ក្រ​​សួង​​ពា​​ណិ​ជ្ជ​​កម្ម​​​ចេញ​សេចក្ដី​​ណែ​​នាំ​​ ដើម្បី​​ធា​នា​ប្រ​​ក្រ​​តី​​ភាព​​ នៃ​ការ​​ផ្គត់​​ផ្គង់​​ ទិញ​-​លក់​​ប្រេង​​ឥន្ទនៈ​

ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីណែនាំស្ដីពីការធានាប្រក្រតីភាព នៃការផ្គត់ផ្គង់ ទិញ-លក់ប្រេងឥន្ទនៈសម្រាប់បំពេញតម្រូវការចាំបាច់ ក្រោយពី​រក​ឃើញថា មានស្ថានីយ និងដេប៉ូប្រេងឥន្ទនៈជាង​២០០​០​កន្លែង បានបិទឬផ្អាកប្រតិ​បត្តិការ ដោយ​មិន​ទាន់​បាន​វាយ​តម្លៃ​អនុលោម​ភាព​ពីអង្គភាព​មាន​សមត្ថកិច្ច​។

សេចក្ដីណែនាំ ចុះ​ថ្ងៃសៅរ៍ ទី១៤ ខែមីនា បាន​ឱ្យ​ដឹងថា ក្រុម​ការ​ងារ​ចម្រុះ​បាន​ពិនិត្យ​បូក​សរុប​និង​ផ្ទៀង​​ផ្ទាត់​ ឃើញ​ថា មាន​ស្ថានីយ​ និង​ដេប៉ូ​ប្រេង​ឥន្ធនៈ​ជាង​ ២០០០ ទីតាំង ដែល​បាន​បិទ ឬផ្អាក​ប្រតិ​បត្តិការ​ដោយ​មិន​ទាន់​បាន​វាយ​តម្លៃ​អនុលោម​ភាព​ពីអង្គភាព​មាន​សមត្ថកិច្ច​ ហើយថា ក្រោយ​ពី​ក្រុម​ការងារ​ចម្រុះ បានចុះត្រួតពិនិត្យ​ និង​វាយ​តម្លៃ​ជាក់​ស្តែង​ដល់​ទីតាំង​ បាន​រកឃើញ​ថា នៅសល់​តែស្ថានីយ​ និង​ដេប៉ូប្រេង​ឥន្ធនៈ​ជាង​ ៤០០​ទីតាំង​ប៉ុណ្ណោះនៅបន្ត​បិទ ឬផ្អាក​ប្រតិបត្តិការអាជីវកម្ម​ ដោយសារភាព​យឺតយ៉ាវ​នៃការ​មក​ដល់​នៃស្តុក​ថ្មី​ ហើយ​ក្រៅ​ពីនេះ បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ជា​បន្ត​បន្ទាប់​ គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​​២០២៦។​

សេចក្តី​ណែនាំ​នេះ​​បន្ត​ថា ដើម្បីបន្តធានាដល់ការផ្គត់ផ្គង់ប្រេងឱ្យមានប្រសិទ្ធភាព និង ការចែកចាយប្រកប​ដោយសមធម៌​ ក្រសួងបានណៃនាំស្ថានីយ ក៏ដូចជាដេប៉ូប្រេង ឱ្យជូនដំណឹងដល់ស្ថានប័នពាក់ព័ន្ធអំពីបញ្ហា​ប្រឈម និងការលំបាកផ្សេងៗក្នុងការទទួលបាននូវប្រភពប្រេង ធានាសុវត្តិភាពដល់អតិថិជនពេលចាក់លក់ផ្ទាល់ពីដៃចំពួយបាញ់ប្រេងទៅក្នុងមធ្យាបាយផ្ទុកប៊ីដុង/កាន និងត្រូវជៀសវាងការចាក់បំពេញប្រេង​ក្នុង​មធ្យោបាយផ្ទុកប៊ីដុង/កានស្ដុកទុកជាមុនសម្រាប់លក់​ ដែលជាហេតុបង្កហានិភ័យខ្ពស់​ ហើយ​ស្ថានីយ និងដេប៉ូ ត្រូវផ្គត់ផ្គង់ប្រេងឥន្ធនៈ​តាមបរិមាណបញ្ជាក់លើកាតចេញដោយក្រុមហ៊ុន​ ដែលអ្នកប្រើប្រាស់​មាន​ស្រាប់។

សេចក្ដីណែនាំនេះបន្ថែមទៀត​ថា ចំពោះ​អតិថិជនជាពលរដ្ឋ​ក្នុង​សហគមន៍​ឬកសិដ្ឋាន​ ដែល​មាន​តម្រូវ​ការ​ពាក់ព័ន្ធក្នុង​ខ្សែច្រវាក់​ផលិត​កម្ម​ និង​ភស្តុភារ​កម្ម​ ត្រូវធ្វើការជូនដំណឹងឱ្យទាន់ពេវេលាអំពីកង្វះខាត និងតម្រូវ​ការ​ចាំ​បា​ច់ ទៅ​កាន់​អាជ្ញា​ធរ​មូល​ដ្ឋាន ជាពិសេសមន្រ្តីកសិកម្មឃុំ អាជ្ញាធរមូល​ដ្ឋាន​ដែល​នៅ​ជិត​បំ​ផុត​ ឬមកក្រសួង ដើម្បីអាចទទួលបានការ​វាយតម្លៃ និងសម្របសម្រួល។

ក្រសួងបានណែនាំ​ឱ្យ​ប្រើប្រាស់មធ្យោបាយផ្ទុកប៊ីដុង/កាន ក្នុងកម្រិតចំណុះ ដែលមានសុវត្តិភាព និងធា​នា​ការពារកុំឱ្យមាន​ហានិភ័យ ចូល​រួម​សហ​ការសន្សំសំចៃ និងប្រើប្រាស់ប្រេងចំពោះតែសកម្មភាចម្បងក្នុង​ការ​រក្សា​ដំណើរ​ការ​ចាំ​បាច់​នៃសេដ្ឋកិច្ច-​ពាណិជ្ជកម្ម​។

ក្រសួងពាណិជ្ជកម្ម​បន្ត​ថា មន្ត្រីជំនាញ​នឹង​បន្ត​ចុះ​តាម​ដាន​និង​ត្រួត​ពិនិត្យ​កា​រលក់​ជា​ប្រចាំ​ ដើម្បីធានា​បាន​អនុលោម​ភាព​នៃការ​គ្រប់គ្រង​ការ​ទិញ-លក់ប្រេងឥន្ធនៈតាម​ស្ថានីយ និង​ដេប៉ូ​ រួម​ទាំង​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​ខិល​ខូច​ណា ដែល​កេង​ប្រវ័ញ្ច​ និង​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សាធារណៈ​៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍