រដ្ឋា​ភិ​បាល​បង្កើត​​រដ្ឋបាល​និង​តំ​បន់​​សេដ្ឋ​​កិច្ច​​ពិ​សេស​​នៅខេត្ត​​កំពង់​ស្ពឺនិង​ព្រះសីហនុ

រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ​និង​​​រដ្ឋ​បាល​តំបន់​សេដ្ឋ​កិច្ច​ពិសេសមួយ​​​​នៅ​ខេត្ត​កំពង់​ស្ពឺនិង​​​​​ព្រះ​សីហនុ​ ដើម្បី​គាំទ្រ​ដល់​គម្រោង​វិនិយោគ​និង​អភិវឌ្ឍន៍​​។​

​យោងតាមអនុក្រឹតចុះថ្ងៃទី១១ ខែមី​នា ឆ្នាំ២០២៦ បាន​ឱ្យ​ដឹង​ថា តំបន់សេដ្ឋកិច្ច​ពិសេសថ្មី​ ដែល​មាន​ឈ្មោះ​ “តំបន់​សេដ្ឋកិច្ច​ពិសេស​ កាណាឌីយ៉ា ផ្លូវជាតិ​លេខ​៥១”​ មាន​ទំហំប្រមាណ​​៥១៨​ ហិកតា​ ស្ថិត​នៅ​ឃុំ​សំបួរ ស្រុក​​​សំរោង​ទងនិង​នៅ​ឃុំ​ភ្នំតូច ស្រុក​សាមគ្គីមុនីជ័យ ខេត្ត​កំពង់​ស្ពឺ​​។

អនុក្រឹត្យ​ដដែលនេះ​ក៏បាន​បញ្ជាក់ថា រដ្ឋ​មន្ត្រីទទួល​បន្ទុក​ទី​ស្តីការ​​​គណៈរដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ អនុ​ប្រ​ធាន​ទី​១ នៃក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​រដ្ឋ​មន្ត្រីគ្រប់ក្រ​សួង​ និង​​ប្រធាន​គ្រប់ស្ថាប័ន​ ដែល​ពាក់​ព័ន្ធ អភិបាល​ នៃគណៈអភិ​បាល​​ខេត្ត​កំពង់​ស្ពឺ​ ត្រូវ​ទទួល​បន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ តាម​ភារ​កិច្ច​​រៀងៗខ្លួន។

នៅក្នុងអនុក្រឹត្យដាច់ដោយឡែកមួយទៀតចុះកាល​បរិច្ឆេទដូច​គ្នា​បាន​ឱ្យ​ដឹង​ថា​ រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតរដ្ឋបាលតំ​បន់​សេដ្ឋ​កិច្ច​ពិសេស ហ្រ្គេន បូកគោ ស្ថិតនៅភូមិព្រែកទាល់ និងភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អនុក្រឹត្យដ​ដែល​បន្ត​ថា តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជាជាប្រធាន តំណាងក្រសួងពា​ណិ​​ជ្ជក​ម្ម ​តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំ​ណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង​តំណាងសា​លា​​ខេត្តព្រះសីហនុ ជាសមាជិក។

រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនេះ មានភារកិច្ចសំខាន់ៗដូចជា ត្រួតពិនិត្យតាមមុខជំនាញ ត្រួតពិនិត្យ​ការ​អនុវត្ត​ការងារ​របស់​អ្នក​អភិវឌ្ឍន៍តំបន់​ និង​អ្នក​វិនិយោគក្នុងតំបន់​លើ​រាល់​សកម្មភាព​នៅក្នុងតំបន់​ ដោយ​ផ្អែក​តាម​គោលការណ៍​ដែល​បាន​​កំណត់​ ពិនិត្យ​លើ​សំណើ​សុំ​ចុះ​បញ្ជីវិនិយោគ​ ពិនិត្យ​ផ្តល់​ជូន​ការ​លើកទឹកចិត្ត ការ​ចេញ​លិខិតអនុញ្ញាត​ អាជ្ញា​បណ្ណ​ វិញ្ញា​បនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ ដែល​បាន​ស្នើ​ឡើង​ដោយ​អ្នក​វិនិយោគក្នុង​តំបន់​។

អនុក្រឹត្យ​នេះ បញ្ជាក់​ទៀត​ថា រដ្ឋបាល​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នេះ​​ក៏នឹង​ត្រួត​ពិនិត្យ​ការងារ​សកម្មភាព​តាម​មុខ​ជំនាញ​នៅក្នុង​តំ​បន់​ សហការ​ជាមួយ​អ្នក​អភិវឌ្ឍន៍​តំបន់ ដោះស្រាយ​ការងារ​ដែល​​ស្ថិតក្នុង​សមត្ថកិច្ច​របស់ខ្លួន សម្រួល​រាល់បែបបទពាក់ព័ន្ធ​​ ធ្វើ​របាយការណ៍​ការងារ​ប្រចាំ​ខែ​ ប្រចាំត្រីមាស ឆមាស និង​​ឆ្នាំ​ និង​ធ្វើ​កិច្ច​ការ​ផ្សេងៗទៀត​ ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ​រាល់​សំណើរ​បស់​អ្នក​វិនិយោគ​ក្នុង​តំបន់​ ពាក់​ព័ន្ធ​នឹង​បណ្តា​​ក្រសួង​ ស្ថាប័ន​នានារបស់​រាជរដ្ឋាភិបាល​។​

អនុក្រឹត្យ​នេះ​បញ្ជាក់​​ផងដែរ​ថា គ្រប់តំណាង​ក្រសួង​ ស្ថាប័ន​ ដែល​​បំពេញ​ភារកិច្ច​នៅក្នុង​រដ្ឋ​បាល​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ហ្គ្រេន បូកគោ ត្រូវ​ដំណើរ​ការ​ការ​ងារ​ទៅតាម​នីតិវិធី ​នៃច្បាប់ និង​​បទ​ប្បត្តិ​ទាំង​ឡាយ​ នៃព្រះរាជាណាចក្រ​កម្ពុជា៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍