ប្រជាពលរដ្ឋជាង១០០នាក់មកពីសហគមន៍ចំនួនពីរក្នុងខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យចូលរួមកម្មវិធីប្រារព្ធទិវាអន្តរជាតិនារី ដោយអាជ្ញាធរអះអាងថា ប្រារព្ធមិនចំថ្ងៃទិវាអន្តរជាតិនារី។
សេចក្តីរាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណ១៤០នាក់ មកពីសហគមន៍សាមគ្គីរៀបរយ និងសហគមន៍ត្រពាំងកកោះ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំហាមឃាត់មិនឱ្យបន្តដំណើរទៅកាន់ទីតាំងប្រារព្ធកម្មវិធី ដោយហេតុថា មិនមែនជាថ្ងៃប្រារព្ធទិវាអន្តរជាតិនារី។
អង្គការលីកាដូបន្តថា កម្មវិធីនេះរៀបចំដោយសហគមន៍ដីធ្លីឫស្សីស្រុកក្នុងស្រុករវៀង ខេត្តព្រះវិហារ ដោយអ្នកចូលរួមមកពីសហគមន៍ផ្សេងទៀត អាចមកចូលរួមកម្មវិធីនេះបាន ខណៈលោកអភិបាលស្រុករវៀង ខេត្តព្រះវិហារ ក៏បានថ្លែងសារក្នុងកម្មវិធីនេះផងដែរ។
បើតាមអង្គការលីកាដូថា អ្នកចូលរួមកម្មវិធីនេះ បានអំពាវនាវឱ្យអាជ្ញាធរគោរពដល់សិទ្ធិស្រ្តី និងដោះស្រាយបញ្ហាដីធ្លី ព្រមទាំងស្នើឱ្យប្រគល់ដីរបស់ពួកគាត់ត្រឡប់មកវិញ ដែលពួកគាត់ជាជនរងគ្រោះដីធ្លី។
អង្គការលីកាដូបានដកស្រង់សម្តីប្រជាពលរដ្ឋ ដែលចោទថា សហគមន៍ដីធ្លីឫស្សីស្រុក មានបញ្ហាជម្លោះដីធ្លីជាមួយក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡូបមេន ដែលបានចាប់ផ្តើមឈូសឆាយដីនិងដំណាំរបស់ពួកគាត់កាលពីខែកញ្ញា ឆ្នាំ២០២៥។
អង្គការលីកាដូបន្តទៀតថា ក្រុមហ៊ុននេះ ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមួយចំនួនក្នុងខេត្តព្រះវិហារ ជាក្រុមហ៊ុន ដែលមានទំនាក់ទំនងជាមួយកូនរបស់លោក ទ្រី ភាព គឺលោកស្រី ទ្រី ដាលីន លោក ទ្រី ដាលុច និងលោក ទ្រី ដាភ័ស្ត ហើយថា បើតាមពលរដ្ឋ ក្រុមហ៊ុនបានផ្តល់ជម្រើសឱ្យទទួលយកនូវសំណងបន្តិចបន្តួច បន្ទាប់ពីដំណាំរបស់ពួកគាត់ត្រូវបានឈូសឆាយ និងគំរាមកំហែងមិនឱ្យចូលទៅកាន់ដីចម្ការរបស់ពួកគាត់៕

