ក្រ​​សួង​​​អប់​​​​រំ​​​ណែ​​​នាំ​​​​ឱ្យ​​​​ពង្រឹង​​​បទ​​​បញ្ជា​​​ផ្ទៃ​​​​ក្នុង​​តាម​​​​គ្រឹះ​​​ស្ថាន​​​រដ្ឋ​ ​ដើ​ម្បី​​​​​លើក​​​​កម្ពស់​​​​​ចរិ​​​យា​​សម្ប​​​​ទា​​​របស់​​​​​សិស្ស​​​​​​

ដោយៈ

Press Start Cambodia Avatar

ក្រ​សួង​អប់​រំ យុវជន​ និង​កីឡា ​ដាក់ចេញវិធានការ​ពង្រឹង​បទ​បញ្ជាផ្ទៃក្នុងតាម​គ្រឹះស្ថានសាធារណៈ​ ដើម្បីលើកកម្ពស់​ចរិយា​សម្បទា​របស់​សិស្សានុសិស្ស​ ស្របពេល​​មាន​ការ​បារម្ភ​​អំពី​ការ​​ធ្លាក់ចុះ​សីលធម៌​របស់​សិស្សា​​នុ​សិស្សមួយ​ចំនួននៅ​តាម​សាលារៀន។

តាម​រយៈ​សេចក្តីណែនាំចុះ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៦ ​​ក្រសួង​អប់​រំបាន​កំណត់​ឱ្យ​គ្រឹះ​ស្ថាន​​សិក្សា​ចំ​ណេះ​​ទូទៅ​សាធារណៈពង្រឹង​ការ​អនុវត្ត​បទ​បញ្ជាផ្ទៃ​ក្នុង​ ដោយ​ទាម​ទារ​ឱ្យ​មាន​ការ​បង្កើត​គណៈ​កម្មការ​គ្រប់គ្រង​សាលា​រៀន ​ទំនាក់​ទំនង​ជាមួយ​មា​តា​បិតា​ ឬអាណាព្យាបាល​សិស្ស​ឱ្យ​បាន​ទៀត​ទាត់​ បង្កើត​ក្រុម​​ប្រឹក្សា​កុមារ និង​ក្រុម​ប្រឹក្សា​យុវជន​ និងបង្កើត​ក្រុម​ប្រឹក្សា​វិន័យ​ ដើម្បី​ផ្តល់​ការ​លើកទឹកចិត្ត​ឬដាក់​ទណ្ឌកម្មខាងវិន័យ​ដល់អ្នក​សិក្សា​ ដែល​អនុវត្ត​ល្មើស​បទបញ្ជា​ផ្ទៃក្នុង​ ឬប្រាសចាក​ពីសីលធម៌។​

សេចក្តីណែនាំដដែលនេះក៏តម្រូវ​ឱ្យ​រាយការណ៍​ពី​សកម្មភាព​មិន​ប្រក្រតី ឬបទល្មើស​ ដែល​បាន​កើត​ឡើង​​ក្នុង​គ្រឹះ​ស្ថាន​សិក្សា​ជូន​ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋ​បាល​ក្រុង​ ស្រុក​ ខណ្ឌ និង​មន្ទីរ​អប់​រំ​យុវ​ជន​ និង​កីឡា​រាជធានី ខេត្ត​ ចាត់វិធានការ​រដ្ឋ​បាល និង​អាចដាក់​ទណ្ឌ​កម្ម​ឈាន​ដល់​ការ​លុប​ឈ្មោះ​ចេញ​ពី​សា​លា​រៀន​ និង​អនុវត្ត​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ករណីក្មេងទំនើ​ង។​

សេចក្តីណែនាំនេះ ធ្វើ​ឡើង​ ស្របពេល​មាន​ការ​ចែក​រំលែក​តាម​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់​​អំពី​ករណីហិង្សា​​​ក្នុងចំ​ណោម​សិស្សានុសិស្ស​ ដែល​ក្នុង​នោះ​មាន​ចែក​រំលែក​វីដេអូមួយកាល​ពីពាក់​កណ្តាល​ខែមីនា​ ដែលបង្ហាញ​រូបភាព​យុវតី​ ៣នាក់ បាន​ប្រើ​ហិង្សា​លើ​សិស្សស្រីម្នាក់​ទៀតដែល​ជា​មិត្ត​រួម​ថ្នាក់​​។ កាល​ពីខែ​កុម្ភៈ ឆ្នាំ​២០២៦ ក៏មាន​ការ​ចែក​រំលែក​​វីដេអូហិង្សា​មួយករណី​នៅសាលារៀន​មួយ​ក្នុង​ខេត្តព្រះសី​ហនុ ដែល​ក្នុង​នោះ យុវ​សិស្សម្នាក់​បាន​យកដំបងវាយក្បាលសិស្សប្រុសម្នាក់ទៀតបណ្តាលឱ្យរបួសក្បាលធ្ងន់ធ្ងរ​។

លោកគ្រូបង្រៀនម្នាក់នៅសាលាបឋម​សិក្សា​មួយ​នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ បានប្រាប់ Press Start Cambodia នៅថ្ងៃទី១៩ ខែមីនាថា សាលារប​ស់​លោកកំពុង​អនុវត្ត​តាមសេចក្តីណែនាំ​របស់​ក្រ​សួងអប់រំ ដូចជាការ​បង្កើត​គណៈគ្រប់​គ្រងថ្នាក់រៀនឱ្យមានប្រសិទ្ធភាព ដែលផ្សាភ្ជាប់រវាងសា​លា​និងអា​ណា​​​ព្យា​បាល​របស់សិស្ស។ លោក​បន្តថា ចំពោះការបង្កើតនេះដែរ គឺមានចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី ៦ ដើម្បីឱ្យការអប់រំក៏ដូចជាការបណ្តុះបណ្តាលមានប្រសិទ្ធិភាពនិង​ឆ្លើយតបទៅនឹងទស្សនៈវិស័​យរបស់ក្រសួងអប់រំ​។

លោក​គ្រូបាន​មានប្រសាសន៍ថា៖ “យើង​រៀ​បចំរួចរាល់ហើយ។ បច្ចុប្បន្ននេះ យើងកំ​ពុងរៀបចំហេដ្ឋារច​នា​សម្ព័ន្ធបិទផ្សាយជាសាធារណៈ ដើម្បីឱ្យដឹងអំពីសមាសភាព​ក្នុងគណៈកម្មការគ្រប់គ្រងសាលារៀន ក៏ដូចជាតួនាទីរបស់ពួកគាត់ ”។​

គ្រូបង្រៀន​រូបនេះ​ក៏បាន​សម្តែង​ការ​ព្រួយ​បារម្ភផងដែរជុំវិញ​ការ​ធ្លាក់ចុះ នៃសិលធម៌ និង​ការ​កើន​ឡើង​នូវ​ក្មេង​​ទំនើ​ង​នា​ពេលបច្ចុប្បន្ន​ បើធៀបនឹងពេល​លោកនៅ​ជា​សិស្សអនុវិទ្យាល័យ​​ ដោយលោក​កត់​សម្គាល់​លើ​មូលហេតុ ២យ៉ាង គឺ​ទី១ ការវិវឌ្ឍ​ នៃបច្ចេក​វិទ្យា និង​ទី២ កត្តាអប់រំ។

លោកមានប្រសាសន៍ថា៖ “ក្មេងទំនើងមានការកើនឡើងគួរឱ្យចាប់អារម្មណ៍ ដោយ​សាកត្តា ទី១ គឺបញ្ហា​សង្គមមានការវិវឌ្ឍ​ទៅមុខកាន់តែលឿន បច្ចេកវិទ្យាដើរលឿនជាងសីលធម៌។ ទី២គឺ ការអប់រំនៅមានកម្រិត ដោយសាលារៀនមួយចំនួនកាត់បន្ថយវិន័យ និងការដាក់ទណ្ឌកម្មទៅលើសិស្ស”

លោកក៏បាន​អំពាវនាវទៅកាន់អាណាព្យាបាលសិស្សឱ្យ​ចូលរួមសហការជាមួយសាលារៀនក៏ដូចជាអ្នកគ្រូ លោកគ្រូ នៅពេល ដែលមានបញ្ហាកើតឡើងជៀសវាងការទម្លាក់​កំហុសឱ្យគ្នាទៅវិញទៅមក។

លោក សាន ម៉េងលី គ្រូបង្រៀននៅ​សាលា​បឋមសិក្សាឈើទើនៅខេត្តកំពង់ចាម បាន​មាន​ប្រសា​សន៍​​​ថា​ ខាងសាលារបស់លោកក៏កំពុងតែធ្វើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ​ផងដែរ​ ហើយ​ថា បញ្ហា​ក្មេង​ទំនើង​នេះ គឺជា​ក្តីបារម្ភ​ដ៏ធំ​របស់​គណៈ​គ្រប់គ្រង​សាលា​។​

លោក​ ម៉េងលី បន្ត​ថា កម្រិតសិស្សដែលពិបាកគ្រប់គ្រងខ្លាំងនោះ គឺកម្រិតអនុវិទ្យា​ល័យ ថ្នាក់ទី ៧ ៨ និងទី​៩ ដែលលោកគ្រូអ្នកគ្រូតែងតែត្អូញត្អែរ​ អំឡុង​ពេល​ប្រជុំ​ អំពីផលពិ​បាក​ នៃការគ្រប់គ្រង។
លោកមានប្រសាសន៍ថា៖«លោកគ្រូអ្នកគ្រូខ្លះគាត់សម្រក់ទឹកភ្នែកដោយគាត់ថា ពិ​បាក​ក្នុងការអប់រំសិស្ស តែគាត់មិនបោះបង់ទេ គឺគាត់នៅតែមកបង្រៀនបំពេញកា​តព្វ​កិច្ច​របស់​គាត់​ធម្មតា»

គ្រូបង្រៀននៅខេត្តកំពង់ចាមរូបនេះក៏ទទូច​ឱ្យ​អាណាព្យាបាលសិស្សចូល​រួម​ជួយពង្រឹងចរិយាសម្បត្តិ ឥរិយាបទរបស់សិស្ស ដោយមិនគួរចាំតែបន្ទោសគ្រូបង្រៀននោះទេ។

លោក ហោ សុខុម អាយុ៤៣ឆ្នាំ មុខរបរលក់បន្លែនៅផ្សារបឹងកេងកង ជាអាណាព្យាបាលមួយរូបបាននិយាយថា លោកមានការបារម្ភចំពោះកូនរៀនថ្នាក់ទី១១ ដែលកំពុងរស់នៅជាមួយជីដូន នៅស្រុកកំ​ណើត​ខាងល្វាអែម ដោយខ្លាចសេពគប់មិត្តភក្តិមិនល្អ។

លោកនិយាយថា ៖ “បារម្ភដែរ បារម្ភពីកូនរៀននៅស្រុក។ ចឹងយើងអត់បាននៅជាមួយកូនទេ យើងឃើ​ញ​ ចេះទូន្មានប្រាប់វា (កូន) ចេះតែតេសួររហូតខ្លាចវាដើទៅចំមិត្តភ័ក្តិហ្នឹង បារម្ភកូនដើរខុសផ្លូវ“

អ្នកប្រកបរបររត់កង់បីនៅរាជធានីភ្នំពេញ លោក បៀវ ប៊ុនសេន វ័យ៤១ឆ្នាំ មានកូនប្រុសស្រី៣​នាក់​ក្នុងបន្ទុក ដែល​កំពុងរស់នៅជាមួយគ្រួសារក្នុងខេត្តស្វាយរៀង ដែលជាស្រុកកំណើត បាននិយាយ​​ថា លោ​ក​ត្រេក​អរ និងសប្បាយចិត្ត នៅ​ពេលដឹងថា ក្រសួងអប់រំបាន​ចេញ​វិធានការ​ណែនាំឱ្យតាមគ្រឹះស្ថានសិក្សា​សា​ធារណៈពង្រឹងបទបញ្ជាផ្ទៃក្នុង និងសណ្ដាប់ធ្នាប់នៅ​តាម​សាលារៀន ព្រោះមានកូនៗកំពុងរៀន​នៅសា​លា​រៀនរដ្ឋ។ លោក​បន្តថា កូនប្រុសបង​អាយុ១២ឆ្នាំរៀននៅថ្នាក់ទី ៧ ហើយកូនស្រីអាយុ១០ឆ្នាំ រៀនថ្នាក់​ទី៤ និងកូនប្រុសពៅអាយុ៨ឆ្នាំ រៀន​ថ្នាក់ទី២។

លោកនិយាយ​ថា៖« មានថ្ងៃមួយគេបានប្រាប់ខ្ញុំថា កូនខ្ញុំត្រូវបានគេព័ទ្ធវាយ ខ្ញុំភ័យដែរព្រោះកូនខ្ញុំមិនដែលចេះទៅរករឿងគេទេ។ កូនខ្ញុំរៀនឆ្លាតជាប់លេខ ១ តាំងពីថ្នាក់ទីមួយដល់ទីប្រាំ ធ្វើឱ្យលោកគ្រូ អ្នកគ្រូ​ស្រឡាញ់។ ចឹងហើយគេច្រណែនចេះតែព័ទ្ធវាយ ចឹងខ្ញុំបារម្ភដែរ”​។

ដោយឡែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញ​ទស្សនវិជ្ជា និងកិច្ច​ការ​សង្គមនៃរាជបណ្ឌិត្យ​សភា​កម្ពុជា​ សន្និដ្ឋានជារួមថា បញ្ហា​សិលធម៌និង​ករណីហិង្សានៅសាលា កើតឡើងបណ្តាល​មកពីភាព​ចន្លោះប្រហោងមួយ​នៃការគ្រប់គ្រងក្នុងសាលា មក​ពី​អាណាព្យាបាល បូករួម​ការសេពគប់ខុស និងបញ្ហាក្នុងមូល​ដ្ឋានមួយចំនួន ដែលធ្វើឱ្យក្មេងៗទាំងនោះ ងាយជួបជុំគ្នាធ្វើរឿងមិនសមគួរផ្សេងៗ។

លោកបណ្ឌិតមាន​ប្រសាសន៍​ថា៖« ការព្រួយបារម្ភរបស់សង្គម គឺថា តើធនធានមនុស្សប្រភេទបែបណា បើសិនក្មេងជំនាន់ក្រោយធ្លាក់ចុះនូវសីលធម៌ផ្សេងៗនៅក្នុងសាលារៀនទៅហើយនោះ»

ទោះបីជា​យ៉ាងណា លោកបណ្ឌិត ឈត ប៊ុនថង យល់ថា ​សេចក្តីណែនាំនេះ បង្ហាញ​ថា ក្រសួងអប់រំយុវ​ជន និងកីឡាកំពុង​តាមដានករណីអំពើហិង្សាយ៉ាងយកចិត្តទុកដាក់និងឆ្លើយតបតាមស្ថានការណ៍ទាន់ពេល​​​វេលា។

លោកបន្ថែមថា«ក្រសួងអប់រំ យុវជន និងកីឡាចេញសេចក្តីណែនាំឱ្យមានការយកចិត្តទុកដាក់អំពីបញ្ហាដែលកើតឡើងថ្មីៗ ជាពិសេសបានចង្អុលបង្ហាញឱ្យរៀបចំក្រុមការងារ ដើម្បីទប់ស្កាត់ករណីហិង្សាឬក៏ការធ្លាក់ចុះនូវការគោរពសីលធម៌នៅតាមសាលាបង្ហាញថា ក្រសួងអប់រំ យុវជន និងកីឡារួមចំណែកតាមដានទាំងរបាយការណ៍ និងតាមបណ្តាញសង្គមក្តី និងចាត់វិធានការភ្លាមៗឆ្លើយតបទៅតាមស្ថានការណ៍ ដែលកំពុងកើតឡើង»

Press Start Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានទេ ដោយសារ​ទូរស័ព្ទ​ចូល​ពុំមានអ្នកទទួល៕​

អត្ថបទដោយ៖ រ៉ា ជឺយ៉ាង និង ផុន លីហ្សា

អត្ថបទគួរឱ្យចាប់អារម្មណ៍