ក្រុមអ្នកប្រកបរបរពីវិស័យទេសចរណ៍នៅខេត្តសៀមរាប លើកឡើងថាការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរបរទេសនៅតំបន់អង្គរ នោះក៏ដោយសារតែផ្តើមចេញពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងការរីកធំឡើងនៃជម្លោះក្នុងពិភពជាហេតុនាំអោយប៉ះពាល់ដោយផ្ទាល់ដល់ប្រភពចំណូលជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោក ឈួន សុភាព ជាមគ្គុទ្ទេសក៍ទេសចរ និយាយភាសាជប៉ុន និងអង់គ្លេស នៅខេត្តសៀមរាប។លោកធ្វើការនេះអស់រយៈពេល២០ឆ្នាំមកហើយ។ លោក សុភាព សង្កេតឃើញថា ជម្លោះព្រំដែនខ្មែរ-ថៃ ជាកត្តាដែលធ្វើឲ្យភ្ញៀវទេសចរបរទេសមួយចំនួនបានពន្យារពេល ឬលុបចោលដំណើរកំសាន្តមកខេត្តសៀមរាបតែម្តង។
លោកមានប្រសាសន៍ថា៖«ភ្ញៀវជាក្រុមមានលុបចោលខ្លះ វាមានខ្លះដែរ។ភ្ញៀវខ្លះខ្លាចដែរ ភ្ញៀវណាហ៊ានចេះតែមកទៅ។មិនមែនលុបចោលខ្លាំងទេ លុបចោលតិចតួច។ អត់សូវមានក្រុមធំមក មានក្រុមតូច២នាក់៣នាក់មក»។
គ្រឹះស្ថានអង្គរ ជាស្ថាប័នរដ្ឋត្រួតពិនិត្យការលក់សំបុត្រនៅតំបន់រមណីដ្ឋានអង្គរ ហើយតម្លៃសំបុត្រភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរត្រូវបានចែកចេញជា៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។
របាយការណ៍របស់គ្រឹះស្ថានអង្គរបង្ហាញថា ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៦ មានភ្ញៀវទេសចរអន្តរជាតិសរុប ១៨៨ ៨៨៥នាក់ បានទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ថយចុះ ៣២,៤៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ដោយឡែក ចំណូលពីការលក់សំបុត្រវិញ គឺទទួលបានជាង៩លានដុល្លារអាមេរិក។
ជាអាជីវករលក់ឧបករណ៍ភ្លេងបុរាណ នៅជ្រុងម្ខាងនៃប្រាសាទអង្គរវត្ត លោក សិត សិទ្ធិ បានប្រាប់ថា មានភ្ញៀវបរទេសតិចតួចមកមើលព្រះអាទិត្យរះនៅអង្គរ តែពេលថ្ងៃវិញស្ងាត់ជ្រៀប។អ្នកលក់ទ្របន្ថែមថា ពេលខ្លះមានភ្ញៀវឥណ្ឌាមកលេងច្រើន ប៉ុន្តែពួកគេមិនសូវចាយលុយ។
លោកប្រាប់ថា៖«ភ័យដែររកលុយធរនាគារអត់បាន។ខ្លាចគេរឹបអូសផ្ទះខ្វះខាតច្រើនដែរ តាំងលុយកូនរៀន រកអត់បាន។ពីមុនរកលុយបង់អង់គ្លេសអោយកូនរៀនបាន ឥឡូវអោយកូនផ្អាករៀនអង់គ្លេសសិន ផ្អាករៀនគួរខ្លះ អត់លុយបង»។

បណ្តាស្ថានទូតមួយចំនួន ដូចជា អាមេរិក បារាំង អូស្ត្រាលី និងកូរ៉េជាដើម កាលពីខែកក្កដា ឆ្នាំ២០២៥បានជូនដំណឹងដល់បណ្តាពលរដ្ឋរបស់ខ្លួន គួរជៀសវាងធ្វើដំណើរទៅកាន់ខេត្តតាមបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃ ដែលអាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួន។
របាយការណ៍ប្រចាំឆ្នាំ២០២៥ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា(NBC) បង្ហាញថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបជាង ៥,៥ លាននាក់ ដែលចំនួននេះបានថយចុះប្រមាណ១៦.៩% ពីចំនួន ៦,៧លាននាក់ក្នុងឆ្នាំ២០២៤។ តាមរបាយការណ៍ដដែល ចំណូលពីទេសចរណ៍អន្តរជាតិក្នុងឆ្នាំ ២០២៥ សម្រេចបានប្រមាណ ៣,៧ ប៊ីលានដុល្លារ ដោយកើនឡើង ៣% បើធៀបនឹងឆ្នាំ២០២៤។ការកើនឡើងនេះ ដោយសារភ្ញៀវម្នាក់ៗចំណាយច្រើនជាងមុន និងស្នាក់នៅយូរជាងមុន។ ក្នុងនោះភ្ញៀវទេសចរវៀតណាម មានចំនួនច្រើនជាងគេ រហូតដល់ជាង ១លាន២សែននាក់។ បន្ថែមពីនេះ ក៏មានភ្ញៀវទេសចរមកពីប្រទេសចិន ថៃ អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ឡាវ អង់គ្លេស និងជប៉ុនដែរ។
ងាកទៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ឯណោះវិញ មើលឃើញថា អ្នករកស៊ីតូចតាចដូចជា អ្នករត់កង់បី អ្នកលក់វត្ថុអនុស្សាវរីយ៍ និងអ្នកដឹកជញ្ចូន នៅតំបន់អង្គរខេត្តសៀមរាប កំពុងប្រឈមនឹងបញ្ហាជីវភាពធ្លាក់ចុះ ក្នុងគ្រាថយចុះចំនួនភ្ញៀវទេសចរបរទេស។
លោកមានប្រសាសន៍ថា៖«គាត់បាត់បង់ប្រាក់ចំណូល បាត់បង់ឱកាសពង្រីកអាជីវកម្ម បាត់បង់ការរៀនសូត្រកូនៗរបស់គាត់។បញ្ហាប្រឈមបំណុលធរនាគា គឺប្រឈមខ្លាំងមែនទែន”។ នេះជាបញ្ហាប្រឈមមួយ។ចំណុចសំខាន់រួមសេចក្ដីមក បាត់បង់នៅប្រាក់ចំណូល បាត់បង់ជីវភាពប្រចាំថ្ងៃអាហារហូបចុកសព្វបែបយ៉ាងប៉ះពាល់ខ្លាំងមែនទែន»។
ក្នុងបរិបទនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ស្ថានទូតមួយចំនួនដូចជា បារាំង អាមេរិក អូស្ត្រាលី និងកូរ៉េប្រចាំកម្ពុជា ធ្លាប់បានហាមឃាត់ដាច់ខាតមិនឱ្យពលរដ្ឋរបស់ខ្លួនទៅទស្សនាតំបន់ទេសចរណ៍ ក្នុងរយៈចម្ងាយ ៥០គីឡូម៉ែត្រក្បែរព្រំដែនកម្ពុជា-ថៃ។
លើសពីនេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាមើលឃើញថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងពេលបច្ចុប្បន្ននេះ ដោយសារតែជម្លោះព្រំដែនខ្មែរថៃ និងអំពើឆបោកតាមប្រព័ន្ធអនឡាញ។ទន្ទឹមគ្នានេះលោក ស៊ីណាន ចង់ឱ្យអ្នកពាក់ព័ន្ធ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម និងបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍សុវត្ថិភាពនៅប្រទេសកម្ពុជាដែរ។
លោកបន្តថា៖«អ្វីដែលយើងត្រូវធ្វើគឺត្រូវបង្កើនការផ្សព្វផ្សាយវិស័យទេសចរណ៍ឱ្យបានច្រើនខ្លាំងក្លាតាមអ្វីដែលយើងអាចធ្វើបាន។[…..]សព្វថ្ងៃការផ្សព្វផ្សាយមានកំរិតមែនទែន ដែលវាអត់ឆ្លើយតបកំរិតទីផ្សារ »។

Press Start Cambodia មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងទេសចរណ៍លោកស្រី ហ៊ុន ដានី បានទេជុំវិញការថមថយចំនួនភ្ញៀវទេសចរនៅតំបន់អង្គរខេត្តសៀមរាប។តែក្រសួងទេសចរណ៍ ធ្លាប់បានប្រកាសថា ប្រទេសកម្ពុជា នៅតែជាគោលដៅទេសចរណ៍ មានសុវត្ថិភាព និងសន្តិសុខ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ដើម្បីសម្រាលបន្ទុក នៅចំពោះមុខនេះ កាលពីទី៣០ខែមករាឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច បានប្រកាសពីការលើកលែងពន្ធដល់សហគ្រាសទេសចរណ៍ក្នុងខេត្តសៀមរាបសម្រាប់ឆ្នាំ២០២៦។បើតាមក្រសួងសេដ្ឋកិច្ច សហគ្រាសដែលត្រូវទទួលបានលក្ខខណ្ឌពិសេសនេះ រួមមាន៖សណ្ឋាគារផ្ទះសំណាក់ ភោជនីដ្ឋាន និងក្រុមហ៊ុនទេសចរត្រូវបានលើកលែងពន្ធប្រាក់ចំណូលប្រចាំឆ្នាំ២០២៦ ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែពន្ធអាករលើតម្លៃបន្ថែម និងពន្ធអាករលើការស្នាក់នៅ។ការលើកលែងពន្ធសម្រាប់ខេត្តសៀបរាបនេះធ្វើឡើង ស្របពេលដែលចំនួនភ្ញៀវទេសចរមកកាន់កម្ពុជាបានបន្តធ្លាក់ចុះ។
ជាគោលនយោបាយ លើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក ក្រសួងទេសចរណ៍កម្ពុជា នៅដើមឆ្នាំ២០២៦នេះ បានប្រកាសដាក់ឱ្យអនុវត្ត ការលើកលែងទិដ្ឋាការ ដល់ភ្ញៀវទេសចរចិនរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ តាមរយៈការលើកលែងទិដ្ឋាការនេះ ភ្ញៀវទេសចរចិន នឹងអាចស្នាក់នៅក្នុងប្រទេសកម្ពុជា បានចំនួន ១៤ថ្ងៃ ដោយមិនតម្រូវឱ្យមានពាក្យស្នើសុំ និងបង់ថ្លៃសេវា ប៉ុន្តែតម្រូវឱ្យបំពេញ E-arrival card។
ចំណែក លោក ជិន អ៊ី ដែលមានវ័យ៤២ឆ្នាំ ជាមេគ្រួសារ ដែលមានមុខរបរជាអ្នករត់កង់បីរងចាំដឹកភ្ញៀវនៅមុខប្រាសាទអង្គរវត្តនិយាយថាពីមុនលោកអាចរកចំណូលបានប្រហែលបាន ៥ទៅ៦ម៉ឺនរៀល ក្នុងមួយថ្ងៃ ប៉ុន្តែរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចំណូលពីការដឹកភ្ញៀវទេសចរធ្លាក់ចុះ៥០ភាគរយ។អ្នកបើកកង់បីសង្ឃឹមថាគោលនយោបាលលើកលែងវីសា នឹងមានភ្ញៀវចិនមកលេងប្រាសាទអង្គរវត្តច្រើនជាងមុន។
លោក ជិន អ៊ី បានរៀបរាប់ថា៖« រកចំណូលសឹងតែមិនគ្រប់បង់ធនាគារ២០០$ក្នុងមួយខែ កូនរៀនផង អីផង។ សង្ឃឹមតែគោលនយោបាលលើកលែងវីសា មានភ្ញៀវចិនមកលេងច្រើន»៕

