ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលើកឡើងពីសារៈសំខាន់នៃវត្តមាន និងបេសកកម្មរបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) ខណៈបញ្ជាក់ជាថ្មីពីការបន្តគោរពតាមច្បាប់អន្តរជាតិ និងការដោះស្រាយដោយសន្តិវិធី ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។
ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងថា កម្ពុជាស្វាគមន៍ការលើកឡើងរបស់មជ្ឈមណ្ឌលព័ត៌មានរួម កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ដែលកម្ពុជាបានអនុវត្តជាបន្តបន្ទាប់។
សេចក្តីថ្លែងការណ៍ដដែលនេះក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃវត្តមានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ក្នុងការតាមដាន និងធានាការអនុវត្តកិច្ចព្រមព្រៀងពាក់ព័ន្ធហើយថា កម្ពុជានៅតែបុរេសកម្ម ក្នុងការពង្រឹងបណ្តាញទំនាក់ទំនងដោយផ្ទាល់ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
ក្រសួងក៏បានសង្កត់ធ្ងន់ថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការបច្ចេកទេសសំខាន់សម្រាប់កំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ ហើយកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចាប់ផ្តើមការងារវាស់វែង ដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រ និងផែនទីដែលមានការព្រមព្រៀងរួចមកហើយ។
ជាមួយគ្នានេះ កម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការបន្តការពិភាក្សាតាមយន្តការ ដែលមានស្រាប់ រួមមាន JBC គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (RBC) ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាក៏បានអំពាវនាវឱ្យមានការវិវត្តពីកិច្ចសន្ទនាការទូតទៅជាការអនុវត្តជាក់ស្តែង ដើម្បីធានាសន្តិភាពយូរអង្វែងនៅតាមព្រំដែន។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញផ្សាយក្នុងពេលដែលមានការចាប់អារម្មណ៍ពីសាធារណជន និងសារព័ត៌មាន ចំពោះការវិវត្តថ្មីៗជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។ រដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ជំហរថា ការដោះស្រាយជម្លោះត្រូវអនុវត្តតាមយន្តការដែលមានស្រាប់ និងច្បាប់អន្តរជាតិ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ៕

