ក្រុមហ៊ុនម៉ូ​រី​សុ​នកា​ក់ជូន​ដំណឹង​​​ឲ្យ​អ្នក​ដាក់​ប្រាក់​បញ្ញើ​​នៅ​ធនា​គារ​ព្រីន​ស៍​មក​ទទួល​សំ​ណង​​

ក្រុមហ៊ុន ម៉ូរីសុនកាក់ ​ដែល​ត្រូវ​បាន​តែ​ងតាំង​ដោយ​ធនាគារជាតិ នៃកម្ពុជា ជា​អ្នក​ជម្រះបញ្ជី​ធនាគារព្រីនស៍​​ បាន​ជូន​ដំណឹង​ឲ្យអ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារ ព្រីនស៍ ទាំង​អស់​ទៅទទួលសំណងចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ តទៅ បន្ទាប់ពី​​អនុវត្ត​នីតិវិធី​បំប្លែង​ទ្រព្យសកម្ម​របស់​ធនាគារ​ព្រីន​ស៍​។

យោងតាមសេចក្តីជូន​ដំណឹង​ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អឹខោនធីង ឯ.ក បានបញ្ជាក់ថា ការផ្តល់សំណងនឹងត្រូវ​​ធ្វើឡើងតាមមធ្យោបាយ​ពីរ គឺទី​១ ​ការផ្ទេរតាមគណនីធនាគារ សម្រាប់អ្នកដាក់​ប្រាក់បញ្ញើ ដែលបានផ្តល់ព័ត៌មានគណនីធនាគារ និងទី​២​ ការផ្តល់សំណងដោយផ្ទាល់នៅការិយា​​ល័យ​ធនាគារ ព្រីនស៍ សម្រាប់អ្នកដាក់ប្រាក់បញ្ញើ ដែលពុំបាន​ផ្តល់​ព័ត៌​មាន គណនីធនាគារក្នុងពាក្យស្នើសុំទាមទារសំណង។

កាល​ពី​ថ្ងៃទី​១៨​ ខែ​មីនា ឆ្នាំ​២០២៦ លោក ជា​ សិរី ទេសាភិបាល​ធនាគារ​ជាតិ ​នៃ​កម្ពុជា​ បាន​សុំ​ការ​យោគយល់​ពី​អតិថិ​ជន​របស់​ធនាគារ​ព្រីនស៍ និង​ធនាគារ​ពា​ណិ​ជ្ជ​​ផេនដា​ ខណៈ​ពេល ​ដែល​ធនាគារ​ជាតិ ​នៃកម្ពុជា​កំពុង​ធ្វើ​ការ​ងារ​ជាមួយ​ក្រុម​​ហ៊ុន​​ជម្រះប​ញ្ជី ដើម្បី​ពន្លឿន​និតិវិធី ដើម្បី​បំប្លែង​ជា​សាច់ប្រាក់​សងជូន​អតិថិជន​​វិញ​។​

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានសម្រេច​ផ្អាកមិនឱ្យ​ធនា​គារព្រីនស៍ផ្តល់សេវាធនាគារថ្មី រួមទាំងទទួលដាក់ប្រាក់​បញ្ញើ និងផ្តល់ឥណទាន​ និង​ដាក់​ស្ថិតនៅក្រោម​ការ​ជម្រះបញ្ជី កាលពី​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីលោក ចេន ហ្ស៊ី ម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប និងបក្សពួក២នាក់​ទៀត ត្រូវបានចាប់ខ្លួន តាមសំណើរបស់អាជ្ញាធរនៃប្រទេសចិន បន្ទាប់ពីអាមេរិក​ និងអង់គ្លេសរឹបអូសទ្រព្យសម្បត្តិ និងចោទប្រកាន់ថា ជាមេ​ខ្លោង​ដ៏ធំក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា។

ស្រដៀងគ្នានេះដែរ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ​២០២៦ ធនាគារជាតិក៏​បាន​សម្រេច​​ដក​ហូត​អាជ្ញាបណ្ណ​​ធនាគារ​ផេនដា​ និងដាក់​ឱ្យស្ថិតក្រោមការ​ជម្រះបញ្ជី​ដោយ​ក្រុមហ៊ុនម៉ូរីសុនកាក់នេះដូចគ្នា ដោយ​ផ្នែក​ថា ស្ថានភាពហិរញ្ញវត្ថុនៃធនា​គារនេះ បានធ្លាក់ចុះជាបន្ដបន្ទាប់ ដែលឈានទៅរកការមិនអាចឆ្លើយតបនឹងការបម្រើ​សេ​វា​​ធនា​គារ​បាន​ទៀត​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍