សា​​លាឧទ្ធរ​ណ៍​​គ្រោង​​​​ជម្រះ​​​ករ​ណី​​​​លោក​​ រ៉ុង​ ឈុន​ ​ពី​​​បទ​ “ញុះ​​ញ​ង់​និង​​មិន​​រាង​ចាល​​​”​​ នៅ​​​​​ចុង​​​​ខែ​​​នេះ​​

សាលា​ឧទ្ធរណ៍​ភ្នំពេញ​គ្រោង​បើក​សវនា​ការ​ជំនុំជម្រះលើ​​សំណុំរឿង​របស់​លោក រ៉ុង ឈុន ដែល​​ត្រូវ​​បាន​​​សា​លា​ដំបូងរាជធានីភ្នំពេញ​ផ្តន្ទាទោស​កាលពីខែ​ឧសភា ឆ្នាំ​២០២៥ ឱ្យ​ជាប់​ពន្ធ​នាគា​ររយៈ​ពេល​ ៤ឆ្នាំនិង​ដក​ហូត​សិទ្ធិ​បោះ​ឆ្នោតពីបទ “ញុះញង់”​​ នៅ​ដំ​ណាច់​​ខែ​មីនា​​នេះ។​

យោងតាម​ដីកាកោះ​ចុះថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២៦ ​លោក អ៊ឹម សុផាន អគ្គព្រះ​រាជ​អាជ្ញារង នៃមហាអយ្យការ​អមសាលាឧទ្ធរណ៍ភ្នំពេញ​ បាន​បង្គាប់​ឱ្យ​លោក រ៉ុង ឈុន ចូល​រួម​សវនាការនៅ​ម៉ោង​២ ​រសៀល​​ ដើម្បី​ជំនុំជម្រះ​ពីបទ “ញុះញង់​បង្ក​ឱ្យ​​​មាន​​​ភាព​វឹក​វរ​​ធ្ងន់​​ធ្ងរ​ដល់​​សន្តិសុខ​សង្គម​ (​ការ​មិន​រាល​ចាល​ក្នុង​​បទ​​មជ្ឈិ​ម​​បន្ទាប់​​ពី​​ការ​​ផ្ត​ន្ទា​​ទោស​​បទ​មជ្ឈិ​ម)”។​

លោក រ៉ុង ឈុន ជា​សកម្ម​ជន​សិទ្ធិ​ការ​ងារ និង​នយោបាយ​ បាន​ប្រាប់​ Press Start Cambodia នៅ​រសៀល​ថ្ងៃពុធនេះថា លោក​​បាន​ទទួល​ដីកា​កោះហៅរួចហើយ ដែល​បញ្ជូន​មក​ដល់​​ផ្ទះ​របស់​លោកកាល​ពីព្រឹក​ថ្ងៃពុធនេះ​​ ហើយ​ថា លោក​នឹង​ចូល​រួម​​តាម​ដីកាកោះ​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ ហើយថា ករណី​របស់​លោក​មិន​មាន​​អ្វីខុស​ច្បាប់​ទេ។​

លោក រ៉ុង ឈុន មាន​ប្រសាសន៍ថា “​បើ​តុលាការ​ឈរលើ​យុត្តិធម៌ ឯករាជ្យ​ចំពោះ​ករណីខ្ញុំ​ វាមិន​មាន​អ្វីដែល​ខុស​ច្បាប់ទេ ហើយ​មួយ​ទៀត​ បើ​តុលាការ​គិត​តម្កល់​នូវ​ផល​ប្រយោជន៍ជាតិ​ជា​ធំ​ នៅថ្ងៃ៣១ នេះ ត្រូវ​ទម្លាក់​​រឿង​ខ្ញុំចោល​​ទាំង​អស់តែម្តង​​”។​​

​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៥​ សាលាដំបូង​រាជធានីភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​​លោក រ៉ុង ឈុន ឱ្យ​ជាប់​ពន្ធនាគាររយៈ​ពេល ៤ឆ្នាំ និងដក​ហូត​សិទ្ធិ​បោះឆ្នោត និង​ឈរឈ្មោះបោះឆ្នោត​ជា​អចិន្ត្រៃយ៍ និង​ពិន័យ​ជា​ប្រាក់ ៤លាន​រៀល​ផងដែរ ពីបទ “ញុះញង់បង្កឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​បទមិន​រាងចាល ​បន្ទាប់ពី​ការ​ផ្តន្ទាទោស​ពី​បទ​មជ្ឈិ​ម​។ ការ​ផ្តន្ទាទោស​នេះ ធ្វើ​ឡើង ​បន្ទាប់​ពី​​តាម​​ចោទថា លោក​ រ៉ុង ឈុន បាន​បញ្ចេញ​មតិ​ទាក់ទិន​នឹង ករណី​ឆ​បោក​តាម​ប្រព័ន្ធអ៊ីនធើណិតនិង​​បញ្ហា​ព្រំដែន​កម្ពុជា- វៀតណាម។

អំឡុង​ខែ​សីហា ឆ្នាំ​២០២១ លោក រ៉ុង ឈុន ក៏ធ្លាប់​ត្រូវ​បាន​តុលាការ​សម្រេចផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២លាន​រៀល​ និង​បង្គាប់​​ឱ្យ​​រួម​គ្នាជាមួយ​សកម្មជនពីរនាក់ផ្សេងទៀត ​​​សងជំងឺចិត្តគណៈកម្មាធិការ ព្រំដែនកម្ពុជាប្រមាណ១០ម៉ឺនដុល្លារ ពីបទ “ញុះញង់​បង្ក​ឲ្យមានភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខសង្គម” ជុំវិញការអត្ថាធិប្បាយ​អំពី​បញ្ហា​បោះបង្គោលព្រំដែន​រវាងកម្ពុជា​-វៀតណាម។ ​កាលពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​៥​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​​ចេញដីកា​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក​ រ៉ុ​ង​ ​ឈុន​ ​រួម​ទាំង​ផ្ទះ​របស់​លោក​​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ​​ដោយសារតែ​ការខូចខាត​ទាំងនោះ​មិនទាន់​ ត្រូវ​បាន​បង់​​សង​​ទៅ​ភាគី​ដើមបណ្តឹង​៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍