ក្រសួងបរិស្ថានព្រមានចាត់វិធានការច្បាប់តឹងរ៉ឹងចំពោះជនល្មើសកាប់ឈើក្នុងតំបន់ព្រៃអភិរក្ស

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមាន​ចាត់​វិធាន​ការ​ច្បាប់​តឹង​រ៉ឹង​ថែម​ទៀត​ ចំពោះ​ជន​ល្មើសកាប់​ឈើ​ក្នុង​​​ព្រៃ​​អភិរក្ស​​ ខណៈ​​សង្គម​ស៊ីវិលសាទរចំពោះវិធានការនេះ តែចង់ឃើញមានការលុបបំបាត់អំពើ​ពុករលួយនៅមូល​ដ្ឋាន និងបើកលំហរសេរីភាពចុះឱ្យសកម្មជនព្រៃឈើចុះល្បាតព្រៃឱ្យ​បាន​ទូលំទូលាយ ដើម្បីការពារធនធានធម្មជាតិ​ឱ្យមានប្រសិទ្ធិភាព។

តាមរយៈ​ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន នៅ​​ថ្ងៃទី២៤​ ខែមិនា បាន​ផ្សព្វផ្សាយថា លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមាន​ចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង​ចំពោះអ្នកពាក់ព័ន្ធ និងបុគ្គល ដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងឈូសឆាយ កាប់រុករានយកដីព្រៃឈើខុសច្បាប់។

លោក​បានជំរុញឱ្យមន្ទីរ​បរិស្ថាន​ខេត្ត​ដែលមានតំបន់​ការពារធម្មជាតិ ត្រូវបន្តកិច្ចសហការជាមួយ​​អ្នក​ពាក់​ព័ន្ធ ចុះ​ពិនិត្យ និងទប់ស្កាត់បទល្មើស គ្រប់ប្រភេទនៅតាមតំបន់ការពារធម្មជាតិ។ លោកគូសបញ្ជាក់ថា បើមានការឃាត់ចាប់គ្រឿងចក្រ និងសម្ភារដែលប្រើប្រាស់សម្រាប់ប្រព្រឹត្ត​បទល្មើស គឺត្រូវរកអ្នកនៅពីក្រោយខ្នងនៃការជួល ឬប្រព្រឹត្តល្មើសធនធានធម្មជាតិ ឱ្យ​ឃើញ ដើម្បី​យកមកកាត់ទោសតាមច្បាប់។

លោកថ្លែងថា៖ «ការពង្រឹងការអនុវត្តច្បាប់​យ៉ាងម៉ឺងម៉ាត់ ជួយទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ មន្រ្តីក្រសួងបរិស្ថាន មាន​តួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ជាតិ និងមាតុភូមិ មិនត្រូវប៉ះពាល់ដល់បទល្មើសធនធានធម្មជាតិ ដែលផ្ទុយនឹងច្បាប់នោះឡើយ»

បើតាមក្រសួងបរិស្ថាន ការ​ថ្លែង​របស់រដ្ឋមន្ត្រី​រូបនេះ​ ធ្វើឡើងក្នុងកម្មវិធី​បើកសិក្ខាសាលាផ្តល់សុពល​ភាព ស្តីពី «ការរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ផ្អែកលើលទ្ធផល​ពីមូលនិធិអាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក)​នៅកម្ពុជា» នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែ​មីនា ឆ្នាំ២០២៦។

យ៉ាងណា ប្រធានប្រតិបត្តិនៃសមាមបណ្តាញយុវជនកម្ពុជា​(CYN) លោក ម៉ើ ចាន់ដារ៉ា មាន​ប្រសាសន៍​នៅ​​ថ្ងៃ​ទី​២៥ ខែ​មីនា​នេះ​​ថា​ សារព្រមាននេះ នឹង​គ្មានប្រសិទ្ធភាពទេ បើក្រសួងមិនលុប​បំបាត់​អំពើពុករលួយ​តាមមូលដ្ឋាន​ ក្នុងតំបន់ព្រៃការពារឱ្យបានម៉ឺងម៉ាត់ទេនោះ។

មួយវិញទៀត លោកថា ក្រសួងគួរតែបញ្ឈប់ការរឹតត្បិតសេរីភាព និងដោះលែងសកម្មជនបរិស្ថាន​ឱ្យមានសេរី​ភាព ដើម្បីឱ្យពួកគេចូលរួមឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ ទើបជាវិធានការ​មាន​ប្រសិទ្ធភាព។

លោកថា៖ «បញ្ហាអំពើពុករលួយវានៅតែកើតមាន ខ្ញុំលើកឧទាហរណ៍ជាក់ស្តែង ទាក់ទងនឹងការដឹក​ឈើ​ពី​តំបន់​ការ​ពារ​​ធនធានធម្មជាតិ​ មកកាត់មន្ទីរបរិស្ថាននៅតាមបណ្តាខេត្ត។ ហើយការចាប់ខ្លួនសកម្មជនបរិស្ថាន សកម្មជនការពារសិទ្ធិ​មនុស្ស មិនមែន​ជារឿងមួយគួរគម្បីទេ ពួក​គាត់ជាអ្នកអនុវត្តសិទ្ធិសម្រាប់ការ​ពារព្រៃឈើ! គួរត្រូវបានគាំពារ ពួកគាត់ជា​ក្រុម​មនុស្សដែល​ចុះយកព័ត៌មានដើម្បីចែករំលែក ការព្រួយ​​បារម្ភរបស់សហគមន៍ទៅដល់​ក្រសួងបរិស្ថាន»។

ចំណែក​ សកម្មជន​ការពារព្រៃ​ឈើ​នៅតំបន់​ព្រៃ​ឡង់​ក្នុង​ខេត្តព្រះវិហារ លោក ខេម ឃី បង្ហាញ​ការ​​សាទរ​ចំពោះ​​សារព្រមាន​របស់រដ្ឋមន្រ្តីក្រសួង​បរិស្ថាន ដើម្បីការពារព្រៃឈើនៅពេលនេះ។តែ​លោកជំរុញឱ្យបើក​លំហរសេរីភាព​សកម្មជនចុះល្បាតព្រៃ ឱ្យបានទូលំទូលាយ ដើម្បីឱ្យ​​សកម្ម​ជន​អាច​ចូលរួម​ការ​ពារ​ធនធានធម្មជាតិ​ឱ្យ​បានគង់វង្ស។

លោកថា៖ «សូមឱ្យក្រសួងហ្នឹងបើកលំហរឱ្យមានសិទ្ធិសេរីភាពពេញលេញ ពិសេសបណ្តាញសហគមន៍ព្រៃឡង់ដែល​ជាអ្នកនៅនឹងមូលដ្ឋាន​ផ្ទាល់ឱ្យគាត់មានសិទ្ធិ ចូលរួមល្បាតចូលរួមការពារឱ្យពេញលេញ មានការលើកទឹកចិត្តដល់ពួក​គាត់ឱ្យបានច្បាស់លាស់។ សំណូមពរខ្ញុំចុងក្រោយ ខ្ញុំចង់ឱ្យតក្រសួងស៊ើបអង្កេត រឿងកន្លងមករបស់មន្រ្តីដែលពាក់ព័ន្ធ​នឹងក្រុមហ៊ុននៅជុំវិញនៅក្នុងខេត្តព្រះវិហារយើង តើក្រុមហ៊ុន​ណាដែលកាប់បំផ្លាញព្រៃឡង់ខ្លះ សុំឱ្យក្រសួងបង្រ្កាបអំពើ​ពុករលួយហ្នឹង ចុះត្រួតពិនិត្យ​មន្រ្តី ដែលនៅក្នុងមូល​ដ្ឋានឱ្យបានតឹងរឹងផុត»។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់ Press Start Cambodia នៅ​ថ្ងៃទី ២៥ ខែមិនា នេះថា ក្រសួង​មិនបានរឹតត្បឹត​ពលរដ្ឋមិនឱ្យចូលការការពារព្រៃ​ឈើដូចការចោទប្រកាន់ទេ។

ផ្ទុយទៅវិញ លោកថា ក្រសួងបានខិតខំការពារព្រៃឈើ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បី​ទប់​ស្កាត់​ការកាប់បំផ្លាញធនធានធម្មជាតិក្នុងតំបន់ព្រៃការពារផងដែរ។

លោកថា៖ «យើងគាំទ្រ​ឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ។ កន្លងមក​នេះ យើងឃើញមានការចូលរួមច្រើន​ទាំងអ្នកសារព័ត៌មាន ទាំងសកម្មជនក្នុងការរាយការណ៍​ទាក់ទងទៅនឹង​ការ​ប៉ះ​ពាល់​ទៅ​ដល់​ធន​ធាន​ធម្មជាតិ​ព្រៃឈើ។ យើង​លើក​ទឹក​ចិត្ត​​​​ឱ្យ​មាន​ការ​ចូល​រួម​ផ្តល់​ព័ត៌​មាន​បន្ថែម​ទៀត សម្រាប់​អន្តរា​គមន៍»។

កាលពីថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៥ អត្ថបទ​​ស៊ើបអង្កេតមួយ​​​របស់​ស្ថាប័នសារ​​ព័ត៌មាន​អន្តរជាតិ​ ​ម៉ុងហ្គា​បេ (Mongabay) ដែល​​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ​បាន​ចុះផ្សាយ​​ថា កម្ពុជា​បាត់​បង់​​ព្រៃឈើ​​ជាង ១​សែន ២​ម៉ឺន​ហិកតា (១២១ ០០០ហិកតា​) ក្នុង​តំបន់​អភិរក្ស​ដែល​គ្រប់​គ្រង​​ដោយ​​ក្រសួង​​បរិស្ថាន​ ​ក្នុង​ឆ្នាំ​២០២៣ ដោយសារ​អំពើពុករលួយ។

ប្រភពដដែល បន្តថា ទំហំ​ព្រៃឈើ​ដែល​បាត់បង់​នេះ គឺ​ស្មើនឹង​ទំហំ​​ទីក្រុង ឡូស​អែន​ជ័រលេស ( Los Angeles) មួយ​​នៅ​សហរដ្ឋអាមេរិក។ នេះ​បើ​យោង​តាម​ទិន្នន័យ​ថ្មី​ដែល​ចេញផ្សាយ​ដោយ​​សាកលវិទ្យា​ល័យ ម៉ារីឡែន (Maryland)។

អត្ថបទ​ព័ត៌មានដដែល​នោះ បាន​បន្ថែមទៀត​ថា ក្នុងចំណោម​តំបន់​ការពារ​ទាំងអស់​ក្នុង​ប្រទេស​​កម្ពុជា ដែន​ជម្រក​សត្វព្រៃ​ឡង់​ បាន​បាត់បង់​ព្រៃឈើ​ខ្ពស់​បំផុត ដោយ​បាត់បង់​ព្រៃ​ជាង ១​ម៉ឺន​ហិកតា (១១ ៥០០ហិកតា​) ទៀត​ក្នុង​ឆ្នាំ​២០២៣៕

អត្ថបទគួរឱ្យចាប់អារម្មណ៍