ធនាគារជាតិ នៃកម្ពុជាជូនដំណឹងដល់សាធារណៈជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីការឆបោកតាមប្រព័ន្ធអនឡាញ បន្ទាប់ពីរកឃើញកម្មវិធី PAI ឬ PaiPay កំពុងដំណើរការ ដោយពុំមានអាជ្ញាបណ្ណពីធនាគារជាតិ នៃកម្ពុជា។
តាមសេចក្តីប្រកាសចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ ធនាគារជាតិ នៃកម្ពុជា បានរកឃើញថា មានកម្មវិធីទូទាត់ចល័ត PAI ឬ PaiPay កំពុងដាក់ឱ្យដំណើរការលើផ្លេតហ្វមតេឡេក្រាម ដែលមានលក្ខណៈជា Chat Bot និងអាចទាញយកពី App Store និង Google Play Store។
ធនាគារជាតិ នៃកម្ពុជាបញ្ជាក់ទៀត កម្មវិធីនេះមានមុខងារបង្កើតគណនី (Wallet) ដាក់ប្រាក់ចូល ផ្ទេរប្រាក់ និងទូទាត់សងប្រាក់ ដោយមិនមានការគ្រប់គ្រងត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច និងត្រូវបានផ្សាយពាណិជ្ជកម្មតាមរយៈបណ្តាញសង្គមតេឡេក្រាម និងនៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុផងដែរ។
ធនាគារជាតិ នៃកម្ពុជាបន្តទៀតថា កម្មវិធី PAI ឬ PaiPay នេះ ពុំមែនជាកម្មវិធីទូទាត់ចល័តរបស់គ្រឹះស្ថាន ដែលមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជានោះទេ។
សេចក្តីប្រកាសព័ត៌មាននេះសរសេរថា៖ “សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់អំពីការឆបោកតាមអនឡាញ ដែលអាចបណ្តាលឱ្យប្រឈមនឹងហានិភ័យដោយប្រការណាមួយ”។
សេចក្តីប្រកាសព័ត៌មានដដែលនេះបន្ថែមថា ធនាគារជាតិក៏បាននឹងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការស្រាវជ្រាវ និងបង្រ្កាបការផ្សព្វផ្សាយមិនស្របច្បាប់របស់កម្មវិធីមួយនេះផងដែរ៕

