ក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមាបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភសោហ៊ុយធ្វើដំណើរបន្ថែមចំនួន ២,៥ ដុល្លារអាមេរិកក្នុងមួយខែ ដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងការបូប ដើម្បីសម្រួលចំណាយសោហ៊ុយធ្វើដំណើរជាលក្ខណៈបណ្តោះអាសន្ន អំឡុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកល។
ចំណាត់ការបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជាដោយផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យរៀបចំកិច្ចប្រជុំមួយជាមួយតំណាងនិយោជកនិងភាគីសហជីព ដើម្បីពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកការចំណាយរបស់កម្មករនៅក្នុងរយៈពេលអន្តរកាលនេះ។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានឯកភាពគ្នាផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាមេរិក បន្ថែមលើអត្ថប្រយោជន៍ដែលមានស្រាប់ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលមករកប្រក្រតីភាពវិញ។
តំណាងភាគីកម្មករនិយោជិតក៏បានអំពាវនាវឱ្យបងប្អូនកម្មករប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ឬរថយន្តក្រុងសាធារណៈ ដើម្បីកាត់បន្ថយការចំណាយ ជាពិសេស អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា វិស័យវាយនភណ្ឌ និងកាត់ដេរ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ដែលផ្តល់ការងារដល់មនុស្សជិត ១ លាននាក់។
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋាភិបាលបានចេញសារាចរមួយណែនាំឱ្យក្រសួងនិងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អនុវត្តវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈនិងអគ្គិសនី ដើម្បីឆ្លើយតបនឹងការកើនឡើងតម្លៃថាមពល ដែលបណ្តាលមកពីវិបត្តិប្រេងសកល៕

