ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជា​ច្រាន​​ចោល​​ការ​ចោទ​ប្រ​កាន់​របស់​ចារ​កម្ម​ថៃ

​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ចារកម្ម​ថៃ ដែល​ថា កម្ពុជា​ត្រៀម​​សម្រាប់​ការ​ផ្ទុះអាវុធ​លើក​ទី​៣ ដោ​យ​អះអាង​កម្ពុជា​ប្រកាន់ខ្ជាប់​យ៉ាងម៉ឺងម៉ាត់​នូវ​ការ​គោរព​កិច្ច​ព្រៀង​ដែល​មាន​ស្រាប់​​។​​

យោងតាមសេចក្ដីប្រកាសព័ត៌មាន ចុះ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រសួង​ការ​ពារ​ជាតិ​បាន​អះ​អាង​​ថា ការ​ចោទប្រកាន់​ ដែល​ធ្វើ​ឡើង​ដោយ​ប្រធាន​ចារកម្ម​ថៃ​មក​លើ​កម្ពុជា គឺមិន​ត្រឹមត្រូវ​ និង​​​ជា​ការ​អះអាង ​ដែល​មាន​គ្មាន​មូល​ដ្ឋាន​។​

ក្រសួង​ការ​ពារជាតិ​បាន​បន្ត​ថា កងយោធពល​ខេមរភូមិន្ទ​ ប្រកាន់​ខ្ជាប់​យ៉ាងម៉ឹងម៉ាត់​នូវ​ការ​គោរ​ព​​សេចក្តីប្រកាស​រួម​ នៃកិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃគណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-​ថៃ (GBC) កាលពីថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ សេចក្តីថ្លែង​ការណ៍​រួម​ស្តីពី​កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា-ថៃ​ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ច​ព្រមព្រៀង​ពាក់ព័ន្ធផ្សេងទៀត។​

សេចក្ដី​​ប្រកាសព័ត៌មាន​ខាងលើបន្ថែមថា កងទ័ពកម្ពុជាគាំទ្រនូវគោលជំហររបស់រដ្ឋាភិបាល​ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុ​សញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន។

កម្ពុជានិង​ថៃ​បាន​សម្រេចបទឈប់​បាញ់​ជា​ថ្មី​កាល​ពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ បន្ទាប់ពី​កិច្ច​ប្រ​ជុំ​​ពិសេស​ លើក​ទី​៣ នៃគណៈកម្មាធិការ​ព្រំដែន​ទូទៅកម្ពុជា-ថៃ (GBC)​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍