ក្រុម​​ហ៊ុន​​ម៉ូ​រី​​សុន​​កាក់​ប្រ​កាស​​​ទូ​​ទាត់​​​សំ​​ណង​​ដល់​​អតិ​​ថិ​​ជន​​របស់​​ធនា​​គារ​​ផេន​​ដា​នៅ​​​ដើម​​​ខែ​​​មេ​​សា​

ក្រុមហ៊ុនម៉ូរីសុនកាក់ ជា​ក្រុម​ហ៊ុន​ជម្រះបញ្ជីធនាគារ ផេនដា ខមមើសល​ ប៊ែង ម.ក ប្រកាស​ទូទាត់​សំ​ណង​​​ដល់អ្នកដាក់ប្រាក់បញ្ញើទៅ​តាម​ដំណាក់​កាល​​ចាប់​ពី​​ដើម​ខែមេសា​នេះទៅ​  ក្រោយពីបានពិភាក្សាជា​មួយធនាគារជាតិ​ នៃកម្ពុជា។

នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនម៉ូរីសុ​នកាក់ ចេញសេចក្តីជូនដំណឹងមួយ​ប្រកាស​ផ្តល់សំ​ណង​​ជូន​អតិ​ថិ​ជនរបស់​ធនាគារ ផេនដា​ ហើយ​ការ​ទូទាត់​សំណងនេះ នឹងត្រូវ​ធ្វើឡើងច្រើនវគ្គ ដោយហេតុ​ថា ការជម្រះបញ្ជី​នៅ​មិន​ទាន់​បាន​ចប់​សព្វគ្រប់នៅឡើយ ខណៈអ្នកជម្រះបញ្ជីបានបំប្លែងទ្រព្យសកម្ម​របស់ធនា​គារ​ទៅ​ជាសាច់ប្រាក់បានខ្លះ ដែលអាចទូទាត់សងអតិថិជនមួយចំណែកសិន។

សេចក្តី​ជូន​ដំណឹង​ដដែល​បញ្ជាក់ថា វគ្គទី១នេះ អ្នកដាក់ប្រាក់បញ្ញើ ដែលបានដាក់ពាក្យស្នើសុំផ្តល់សំ​ណង​​ត្រូវ​មកទទួលសំណង ចាប់ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅការិយាល័យដែលមានទីតាំងនៅខណ្ឌ​​ទួល​គោក។

សេចក្តី​ជូន​ដំណឹងនេះបន្ថែមទៀត​ថា ការផ្តល់សំណង នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការផ្ទេរតាមធនាគារចំ​ពោះ​អ្នក​ដាក់ប្រាក់បញ្ញើ​ ដែល​បាន​ផ្តល់​ព័ត៌មាន​គណនីធនាគារ និង​តាមរយៈ​ការផ្តល់សំណងដោយផ្ទាល់​​នៅ​អាស័យដ្ឋានខាងលើចំពោះអ្នកដែលពុំបានផ្តល់ព័ត៌មានធនាគារក្នុងពាក្យស្នើសុំទារសំណង។

​តាម​រយៈ​​សេចក្តីជូនដំណឹង​នេះ ក្រុមហ៊ុន​ម៉ូរីសុនកាក់ បញ្ជាក់ថា ការទូទាត់​សំណង​ដល់​អ្នកដាក់ប្រាក់បញ្ជើ​នឹង​ត្រូវបន្តអនុវត្ត ពេលដែលទ្រព្យសកម្មរបស់ធនាគារត្រូវបានបំប្លែងជាសាច់ប្រាក់ជាបន្តបន្ទាប់។

ក្រុមហ៊ុន​ម៉ូសីសុនកាក់ក៏បាន​ក្រើន​រំឭក​​​សាធារណៈជនឱ្យ​មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោករបស់​ជនឆ្លៀតឱកាសមួយចំនួន ដែលអះអាង ឬធានាសម្របសម្រួលជួយផ្តល់សំណងផ្សេងៗដល់អតិ​ថិ​ជនរបស់ធនាគារ ដោយតម្រូវ​ឱ្យ​បង់កម្រៃសេវា​ផ្សេងៗ ឬទទួលយកសំណងក្នុងទំហំទឹកប្រាក់ណាមួយ​ ហើយ​ថា មានតែក្រុមហ៊ុនម៉ូរីសុនកាក់ប៉ុណ្ណោះ​ ដែលជាអ្នកជម្រះបញ្ជីស្របច្បាប់សម្រាប់អនុវត្តនីតិ​វិធីជម្រះបញ្ជីធនាគារផេនដា និង​មានសិទ្ធិចាត់ចែងទ្រព្យសម្បត្តិ និងបំណុលនានារបស់ធនាគារស្រប​​ច្បាប់ និងបទបញ្ញត្តិនានាជាធរមាន៕

អត្ថបទគួរឱ្យចាប់អារម្មណ៍