កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋមន្ត្រីក្រសួងសុ ខាភិបាល បានប្រកាស “ដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ EIR និងប្រ ព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល HFMIS”។
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ប្រព័ន្ធ EIR ត្រូវបានប្រើប្រាស់នៅមូលដ្ឋានសុខាភិបាលចំនួន ១.៤៤៣ ទីតាំង មានបុគ្គលិកប្រើប្រាស់ ២.៦៥៤ នាក់ និងបានចុះបញ្ជីប្រជាពលរដ្ឋ ១៧៤.៦៨៨ នាក់ ជាមួយកំណត់ត្រា វ៉ាក់សាំងសរុប ១.១០០.១៤៩។
ដោយសារតម្រូវការក្នុងការគ្រប់គ្រងប្រវត្តិនៃការចាក់ថ្នាំបង្ការផ្សេងៗ ក្រសួងទាំងពីរ បានពង្រីក និងអភិ វឌ្ឍប្រព័ន្ធនេះបន្ថែម ឱ្យក្លាយជាប្រព័ន្ធថ្មីឈ្មោះ EIR ដែលមានសុវត្ថិភាព និងសមត្ថភាពខ្ពស់ជាងមុន។ ប្រព័ន្ធនេះបានដាក់ឱ្យសាកល្បងចាប់ពីខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលសុខភាពសំរោងក្រោម និងជ្រោយចង្វារ ហើយបន្តសាកល្បងនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមូលដ្ឋានសុខាភិបាលផ្សេងៗ។
ប្រព័ន្ធ EIR ត្រូវបានអភិវឌ្ឍបន្តពីប្រព័ន្ធចាក់វ៉ាក់សាំងក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដើម្បីកត់ត្រា និងគ្រប់គ្រងប្រវត្តិការចាក់ថ្នាំបង្ការរបស់ប្រជាពលរដ្ឋតាមប្រព័ន្ធឌីជីថល ជំនួសការកត់ត្រាលើក្រដាស។ ប្រព័ន្ធនេះអាចបង្កើតគណនីសម្រាប់អ្នកទទួលវ៉ាក់សាំង កត់ត្រាប្រវត្តិការចាក់ថ្នាំ និងតាមដានកាលវិភាគចាក់ថ្នាំបន្ទាប់។
ចំណែកប្រព័ន្ធ HFMIS ត្រូវបានបង្កើតឡើងសម្រាប់គ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាលឯកជនទូទាំងប្រទេស ដោយអាចបង្ហាញទីតាំងមូលដ្ឋានសុខាភិបាល ប្រភេទសេវា ចំនួនបុគ្គលិក និងតាមដានស្ថានភាពអាជ្ញាបណ្ណ។ ប្រព័ន្ធនេះក៏អាចបង្ហាញស្ថិតិ បែងចែកតាមប្រភេទមូលដ្ឋានសុខាភិបាល និងតាមខេត្ត-ស្រុក ព្រមទាំងស្វែងរកទីតាំងនៅលើ Google Map បានផងដែរ។
ក្រសួងសុខាភិបាលនិងក្រសួងប្រៃសណីយ៍នឹងសហកសារអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនានាបន្ថែមទៀត ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២–២០៣៥។
ប្រព័ន្ធ EIR មានមុខងារសំខាន់ៗដូចជា បង្កើតគណនីចាក់ថ្នាំបង្ការសម្រាប់ប្រជាពលរដ្ឋ កត់ត្រាប្រវត្តិនៃការទទួលថ្នាំបង្ការ កំណត់កាលវិភាគចាក់ថ្នាំបន្ត និងតាមដានទិន្នន័យដោយស្វ័យប្រវត្តិ។ ប្រព័ន្ធនេះក៏កត់ត្រាកាលវិភាគផ្តល់ថ្នាំបង្ការសម្រាប់ទារកអាយុក្រោម ២ ឆ្នាំ វ៉ាក់សាំង HPV សម្រាប់កុមារីអាយុ ៩ ឆ្នាំ វ៉ាក់សាំងតេតាណូស និងខាន់ស្លាក់សម្រាប់ស្ត្រីក្នុងវ័យបន្តពូជ និងវ៉ាក់សាំងផ្សេងៗសម្រាប់ប្រជាពលរដ្ឋទូទៅ។ ប្រជាពលរដ្ឋក៏អាចពិនិត្យប្រវត្តិការចាក់ថ្នាំបង្ការរបស់ខ្លួនតាមរយៈកម្មវិធី MyHealth ក្នុងកម្មវិធី DGSuperApp ផងដែរ។
កន្លងមក ក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការអភិវឌ្ឍប្រព័ន្ធចាក់វ៉ាក់សាំង vaccine.gov.kh ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដើម្បីគ្រប់គ្រង និងកត់ត្រាប្រវត្តិនៃការចាក់វ៉ាក់សាំង។ ប្រព័ន្ធនេះត្រូវបានប្រើប្រាស់ដោយបុគ្គលិកសុខាភិបាលជាង ៨.០០០ នាក់ និងបានកត់ត្រាប្រជាពលរដ្ឋដែលទទួលវ៉ាក់សាំងកូវីដ-១៩ ប្រមាណជិត ១៥ លាននាក់៕

