កម្ពុជា​​រក​ឃើញ​ការ​បង្ក​កំ​ណើត​ផ្កា​ថ្ម​ប៉​ប្រះ​ទឹក​លើក​​ទី​៣​​ ​នៅ​​ប្រ​ជុំ​កោះ​រ៉ុង​

កម្ពុជា​​ប្រ​កាស​ពីការ​រក​ឃើញ​ការ​បង្ក​កំ​ណើត​ផ្កាថ្ម​ប៉​ប្រះទឹ​ក​ជាលើកទី៣ នៅតំបន់ប្រជុំកោះរ៉ុង និង​​ជា​​លើក​​​ដំបូង​នៅ​កោះ​សង្សារ នៃ​ខេត្តព្រះ​សីហនុ និងប្រជុំកោះស្តេច នៃខេត្តកោះកុង បន្ទាប់​​ពី​​ការ​​សិក្សា​ស្រាវជ្រាវ​​រយៈ​ពេល​បីថ្ងៃ​នៅ​ក្នុង​ខែមីនា​។

យោង​តាម​សេចក្តីប្រកាស​​ព័ត៌មានរួម​​ចុះថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៦ ​បាន​ឱ្យ​ដឹងថា ការ​សិក្សា​មួយ​​អំពី​ការ​បង្ក​កំ​​ណើត​​របស់​ផ្កា​ថ្មប៉ប្រះ​ទឹក ត្រូវ​​បាន​ធ្វើ​ឡើងរយៈ​ពេល​បីថ្ងៃ​​ចាប់​ពី​​ថ្ងៃទី​​៧ ដល់​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០​២៦ ដោយ​មាន​ការ​គាំទ្រ​ពីក្រសួង​កសិកម្ម​ រុក្ខាប្រ​មាញ់​ និង​នេសាទ​ ក្រសួង​បរិស្ថាន​ អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​ អង្គការ​គាំពារ​ធនធាន​សមុទ្រ​ ព្រម​ទាំង​មូលនិធិសង្សារ​​។​

សេចក្តី​ប្រកាស​​ព័ត៌មានរួម​​នេះ​បន្ត​ថា ការ​សិក្សា​ស្រាវជ្រាវ​នេះ បាន​ផ្តល់​ជា​មូល​ដ្ឋាន​ទិន្នន័យ​វិទ្យា​​សាស្ត្រ​សំ​ខាន់ៗ​ ដែល​ជួយ​ឱ្យ​អ្នក​ស្រាវជ្រាវ​យល់​អំពី​វដ្ត​បន្ត​ពូជ​របស់​ផ្កាថ្ម  ការ​រស់ឡើង​វិញ​​នៃផ្កាថ្ម និង​កំណត់​កត្តា ​ដែល​រួម​ចំណែក​ដល់​ការ​គ្រប់គ្រង​ផ្កាថ្ម​ប៉ប្រះទឹក​ប្រកប​ដោយ​ប្រ​សិទ្ធ​​ភាព​​ ហើយ​ទិន្នន័យ ​ដែល​ប្រមូល​បាន​​នេះ ក៏ជា​ភស្តុ​តាង​មូល​ដ្ឋាន​ជា​យុទ្ធ​សាស្ត្រ​ក្នុង​ការអភិរក្ស​ផ្កាថ្មប៉ប្រះ​ទឹក​រយៈ​ពេល​វែង​ សម្រាប់ប្រ​យោជ​ន៍​​​ដល់​ជីវៈ​ចម្រុះ​ និង​សហគមន៍​ឆ្នេរ​សមុទ្រ​​ ដែល​ពឹង​លើ​ផ្កាថ្មប៉ប្រះទឹកសម្រាប់​ជា​អាហារ​ និង​ជីវភាព​រស់​នៅ​។​

​កញ្ញា Jun Cheng ជា​ប្រធាន​គ្រប់គ្រង​ជាន់​ខ្ពស់​​ នៃកម្មវិធីអភិរក្ស​តំបន់​ឆ្នេរ​ និង​សមុទ្រ​​ប្រចាំ​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​ប្រចាំ​កម្ពុជា​ ត្រូវ​បាន​ដកស្រង់សំដី​នៅក្នុង​សេចក្តី​ប្រកាសព័ត៌មាន​រួមនេះ ដោយ​មាន​ប្រ​សា​សន៍​​​ថា ៖ “ការ​រក​ឃើញ​ការ​បង្ក​កំណើត​របស់​ផ្កាថ្ម​ រយៈ​ពេល​បីឆ្នាំ​ជាប់ៗគ្នា​ គឺជា​សញ្ញា​ដ៏ល្អ​មួយ ដែល​បង្ហាញថា ផ្កា​ថ្ម​ប៉ប្រះទឹក​នៅ​ក្នុង​ប្រទេសកម្ពុជា​នៅតែមាន​ភាព​ធន់​គួរ​ឱ្យ​កត់​សម្គាល់​”

លោក អ៊ាង សុផល្លែត រដ្ឋ​មន្ត្រីក្រសួង​បរិស្ថាន​ត្រូវ​បាន​ដកស្រង់សំដីដោយ​លោក​អះអាង​ថា ការ​រកឃើញ​នេះ បានបង្ហាញពី​កិច្ច​ខិតខំប្រឹងប្រែង​អភិ​រក្ស​ និង​គ្រប់គ្រង​ជា​បន្ត​បន្ទាប់​នៅក្នុង​តំ​បន់​​ការ​ពារ​សមុទ្រ​របស់​កម្ពុជា​​​។​

​​លោក​មាន​ប្រសាសន៍​ថា៖ “ការ​សហការ​រវាង​រាជ​រដ្ឋាភិបាល​ អង្គការ​ដៃគូ និង​សហគមន៍​មូល​ដ្ឋាន ពិត​ជា​​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ការ​ពារ​ធន​ធាន​ជីវៈ​ចម្រុះ​ និង​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​ឱ្យ​មាន​ចីរភាព​សម្រាប់មនុស្ស​គ្រប់ជំនាន់​”​។

ស្រដៀង​គ្នានេះដែរលោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ត្រូវ​បាន​​ដក​ស្រង់​សំ​ដីនៅក្នុង​សេចក្តី​ប្រកាស​​ព័ត៌មានរួម​​នេះ​ដែរ​ថា លទ្ធផល​ ៣​ឆ្នាំ​ជាប់គ្នា​នេះ គឺជា​​សក្ខីភាព​បង្ហាញ​ថា សមុទ្រ​​កម្ពុជា​កំពុង​មាន​សុខភាព​ល្អ និង​ជា​ជោគជ័យ​ក្នុង​ការ​អនុវត្ត​វិធា​ន​​ការ​ការ​ពារ​ធនធាន​ជលផល​របស់​កម្ពុជា​​។

លោកមាន​ប្រសាសន៍​ថា “យើង​មិន​មែន​គ្រាន់តែ​មាន​គោលនយោបាយ​លើ​ក្រដាសនោះទេ តែ​យើង​មាន​លទ្ធផល​ជាក់ស្តែង​នៅក្នុង​សមុទ្រ​។ ទោះបីជា​យ៉ាងនេះក្តី យើង​មិន​ត្រូវ​ស្កប់​ស្កល់​នឹង​​លទ្ធ​ផល​ថ្ងៃនេះ ត្រឹម​ប៉ុណ្ណោះ​ទេ។ យើង​នឹង​ខិតខំ​បន្ត​ ដើម្បី​រក្សា​លទ្ធផល​នេះ​នៅឆ្នាំ​ក្រោយ​ៗ​ទៀត​”។​

សេចក្តី​ប្រកាស​​ព័ត៌មានរួម​​នេះ បាន​កត់សម្គាល់ផង​ដែរថា ផ្កាថ្មប៉ប្រះទឹក​ ដែល​មាន​សុខភាព​ល្អ គឺមាន​សារៈ​សំខាន់​ណាស់​ ក្នុង​ការ​ធានាបាន​នូវ​និរន្ត​ភាព​ នៃធនធាន​ជលផល​ និង​គាំទ្រ​ដល់​​ជីវភាព​រស់នៅ​របស់​សហគមន៍​តាម​តំបន់​ឆ្នេរ​សមុទ្រ ហើយ​ក្រុម​ការ​ងារ​នឹង​យក​ទិន្នន័យ​ដែល​​ប្រមូល​បាន​ទៅសិក្សា​ស្រាវជ្រាវ​បន្ថែម​ ដើម្បី រួម​ចំណែក​ដល់​ការ​ពង្រឹង​ការ​គ្រប់គ្រង​ធន​ធាន​​សមុទ្រ​ និង​ធានា​ថា ជីវៈ​ចម្រុះ​សមុទ្រ​​នៅក្នុង​ប្រ​​ទេស​កម្ពុជា​ឱ្យ​បន្ត​កើនឡើង៕

អត្ថបទគួរឱ្យចាប់អារម្មណ៍