រដ្ឋាភិបាលណែនាំឲ្យក្រសួង និងស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អនុវត្តវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ដើម្បីឆ្លើយតបនឹងការកើនឡើងតម្លៃថាមពល ដែលបណ្តា លមកពីវិបត្តិសកល។
សារាចរចុះ ថ្ងៃទី១៩ ខែមីនានេះ ត្រូវបានដាក់ចេញនៅពេលដែលស្ថានការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា បានប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅ និងជំរុញឱ្យតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក រួមទាំងកម្ពុជា កើនឡើងយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ ការកើនឡើងថ្លៃប្រេងឥន្ធនៈ ក៏អាចបង្កឱ្យ ថ្លៃដើមក្នុងការផលិតថាមអគ្គិសនីមានការកើនឡើងផងដែរ។
ដើម្បីកាត់បន្ថយផលប៉ះពាល់ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការចម្បងៗ រួមមាន ការកាត់បន្ថយការធ្វើដំណើរឆ្ងាយសម្រាប់សិក្ខាសាលា និងកិច្ចប្រជុំផ្ទាល់ ដោយលើកទឹកចិត្តឱ្យធ្វើឡើងតាមប្រព័ន្ធអនឡាញ លើកលែងតែករណីចាំបាច់។
បន្ថែមពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរៀបចំវិធានការពង្រឹងប្រសិទ្ធភាពលើការចំណាយថវិកា ជាពិសេសចំណាយលើប្រេងឥន្ធនៈ និងបេសកកម្មក្នុងប្រទេសនិងក្រៅប្រទេស លើកលែងតែក្រសួង ស្ថាប័ន ដែលមានប្រតិបត្តិការចាំបាច់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ។
ចំណែកឯក្រសួងមហាផ្ទៃ ត្រូវណែនាំអាជ្ញាធរមូលដ្ឋានឱ្យបង្កើនការសន្សំសំចៃនិងសម្រួលចរាចរណ៍ឱ្យបានល្អ ជាពិសេសនៅម៉ោងមមាញឹក ឬពេលមានព្រឹត្តិការណ៍បុណ្យជាតិធំៗ ដើម្បីកាត់បន្ថយការកកស្ទះ ដែលបណ្តាលឱ្យមានការចំណាយប្រេងឥន្ធនៈបន្ថែមក្នុងពេលរង់ចាំនៅលើដងផ្លូវ។
ជាមួយគ្នានេះ សម្រាប់ការប្រើប្រាស់អគ្គិសនី ក្រសួងរ៉ែ និងថាមពល ត្រូវរៀបចំសេចក្តីណែនាំលម្អិតអំពីវិធីសន្សំសំចៃថាមពល និងសហការជាមួយក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយនូវវិធីសន្សំសំចៃការប្រើប្រាស់ថាមពល តាមវិទ្យុ ទូរទស្សន៍ និងសារព័ត៌មាននានា។ ក្រសួង និងស្ថាប័នទាំងអស់ ត្រូវអនុវត្តការប្រើប្រាស់អគ្គិសនីឱ្យមានប្រសិទ្ធភាព ក្នុងអគាររដ្ឋបាល និងការងារប្រចាំថ្ងៃ។
ទោះបីកំពុងប្រឈមនឹងការកើនឡើងនៃតម្លៃប្រេង ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា បានអះអាងថា សមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈ និងអគ្គិសនីនៅកម្ពុជា នៅតែអាចរក្សាបាននូវស្ថិរភាព សម្រាប់ ប្រតិបត្តិការសេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ន៕

