ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី១១ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» ដោយផ្ដោតលើសារៈសំខាន់ នៃការអាន និងការសរសេរ តាមគ្រប់មធ្យោបាយ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងពិធីប្រារព្ធទិវាជាតិអំណានកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថា ការអាន និងការសរសេរ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការសិក្សាជំនាញ ការលើកកម្ពស់ភាសាជាតិ ការលើកកម្ពស់លទ្ធផលសិក្សា និងការយល់ដឹងពីពិភពលោក។
លោកបន្តថា ក្នុងបរិបទនៃការប្រែប្រួល និងសកលភាវូបនីយកម្ម ការអាន និងការសរសេរ ទាមទារឱ្យមានការអប់រំ និងការបណ្តុះបណ្តាល តែត្រូវយកទុកដាក់ឱ្យកាន់តែខ្ពស់ ជាពិសេសការរិះរកមធ្យោបាយសម្រាប់អំណានដែលមានច្រើនជម្រើសរួមមាន ការអានសៀវភៅ ការអានលើឧបករណ៍អេឡិកត្រូនិក ការអាននៅលើទូរស័ព្ទវៃឆ្លាត និងការអាននៅលើឧបករណ៍ឌីជីថល។
លោក ហង់ជួន ណារ៉ុន បញ្ជាក់ថា៖ «បើយើងក្រឡេកមើលទៅប្រទេសជឿន លឿន ទោះបីបច្ចេកវិទ្យារីកចម្រើនខ្លាំងយ៉ាងណា ការអានដោយប្រើប្រាស់សៀវភៅនៅតែមានសន្ទុះខ្លាំងក្លាដដែល»។
ស្រដៀងគ្នានេះដែរ កញ្ញា សេង ហ្គេកលី ជាអ្នកនិពន្ធសៀវភៅបែបលើកទឹកចិត្ត បានលើកឡើងថា ទោះក្នុងសម័យកាលណាក៏ដោយ សៀវភៅនៅតែជារបស់មួយដ៏មានតម្លៃសម្រាប់ការពង្រីកចំណេះដឹង ជាក់ស្ដែងដូចជាបរិបទបច្ចុប្បន្ន គឺមានភាពប្រែប្រួលក្នុងពិភពលោកដូចជាសង្រ្គាម បញ្ហាសេដ្ឋកិច្ចមួយចំនួនក្នុងប្រទេស ដែលជាហេតុធ្វើឱ្យមនុស្សមានអារម្មណ៍ថា តានតឹងពិបាកនឹងគ្រប់គ្រងអ្វីៗនៅជុំវិញខ្លួនមែនទែន ប៉ុន្តែបើសិនជាបានចំណាយពេលជាមួយសៀវភៅ គឺអាចជួយមនុស្សឱ្យទទួលបានកម្លាំងចិត្ត និងនៅតែមានក្ដីសង្ឃឹម ដែលពិតជាជួយដល់សុខភាពផ្លូវចិត្តក្នុងស្ថានការណ៍លំបាកណាមួយ។
អ្នកនិពន្ធរូបនេះអះអាងថា៖«យើងនៅតែពឹងលើបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការសរសេរ និងការអានដដែល ប៉ុន្តែសម្រាប់ខ្ញុំ គឺនៅតែចូលចិត្តការអាន និងជម្រុញឱ្យមានការអានជាសៀវភៅ»។

អ្នកស្រី ចាន់ លក្ខិណា ជាអ្នកចូលរួមក្នុងកម្មវិធីពិព័រណ៍សៀវភៅ បាននិយាយថា គ្រប់ពេលមានពិព័រណ៍សៀវភៅម្ដងៗ អ្នកស្រីតែងតែមករហូតមិនដែលខកខាននោះទេ ព្រោះអ្នកស្រីមានទម្លាប់អានសៀវភៅយូរឆ្នាំហើយ ទោះរវល់ការងារយ៉ាងណា ក៏មិនដែលភ្លេចការអានសៀវភៅដែរ ហើយអ្នកស្រីតែងណែនាំកូនៗឱ្យទម្លាប់អាន ទោះជាសៀវភៅប្រភេទណាក៏ដោយ។
អ្នកស្រី ចាន់ លក្ខិណា បន្ថែមថា៖ «ពេលខ្ញុំអានក្នុងសៀវភៅខ្ញុំផ្ដោតអារម្មណ៍បានល្អ ហើយនៅពេលអានសៀវភៅ គឺអារម្មណ៍របស់យើងគឺចូលជាមួយនឹងសាច់រឿងក្នុងសៀវភៅនឹងតែម្តង»។
អ្នកស្រី លក្ខិណា បន្តទៀតថា តាមការសង្កេតរបស់អ្នកស្រីពេលមកចូលរួមការពិព័រណ៍សៀវភៅក្នុងឱកាសទិវាជាតិអំណានឆ្នាំនេះ ឃើញមានអ្នកចូលរួមច្រើនដែលភាគច្រើនជាសិស្សានុសិស្ស យុវជន ហើយអ្នកស្រីពិតជាសប្បាយចិត្ត ទោះបីជាបច្ចុប្បន្នជាសម័យបច្ចេកវិទ្យាយ៉ាងណាក៏ដោយ ប៉ុន្តែការអានសៀវភៅនៅតែពេញនិយម។
អ្នកស្រីបានប្រៀបធៀបថា ការអានសៀវភៅក្នុងប្រព័ន្ធឌីជីថលវិញពិតណាស់ គឺទំនើប និងទាន់សម័យថ្មី ប៉ុន្តែអានយូរទៅធ្វើឱ្យឆាប់ឈឺភ្នែក ពិបាកផ្ដោតអារម្មណ៍ និងអានមិនបានយូរនោះទេ។
ពាក់ព័ន្ធនឹងការរៀបចំទូទៅក្នុងកម្មវិធីពិព័រណ៍នេះ លោក ក្រៀម ចាន់ធា អ្នកស័្មគ្រចិត្តផ្នែកសន្តិសុខសណ្នាប់ធ្នាប់ក្នុងកម្មវិធីពិព័រណ៍ ឱ្យដឹងថា ការតាំងពិព័រណ៍សៀវភៅឆ្នាំនេះ មានការចូលរួមពីស្ថាប័នរដ្ឋ ដៃគូ អភិវឌ្ឍ និងវិស័យឯកជនដោយមានចំនួន១១៤ស្តង់។
លោកបន្តថា អ្នកចូលរួមវិញ គឺមានចំនួនច្រើនតាំងពីថ្ងៃបើកកម្មវីធីដំបូង ហើយតាមការប៉ាន់ស្មាន នឹងមានការចូលរួមកាន់តែច្រើននៅចុងសប្ដាហ៍នេះព្រោះតែជាថ្ងៃឈប់សម្រាកពីការងារ។
លោក ចាន់ធា និយាយថា៖«យើងមកទីនេះមិនមែនមកសប្បាយនោះទេ ហើយក៏មិនភ្លេចគិតពីទុក្ខលំបាករបស់ពលរដ្ឋនៅបណ្ដាព្រំដែនដែរ ដូច្នេះទឹកដីក៏យើងគិត ការលើកកម្ពស់ការអានក៏យើងនៅតែបន្ត»។
សូមជម្រាបថា ក្នុងឱកាសទិវាជាតិអំណានលើកទី១១ ឆ្នាំនេះ អ្នកចូលរួមមានចំនួនច្រើន និងមានការរៀបចំស្តង់លក់សៀវភៅជាច្រើន មានសៀវភៅចម្រុះស្នាដៃពីបណ្ដាអ្នកនិពន្ធខ្មែរ ហើយក៏មានការសម្ដែងសិល្បៈបុរាណ និងសម័យចម្រុះ ផ្ដល់នូវចំណីចក្ខុ និងសោតា ជូនអ្នកចូលរួមទស្សនា បូករួមនឹងកម្មវិធីកម្សាន្តមួយចំនួនទៀត។
ទិវាជាតិអំណានមានការផ្លាស់ប្ដូរទៅតាមឆ្នាំនីមួយៗ ហើយកំណើននៃសៀវភៅក៏មានច្រើនដែរ។ បើតាមក្រសួងអប់រំ ធ្លាប់បញ្ជាក់ថា ទិវាជាតិអំណាន ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រសូត្ររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីរម្លឹកដល់ស្នាដៃ និងការចូលរួមអភិរក្សភាសាខ្មែរ៕
អត្ថបទដោយ៖ ផុន លីហ្សា និងសារ៉ន ស៊ីវអ៊ីង

