ក្រសួងវប្បធម៌និងវិចិត្រសិល្បៈអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា រក្សាភាពស្ងប់ស្ងាត់ និងការឆ្លើយតបដោយទទួលខុសត្រូវ បន្ទាប់ពីមានការជជែកលើបណ្តាញសង្គមថៃ និងក្នុងចំណោមអ្នកនយោបាយថៃមួយចំនួន ជុំវិញសម្លៀកបំពាក់ប្រពៃណី ជាពិសេសគឺ “ស្បៃ”។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងវប្បធម៌បានអះអាងថា ខ្លួនបានសង្កេតឃើញមានព័ត៌មាន និងមតិយោបល់មួយចំនួន ដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ថៃ និងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយថៃមួយចំនួន ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណីនិងការជំទាស់ចំពោះការផ្សព្វផ្សាយបង្ហាញវប្បធម៌ខ្មែរ។
ក្រសួងវប្បធម៌វិចិត្រសិល្បៈបានបញ្ជាក់ថា ខ្មែរមានវប្បធម៌ដ៏សម្បូរបែបទាំងរូបីនិងអរូបី រាប់បញ្ចូលទាំងសម្លៀកបំពាក់ប្រពៃណី និងសិល្បៈផ្សេងៗ សុទ្ធតែផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រនិងបុរាណវិទ្យា។
ក្រសួងបន្តថា ពិសេស “ស្បៃ” ដែលជាផ្នែកសំខាន់មួយនៃការស្លៀកពាក់តុបតែងកាយស្ត្រីខ្មែរ ប្រើសម្រាប់ពានាក្នុងឈុតសម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងកិច្ច “ព្រះថោងតោងស្បៃ” គឺផ្សារភ្ជាប់ទៅនឹងប្រវត្តិ នៃអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន ដែលប្រជាជនខ្មែរបានរក្សាទុកនិងគោរពអនុវត្តគ្រប់ៗជំនាន់រហូតមកទល់បច្ចុប្បន្ន។
សេចក្តីប្រកាសព័ត៌មានសរសេរថា៖ “ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា សូមរក្សាភាពស្ងប់ស្ងាត់ រក្សាការពារភាពថ្លៃថ្នូរជាកិត្តិយសរបស់យើង និងការទទួលខុសត្រូវចំពោះការឆ្លើយតបណាមួយ ដើម្បីរក្សានូវសីលធម៌ខ្ពស់ផ្នែកវប្បធម៌”។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមទៀតថា បេតិកភណ្ឌវប្បធម៌ មិនគួរត្រូវបានយកមកប្រើប្រាស់ជាឧបករណ៍ចំណេញនយោបាយបញ្ឆេះសង្គម និងបង្កើនភាពរើសអើងពូជសាសន៍ឡើយ ផ្ទុយទៅវិញវប្បធម៌ គឺជាស្ពានពង្រឹងការយល់ពីគ្នាទៅវិញទៅមក និងការរីកចម្រើនទាំងអស់គ្នា។
សេចក្តីប្រកាសព័ត៌មាននេះសរសេរថា៖ “ក្នុងន័យនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវផងដែរដល់ស្ថាប័នវប្បធម៌ ស្ថាប័នអប់រំ និងអាជ្ញាធរសាធារណៈនៅក្នុងប្រទេសសមាជិកអាស៊ាន បន្តរួមគ្នាលើកកម្ពស់ការយល់ដឹងប្រវត្តិសាស្ត្រដែលត្រឹមត្រូវ និងការគោរពអត្តសញ្ញាណវប្បធម៌គ្នាទៅវិញទៅមក ដែលជាស្មារតីរួម នៃសហគមន៍អាស៊ាន”៕

