ការទទួលបានពានរង្វាន់ Green Spark Award ពីមហោស្រពភាពយន្តអភិរក្សធម្មជាតិអាមេរិក (ACFF) របស់ភាពយន្តឯកសារចំណងជើងថា “The Clearing” ដែលឆ្លុះបញ្ចាំងពីការតស៊ូដ៏ស្វិតស្វាញរបស់សកម្មជនបរិស្ថានវ័យក្មេងកម្ពុជា បង្ហាញពីការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិចំពោះបញ្ហាបរិស្ថាននៅកម្ពុជា។
ភាពយន្តឯកសារ “The Clearing” ដែលផលិតដោយស្ថាប័នព័ត៌មានបរិស្ថានអន្តរជាតិ Mongabay បានបង្ហាញពីបញ្ហាប្រឈមជាច្រើន និងភាពក្លាហានរបស់យុវជនកម្ពុជា ដែលហ៊ានប្រថុយនឹងការបាត់បង់សេរីភាព ដើម្បីចេញមុខការពារធន់ធានធម្មជាតិ ដែលកំពុងរងការបំផ្លិចបំផ្លាញ។ ពានរង្វាន់ Green Spark Award នេះ គឺជាការផ្តល់កិត្តិយសដល់ខ្សែភាពយន្តដែលលើកតម្កើងពីកិច្ចប្រឹងប្រែងនៃការងារអភិរក្ស និងជំរុញទឹកចិត្តដល់អ្នកជំនាន់ក្រោយ។
អ្នកស្រី ស៊ុន រដ្ឋា សកម្មជនចលនាមាតាធម្មជាតិកម្ពុជាបានចាត់ទុកព្រឹត្តិការណ៍នេះ គឺជារឿងជោគជ័យមួយ ហើយវាបង្ហាញការយកចិត្តទុកដាក់ពីអន្តរជាតិចំពោះស្ថានភាពបរិស្ថាន ដែលកំពុងកើតឡើងនៅកម្ពុជា។
អ្នកស្រីបាននិយាយថា៖ «ក្នុងកាលៈទេសៈដែលសមាជិកជាច្រើនរបស់មាតាធម្មជាតិកំពុងជាប់ពន្ធនាគារ ពានរង្វាន់នេះបានរំលឹកយើងថា ពិភពលោកកំពុងតាមដានមើល ហើយសំឡេងរបស់យើងមិនឯកោនោះទេ»។
ចំណែកលោក ជា បញ្ញា អ្នកគាំទ្រចលនាមាតាធម្មជាតិ បានលើកឡើងថា សកម្មជនបរិស្ថាននៅកម្ពុជាមិនមែនតស៊ូ ដើម្បីកិត្តិយសផ្ទាល់ខ្លួននោះទេ ប៉ុន្តែដើម្បីអនាគតរួមរបស់សង្គម ដោយលោកចាត់ទុកភាពយន្តនេះជា «កញ្ចក់បង្ហាញការពិត» ព្រោះបញ្ហាបរិស្ថាន គឺជាបញ្ហាអាយុជីវិតរបស់មនុស្សគ្រប់គ្នា។
លោកនិយាយថា៖ “ខ្ញុំគិតថា ការលះបង់របស់ពួកគាត់មិនមែន ដើម្បីចង់បានកិត្តិយសនោះទេ ប៉ុន្តែដើម្បីរក្សាអនាគតរួមរបស់យើងទាំងអស់គ្នា”។
ក្រៅពីប្រើប្រាស់ជ័យលាភីនេះជាវេទិកាតស៊ូមតិផ្នែកការទូត ក្រុមសកម្មជនបានអំពាវនាវដល់សាធារណ ជនអន្តរជាតិ ឱ្យបន្តចូលរួមយុទ្ធនាការនានា រួមមានការចុះហត្ថលេខាលើញត្តិរបស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការ Rainforest Rescue ដើម្បីជំរុញឱ្យមានការដោះលែងសកម្មជនទាំង៥រូបដោយឥតលក្ខខណ្ឌ។
ជុំវិញភាពជោគជ័យ នៃភាពយន្តឯកសារនេះ លោក ម៉ើ ចាន់ដារ៉ា ប្រធានសមាគមបណ្តាញយុវជនកម្ពុជា (CYN) បានលើកឡើងថា ពានរង្វាន់នេះមានតម្លៃជានិមិត្តរូបដ៏ធំធេង ក្នុងការជួយទម្លាយការពិតអំពីស្ថានភាពសិទ្ធិមនុស្ស និងបរិស្ថាននៅកម្ពុជាទៅកាន់ពិភពលោក។
លោក ចាន់ដារ៉ា និយាយថា៖ «វាជាសញ្ញា និងនិមិត្តរូបខ្លាំងណាស់ ក្នុងការលើកទឹកចិត្តដល់សកម្មជនបរិស្ថាន ដែលកំពុងបាត់បង់សេរីភាព ឬជាប់ពន្ធនាគារ។ សកម្មភាពរបស់ពួកគេ ត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាការចូលរួមផ្តល់ធាតុចូល ដើម្បីទាមទារឱ្យមានការពិនិត្យឡើងវិញនូវបញ្ហាបរិស្ថាននៅកម្ពុជា»។
ប្រធានសមាគមរូបនេះបានអះអាងថា ទោះបីជាពានរង្វាន់នេះ មិនអាចជំនួសសេរីភាពរបស់សកម្មជន ដែលកំពុងជាប់ឃុំបានក៏ដោយ ប៉ុន្តែការចាប់ខ្លួនយុវជនដែលហ៊ានរិះគន់ស្ថាបនាទាំងនេះ គឺជាការខាតបង់យ៉ាងធំធេងសម្រាប់រដ្ឋាភិបាលទៅវិញទេ ព្រោះរដ្ឋាភិបាលបាត់បង់អ្នកហ៊ាននិយាយការពិត និងបង្កើតជាគំរូអាក្រក់ និងធ្វើឱ្យយុវជនជំនាន់ក្រោយខ្លាចរអាក្នុងការចូលរួមការងារសង្គម ព្រមទាំងធ្វើឱ្យរដ្ឋាភិបាលធ្លាក់ចុះមុខមាត់លើកឆាកអន្តរជាតិផងដែរ។
គួររំលឹកថា ចលនាមាតាធម្មជាតិ គឺជាក្រុមយុវជនឈានមុខគេ ដែលតែងតែប្រើប្រាស់យុទ្ធសាស្ត្រតស៊ូមតិដោយសន្តិវិធី ដើម្បីការពារធនធានធម្មជាតិ និងរិះគន់គម្រោងអភិវឌ្ឍន៍ដែលប៉ះពាល់បរិស្ថាន។ កាលពីឆ្នាំ២០២៣ ក្រុមនេះបានទទួលពានរង្វាន់ Right Livelihood Award និងធ្លាប់ទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្សជួរមុខ (Front Line Defenders Award) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅឆ្នាំ២០២១៕

