ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំឱ្យមន្ត្រី និងអង្គភាពពាក់ព័ន្ធក្រោមឱវាទទាំងអស់ ចូលរួមសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និងប្រេងឥន្ធនៈ ដើម្បីឆ្លើយតបនឹងវិបត្តិផ្គត់ផ្គង់ និងការកើនឡើងតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក។
សេចក្តីណែនាំចុះថ្ងៃទី១៨ ខែមីនា នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាព និងកាត់បន្ថយការចំណាយមិនចាំបាច់។
ក្នុងនោះ ក្រសួងបានណែនាំឱ្យកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់នៅត្រឹម ឬលើសពី ២៥អង្សាសេ និងជៀសវាងការប្រើប្រាស់លើសពីតម្រូវការ។ ព្រមទាំងត្រូវបិទអំពូលភ្លើង និងឧបករណ៍អគ្គិសនីទាំងអស់ នៅពេលមិនប្រើប្រាស់ ឬក្រោយម៉ោងការងារ។ លើសពីនេះ ក្រសួងលើកទឹកចិត្តក្នុងការប្រើប្រាស់ពន្លឺព្រះអាទិត្យ ដើម្បីកាត់បន្ថយការប្រើប្រាស់អំពូលភ្លើង។
ចំពោះប្រេងឥន្ធនៈ ក្រសួងបានណែនាំឱ្យកាត់បន្ថយបេសកកម្មមិនចាំបាច់ និងលើកទឹកចិត្តឱ្យប្រើប្រាស់ប្រព័ន្ធប្រជុំតាមវីដេអូពីចម្ងាយ ជំនួសការចូលរួមដោយផ្ទាល់ធ្វើដំណើរទៅកាន់ខេត្តឆ្ងាយៗ។
ការចេញសេចក្តីណែនាំនេះ កើតឡើងក្នុងពេលដែលតម្លៃប្រេងឥន្ធនៈនៅកម្ពុជា កំពុងមានការកើនឡើង ដោយគិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ តម្លៃសាំងធម្មតា មានតម្លៃ ៥.៥០០រៀលក្នុងមួយលីត្រ ខណៈម៉ាស៊ូតឡើងដល់ ៦.៥៥០រៀលក្នុងមួយលីត្រ។
តាមរយៈអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានបញ្ជាក់កាលពីថ្ងៃទី១៧ មីនា ថា តម្លៃប្រេងសាំងនៅកម្ពុជា នឹងមិនអាចហក់ឡើងដល់ ៨ពាន់រៀនក្នុង ១លីត្រដូចកាលពីប៉ុន្មានឆ្នាំមុនឡើយ។ ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រេងឥន្ធនៈដោយមានការសន្សំសំចៃ និងកាត់បន្ថយការធ្វើដំណើរឆ្ងាយ ដែលមិនចាំបាច់៕

