ធនាគារជាតិ នៃកម្ពុជាស្នើសុំការយោគយល់ពីអតិថិជនរបស់ធនាគារព្រីនស៍ (PRINCE plc.) និងធនាគារពាណិជ្ជផេនដា (Panda) ខណៈដែលអ្នកជំនាញកំពុងដំណើរការនីតិវិធីជម្រះបញ្ជី ក្រោយពីធនាគារទាំងពីរត្រូវបានផ្អាកដំណើរការ។
នៅក្នុងវីដេអូរយៈពេលប្រមាណ៥នាទីចេញផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានសុំការយោគយល់ពីអតិថិជនរបស់ធនាគារទាំងពីរ ខណៈពេលធនាគារជាតិនៃកម្ពុជាកំពុងធ្វើការជាមួយអ្នកជំនាញជម្រះបញ្ជី ដើម្បីពន្លឿននីតិវិធី។
លោកស្រី ជា សិរី មានប្រសាសន៍ថា៖ “ខ្ញុំសូមឱ្យអតិថិជនទាំងអស់មានការយោគយល់និងទុកពេលវេលាឱ្យអ្នកជម្រះបញ្ជីគាត់ធ្វើការងារគាត់ដោយមានប្រសិទ្ធិភាព… ធនាគារជាតិនៃកម្ពុជាកំពុងតែធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងអ្នកជម្រះបញ្ជីទាំងនោះ ដើម្បីពន្លឿននីតិវិធី ហើយធ្វើយ៉ាងណាឱ្យអតិថិជនរបស់ធនាគារអាចទទួលបានប្រាក់បញ្ញើវិញយ៉ាងឆាប់រហ័ស»។
នៅក្នុងវីដេអូខ្លីនេះដែរ លោកស្រី ជា សិរី បានពន្យល់អំពីនីតិវិធីចំនួនពីរដែលត្រូវអនុវត្តនៅពេលរកឃើញថា ធនាគារមួយមិនមានលទ្ធភាពបើកប្រាក់បញ្ញើជូនអតិថិជនរបស់ខ្លួនរយៈពេលយូរ ឬរកឃើញថា អាចមានបញ្ហានិរន្តរភាពប្រតិបត្តិការ។
លោកស្រីពន្យល់ថា ដំណាក់កាលទី១ គឺនីតិវិធី នៃការធ្វើអភិបាលបណ្តោះអាសន្ន ដែលជាការវាយតម្លៃដោយក្រុមហ៊ុនសវនកម្មទៅលើស្ថានភាពរបស់គ្រឹះស្ថានទាំងនោះផ្ទាល់ និងទី២ គឺការជម្រះបញ្ជី ដែលធនាគារនឹងត្រូវបានផ្អាក ហើយក្រុមហ៊ុនសវនកម្មនឹងចុះត្រួតពិនិត្យទ្រព្យសម្បត្តិរបស់ធនាគារ ដើម្បីបំប្លែងជាសាច់ប្រាក់សងជូនអតិថិជនវិញ។ ទោះបីជាយ៉ាងណា លោកស្រីបញ្ជាក់ថា នីតិវិធីទាំងពីរនេះ ត្រូវការពេលវេលា។
លោកស្រីពន្យល់ថា ៖ «កាលណាគាត់បំប្លែងទ្រព្យសម្បត្តិទាំងអស់នោះលឿនពេក គឺធ្វើអោយតម្លៃទ្រព្យសម្បត្តិទាំងអស់នោះធ្លាក់ថោក ហើយកាលណាបើទ្រព្យសម្បត្តិនោះធ្លាក់ថោក គាត់នឹងអាចខ្វះលទ្ធភាពក្នុងការសងប្រាក់ទៅអ្នកដែលធនាគារជំពាក់នោះឱ្យបានពេញលេញ។ ដូច្នេះហើយបានជាកន្លងមកយើងសង្កេតថា ពេលវេលានោះ វាមានដំណើរការយូរ »។
គួរបញ្ជាក់ថា ធនាគារព្រីនស៍ត្រូវបានផ្អាកសកម្មភាព ក្រោយលោក ចេន ហ្ស៊ី ជាស្ថាបនិក ត្រូវបានចាប់ខ្លួនបញ្ជូនទៅប្រទេសចិនពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការលាងលុយកខ្វក់ ហើយខាងធនាគារជាតិនៃកម្ពុជាក៏បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ (Morisonkak MKA) ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ដោយទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងរាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារនេះ កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២៦ ។
ស្រដៀងគ្នានេះដែរ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៦ ធនាគារជាតិក៏បានសម្រេចដកហូតអាជ្ញាបណ្ណធនាគារផេនដា និងដាក់ឱ្យស្ថិតក្រោមការជម្រះបញ្ជីដោយក្រុមហ៊ុនម៉ូរីសុនកាក់នេះដូចគ្នា ដោយផ្នែកថា ស្ថានភាពហិរញ្ញវត្ថុនៃធនាគារនេះបានធ្លាក់ចុះជាបន្ដបន្ទាប់ ដែលឈានទៅរកការមិនអាចឆ្លើយតបនឹងការបម្រើសេវាធនាគារបានទៀត៕

