សមា​គម​ធនា​គារនិង​​មី​ក្រូ​​ហិរ​ញ្ញ​​វត្ថុ​​​អះ​​អាង​​ពី​​ភាព​​រឹង​​មាំ​​​ ក្រោយ​​មាន​​ការ​​​​​បា​​រ​ម្ភ​​​​ពី​​​​មហា​​​ជន​​​​ 

សមាគមធនាគារនៅកម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​អះអាង​ពីភាពរឹងមាំ និងស្ថិរ​ភាព នៃវិស័យធនាគារនិង​ហិរញ្ញវត្ថុ​ ក្រោយមានការព្រួយបារម្ភពីអ្នកប្រើប្រាស់​​ជុំវិញ​ការ​បិទ​ទ្វារធនាគារមួយចំនួននិងបញ្ហាបច្ចេកទេសនានា ដែលកំពុងកើត​មានក្នុងធនាគារមួយ​នាពេល​ថ្មីនេះ​​។ 

លោក សុខ ចាន់ នាយកទំនាក់ទំនងសាធារណៈ នៃសមាគមធនាគារនៅកម្ពុជា បាន​ប្រាប់ Press Start Cambodia កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦ ថា ស្ថានភាព​វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែដំណើរការជាធម្មតា ពុំដូចការព្រួយបារម្ភពី​មហាជន និងការផ្សព្វផ្សាយនានានោះឡើយ ហើយ​ថា វិស័យធនាគារកម្ពុជាមិន​មានអ្វីមិនប្រក្រតីឡើយ ព្រមទាំងមានការ​យកចិត្តទុកដាក់ និងការគ្របគ្រងពី​ធនាគារជាតិនៃកម្ពុជា។

លោកនិយាយថា៖ «វិស័យធនាគារហិរញ្ញវត្ថុនៅកម្ពុជានៅតែមានភាពរឹងមាំ មានស្ថិ​រភាពគ្រប់គ្រាន់ ហើយក៏មានការត្រួតពិនិត្យយ៉ាងម៉ត់ចត់តឹងរ៉ឹង ពីថ្នាក់​ធនា​គារ​​​ជាតិ នៃកម្ពុជាដែរ ។​  អ៊ីចឹងជារួមស្ថានភាពហិរញ្ញវត្ថុរបស់វិស័យធនាគារទាំង​មូល​ គឺមិនមានបញ្ហាគួរឱ្យព្រួញបារម្ភទេ។ អត់ដូចការ ដែលផ្សព្វផ្សាយមួយចំនួន ដែលថា ប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាមានភាពទន់ខ្សោយអ្វីនោះទេ»។  

លោក សុខ​ ចាន់ ក៏បានបញ្ជាក់ថា រាល់បញ្ហាបច្ចេកទេសនានារបស់ស្ថាប័នធនា​គារមួយ​ គឺជាបញ្ហាឯកជន ពុំអាចយកតែរឿងមួយជ្រុងមកសន្និដ្ឋានថា វិស័យធនាគារនៅ​កម្ពុជា​ទាំង​មូល​មានប​ញ្ហានោះឡើយ។

ទាក់ទងនឹងបញ្ហានេះដែរខាងសមាគមធនាគារនៅ​កម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានចេញលិខិត​បំភ្លឺ​រួមគ្នា​កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៦ បញ្ជាក់ពីភាពរឺងមាំរបស់ខ្លួន ដោយឆ្លើយតបចំពោះ​ការព្រួយបារម្ភផ្សេងៗ 

និង​​ប្រកាសថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានបំភាន់ដែលអាចប៉ះពាល់ដល់ជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារនៅកម្ពុជា។ ​

លិខិតដដែលនេះបានសរសេរថា ៖ «ភាពរអាក់រអួលចំពោះប្រត្តិបត្តិការបណ្ដោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយ មិនគួរយកទៅបកសា្រយថា ជាការ​ឆ្លុះបញ្ចាំងពីស្ថានភាព នៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនោះឡើយ។ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្ដទទួលបានការគាំទ្រ ដោយបទប្បញ្ញត្តិយ៉ាង​តឹងរ៉ឹង រួមទាំងការត្រួតពិនិត្យ និងវិធានការធានាលើហានិភ័យសន្ទនីយ​ភាព​​សាច់ប្រាក់ជាប្រចាំ»​។ 

កាលពីថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២៦ គេសង្កេតឃើញថា អ្នកប្រើប្រាស់ធនាគារអេភីឌី (APD Bank) ជាច្រើននាក់បាននាំគ្នាទៅដកប្រាក់បញ្ញើនៅខាងមុខធនា​គារ​ ក្រោយមានការផ្សាយដំណឹងពីខាងស្ថាប័នថា នឹងមានការធ្វើការថែទាំប្រ​ព័ន្ធ​ធនាគារ ចាប់ពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២៦ រហូតដល់ថ្ងៃអាទិត្យទី១៥ ខែ មីនា ឆ្នាំ ២០២៦។ 

ជុំវិញនឹងការព្រួយបារម្ភរហូតដល់មានការដកសាច់ប្រាក់ពីសំណាក់​អតិថិជនជាច្រើននាក់រួចមក លោកស្រី ជា សិរី ជាទេសាភិបាល នៃធនាគារជាតិ នៃកម្ពុជាក៏បាន​ចេញវីដេអូខ្លីមួយ​ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៦ ដោយពន្យល់ពីប្រតិ​បត្តិការនៅក្នុងធនាគារឱ្យមហាជនទូទៅបានឈ្វេងយល់។ 

លោកស្រីបានមាន​ប្រសាសន៍​ថា ធនាគារ​មានតួនាទីជាអន្តរការីកម្ម ដោយទទួល​ប្រាក់បញ្ញើពីអ្នកដែលមានថវិកាមិនទាន់ចាំបាច់ប្រើប្រាស់ និងផ្ដល់ថវិកាដល់​អ្នកដែលចាំបាច់ត្រូវការក្នុងការធ្វើអាជីវកម្មឬវិនិយោគផ្សេងៗដូចជាទិញផ្ទះ សង់អូតែល សង់រោងចក្រ ដែលធ្វើឱ្យចរន្តសេដ្ឋកិច្ចដំណើរការ។ 

លោកស្រីបានបន្ថែមថា ក្នុងប្រត្តិបត្តិធនាគារ គឺផ្ដល់ប្រាក់តិចតួចប៉ុណ្ណោះសម្រាប់​​អ្នក ដែលដាក់ប្រាក់បញ្ញើពោល គឺមានកំណត់ ហើយប្រាក់មួយចំនួនទៀតត្រូវផ្ដល់ឱ្យអតិថិជនដែលត្រូវការខ្ចី ហើយការខ្ចីប្រាក់នោះទៀតសោតមានរយៈពេលវែង។ ក្នុងករណីដែលអតិថិជនដកប្រាក់បញ្ញើច្រើនបែបនេះធ្វើឱ្យធនា​គារ​មាន​ប​ញ្ហាសន្ទនីយភាព នេះមានន័យថា ធនាគារមិនមែនមិនសងលុយនោះទេ តែខាងធនាគារបង្វិលលុយមិនទាន់។     

លោកស្រី ជា សិរី បានពន្យល់ថា៖ «ប្រសិនបើទាំងអស់គ្នាមកទារប្រាក់ទាំងអស់ក្នុងពេលតែមួយ ធនាគារគាត់ក៏ត្រូវតែទារពីអ្នកដែលគាត់ឱ្យខ្ចីនោះទាំងអស់ក្នុងពេលតែមួយ ហើយដូចបងប្អូនយើងដឹងស្រាប់ហើយ បងប្អូនយើងអ្នកដែលខ្ចីតាមការធ្វើអាជីវកម្មរបស់គាត់ គឺគាត់គ្មានលទ្ធភាពក្នុងការសងទាំងអស់ក្នុងពេល​តែមួយទេ» ។ 

គួរ​បញ្ជាក់ថា ការព្រួយបារម្ភរបស់មហាជននិងការមិនទុកចិត្តចំពោះប្រព័ន្ធធនា​គារ​នៅកម្ពុជាកើតឡើង ក្រោយមានធនាគារមួយចំនួនបិទទ្វារ ក្នុងនោះមានធនា​គារ​ព្រីនស៍ (Prince ) ធនាគារផេនដា (Panda) ហើយក្រោយមកដោយមានការប្រ​កាសពីបញ្ហាដំណើរការបច្ចេកទេសបន្តិចបន្តួចរបស់ធនាគារ​អេភីឌី (APD) ធ្វើឱ្យ​អតិថិជននាំគ្នាផ្អើលរហូតដល់សម្រុកដកប្រាក់បញ្ញើក្នុងពេលតែមួយបែបនេះ​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍