ក្រសួងមហាផ្ទៃនិងក្រសួងសាធារណការបានដាក់ចេញនូវវិធានការបន្ថែមមួយចំនួន ដើម្បីសម្រួលការផ្តល់សេវាសាធារណៈក្នុងវិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែងាយស្រួល ឆាប់រហ័ស និងទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន បន្ទាប់ពីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួននៅពេលអនុវត្តការងារជាក់ស្តែង។
យោងតាមសារាចរអន្តរក្រសួងចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ និងមានចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា និងលោក ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានតម្រូវការស្នើសុំសេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ចាំបាច់ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លងដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លងដោយត្រូវផ្តិតស្នាមខ្ចៅដៃសាមីខ្លួនដោយផ្ទាល់នៅចំពោះមុខមន្ត្រីទទួលបន្ទុកផ្តល់សេវា និងត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមសម្រាប់មន្ត្រីទទួលបន្ទុកធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់។
សារាចរអន្តរក្រសួងបញ្ជាក់ថា លិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណបុគ្គលច្បាប់ដើម ដែលចេញដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឬលិខិតបញ្ជាក់ភាពត្រឹមត្រូវ នៃទិន្នន័យអត្តសញ្ញាណបុគ្គល ដែលចេញដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
សារាចរអន្តរក្រសួងដដែលនេះបន្ថែមទៀតថា ក្រៅពីនេះ លក្ខខណ្ឌ ឬឯកសារផ្សេងទៀត ដែលតម្រូវក្នុងសំណុំឯកសារ ដើម្បីបំពេញពាក្យស្នើសុំតាមប្រភេទសេវាសាធារណៈនីមួយៗ ត្រូវអនុវត្តតាមនីតិវិធី ដែលចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
សារាចរអន្តរក្រសួងនេះក៏បានណែនាំដល់គ្រប់រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវសហការផ្សព្វផ្សាយ និងចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

