានចាត់ទុកការចាប់ខ្លួនអ្នកការសែតផ្នែកបរិស្ថានលោក អ៊ុក ម៉ៅ ថាជា «ការចាប់ខ្លួនដោយមិនត្រឹមត្រូវ» និងស្នើឱ្យមានការធានាសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាននិងការការពារអ្នកសារព័ត៌មាន។
ក្រៅពីនេះ ក៏មានពលរដ្ឋមួយចំនួនដែលតែងតែឈឺឆ្អាលបញ្ហាសង្គមនៅលើបណ្ដាញសង្គម បានសម្ដែងក្ដីអាណិតអាសូរចំពោះលោក ម៉ៅ ដែលត្រូវបានចាប់ខ្លួនផងដែរ។ ជាក់ស្ដែងគណនេយ្យហ្វេសប៊ុក «Phalla Phorn» បានចាត់ទុកលោក ម៉ៅ ជាសកម្មជនការពារព្រៃឈើ និងជាអ្នកដែលឈឺឆ្អាលអំពីការកាប់បំផ្លាញព្រៃឈើ ខណៈលោក ម៉ៅ ក៏កំពុងមានជីវភាពខ្សត់ខ្សោយ។ គណនេយ្យនេះ ក៏បានសរសេរចោទជាសំណួរថា «អ្នកការពារព្រៃឈើពិតប្រាកដគឺត្រូវបានចាប់ខ្លួនបែបដូច្នេះមែន»?។
លោកទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងថា ការបន្តការងារជាអ្នកសារព័ត៌មានជាសិទ្ធិរបស់លោកអ៊ុក ម៉ៅ។ យ៉ាងណា លោក អស្នារិទ្ធ បានប្រាប់ឱ្យលោក ម៉ៅ ត្រូវចុះឈ្មោះត្រឹមត្រូវ ដើម្បីទទួលបានបណ្ណអ្នកសារព័ត៌មានពីក្រសួងព័ត៌មាន។
បើតាមអ្នកនាំពាក្យរូបនេះ លក្ខខណ្ឌទទួលបានបណ្ណសម្គាល់ខ្លួនរបស់អ្នកកាសែត តម្រូវឱ្យអ្នកកាសែតដែលស្នើសុំនោះ គឺមិនត្រូវជាប់ពាក់ព័ន្ធនឹងសំណុំរឿងរបស់តុលាការឡើយ។
លោកបាននិយាយថា៖ «សម្រាប់លក្ខខណ្ឌទទួលបានបណ្ណសម្គាល់អ្នកសែត យើងខ្ញុំបានបញ្ជាក់តាមសេចក្ដីថ្លែងការណ៍កន្លងទៅហើយ គឺតម្រូវឱ្យអ្នកសារព័ត៌មានដែលស្នើសុំត្រូវបង្ហាញលិខិតថ្កោលទោស គឺមិនត្រូវជាប់ទាក់ទងនឹងវិវាទផ្សេងៗ ឬក៏ជាប់ទៅក្នុងនីតិវិធីតុលាការឡើយ»។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសាទរចំពោះការដោះលែងលោក អ៊ុក ម៉ៅ ឱ្យបាននៅក្រៅឃុំ ដែលលោកចាត់ទុកថា នេះជាជំហានដំបូងក្នុងការផ្ដល់យុត្តិធម៌ដល់រូបគាត់ ចំពោះការប្រឹងប្រែងក្នុងការផ្សាយព័ត៌មានដែលបានកើតឡើងនៅមូលដ្ឋានឱ្យឮដល់អ្នកដឹកនាំ។
លោកបន្តថា៖ «ខ្ញុំនៅតែទទូចថា សូមឱ្យតុលាការពិនិត្យចំពោះអ្វីដែលចោទប្រកាន់លើលោក អ៊ុក ម៉ៅ ហើយសុំឱ្យទម្លាក់ចោលនូវរាល់បទចោទប្រកាន់ទៅលើរូបគាត់ទាំងអស់ ដែលកើតមានកន្លងមក»។
នៅដើមខែឧសភា អង្គការនេះ បានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជា នៅឆ្នាំ២០២៥ ចំនួន១០លេខ គឺពីចំណាត់ថ្នាក់ទី១៥១ នៅឆ្នាំ២០២៤ មកនៅចំណាត់ថ្នាក់ទី១៦១ ក្នុងឆ្នាំ២០២៥។ ការទម្លាក់ចំណាត់ថ្នាក់នេះ ដោយផ្អែកលើចំណុចសំខាន់ៗមួយចំនួន រួមមានបរិយាកាសនៃប្រព័ន្ធផ្សព្វផ្សាយ បរិបទនយោបាយ សង្គម ក្របខណ្ឌច្បាប់ និងបញ្ហាសុវត្ថិភាពជាដើម៕