រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានច្រានចោលនិងចាត់ទុកហេតុផល និងអនុសាសន៍ស្នើលុប MOU ៤៣ ឆ្នាំ២០០០ របស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ ជាការលើកឡើង ដែលគ្មានមូលដ្ឋានត្រឹមត្រូវ និងផ្ទុយពីច្បាប់អន្តរជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបដិសេធការលើកឡើងរបស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ហើយថា ការលើកឡើងនេះ មានចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផល ដែលសម្រេចបានដោយគណៈកម្មការ JBC របស់ភាគីទាំងពីរនាពេលកន្លងមក។
សេចក្តីប្រកាសព័ត៌មានដដែលបានលើកឡើងថា MOU ឆ្នាំ២០០០ បានចូលជាធរមាន ត្រូវបានចុះបញ្ជីនិងតម្កល់នៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ហើយថា MOU ឆ្នាំ២០០០ មានលក្ខណៈជាសន្ធិសញ្ញាឬកិច្ចព្រមព្រៀងទ្វេភាគីស្តីពីព្រំដែន ដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងមានសារៈសំខាន់សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការគណៈកម្មការ JBC។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបន្តថា ភាគីថៃមិនអាចប្រើប្រាស់ហេតុផលច្បាប់ និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ជាមធ្យោបាយ ដើម្បីលុប MOU ដែលជាសន្និសញ្ញាពាក់ព័ន្ធនឹងព្រំដែន ហើយ MOU ឆ្នាំ២០០០ នេះផ្តល់សមត្ថកិច្ច និងសិទ្ធិអំណាចពេញលេញដល់គណៈកម្មការ JBC នៃភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើមូលដ្ឋានអនុសញ្ញាបារាំង-សៀម ១៩០៤ សន្និសញ្ញាបារាំង-សៀម ១៩០៧ រួមទាំងផែនទី ដែលជាលទ្ធផល នៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម បែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ និងកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC របស់ភាគីទាំងពីរ។
សេចក្តីប្រកាសព័ត៌មាននេះលើកឡើងថា ភាគីកម្ពុជាតែងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនតាមគ្រប់មធ្យោបាយដោយសន្តិវិធី រួមទាំងយន្តការទ្វេភាគី ដែលមានស្រាប់ និងត្រៀមខ្លួនជាស្រេច ដើម្បីបន្តជំរុញការអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែងជាមួយភាគីថៃឱ្យបានចប់ជាស្ថាពរក្នុងគោលដៅរក្សាសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
សេចក្តីប្រកាសព័ត៌មាននេះបន្ថែមថា ការលុប MOU ឆ្នាំ២០០០ ដោយហេតុផលណាមួយ គឺមិនត្រឹមត្រូវ និងរំលោភច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ប៉ុណ្ណោះទេ ថែមទាំងបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយ ដែលមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍បានឡើយ៕

