កម្ពុជា​ចុះបញ្ជី​ទុន​វិនិយោគ​ប្រមាណ​១៦៦​លាន​ដុល្លារ​ ដែលអាចផ្តល់​ការងារ​ ២៤ពាន់កន្លែង

កម្ពុជា​​ចុះបញ្ជី​គម្រោងវិនិយោគសរុបចំនួន ៤២ ក្នុងទំហំទុនសរុបប្រមាណ​១៦៦ លានដុល្លារអាម៉េរិក នៅ​ក្នុងខែកុម្ភៈ និងអាចបង្កើតការងារជាង២៤ពាន់កន្លែង។ 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញនៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៦ បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគទាំង៤២នេះ មានគម្រោងចំនួន ១៨ ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមមាន ក្រៅតំបន់សេដ្ឋ​កិច្ចពិសេសចំនួន ៩គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៩គម្រោង រីឯគម្រោង​ចំនួន ២៤ ត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត (អ.គ.វ.រ.ខ.) ។​​

សេចក្ដីប្រកាសដដែលបានបញ្ជាក់ទៀត​ថា​ គម្រោងវិនិយោគ ដែលត្រូវ បានចុះបញ្ជីក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះ មានជាអាទិ៍ គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប, ផលិតកេសកាតុងនិងផលិតផលពីក្រដាស, ផលិតគ្រឿងសង្ហារិមសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតសម្ភារបោះជំរំ, កែច្នៃសំណប៉ាហាំង, ផលិតក្តារបន្ទះ, ផលិតចំណៀរឈើ, កែច្នៃលោហធាតុ និងផលិតផលពីប្លាស្ទិក, ផលិតសារធាតុគីមី​, ផលិតដើមណូអែល, ផលិតនិងផ្តុំដំឡើងក្បាលរ៉ូប៊ីណេ, ផលិតគ្រឿងបង្គំបន្ទះសូឡានិងគ្រឿងបង្គុំបរិក្ខារអគ្គិសនី។ល។ 

បន្ថែមពីនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានបង្ហាញពីប្រភពវិនិយោគទុនឈានមុខក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះ ដែលក្នុងនោះរួមមានប្រទេសចិន ៨៥​,២៨% កម្ពុជា ៦,១០% កោះ Somoa ៣,៣៥% សហរដ្ឋអាមេរិក​ ៣,០១% និងសិង្ហបុរី ២,២៦% ។ 

ទាក់ទិននឹងរបាយការណ៍វិនិយោគទុននេះដែរ គេសង្កេតឃើញថា ខេត្តកំពង់ស្ពឺមានចំនួនគម្រោងច្រើនជាងគេ ដែលក្នុងនោះមានរហូតដល់៩គម្រោងឡើងទៅ។ ចំណែកភ្នំពេញ ខេត្តកណ្កាល ខេត្តតាកែវ និងខេត្តព្រះសីហនុ មានចំនួនចន្លោះពី៥ទៅ៦គម្រោង និងចុងក្រោយគឺខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀងមានចំនួនចន្លោះពី១ទៅ៤គម្រោង។  

គិត​ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្ពុជាមានគម្រោងវិនិយោគសរុបចំនួន ១០៥ គម្រោង និងគិតជាទឹកប្រាក់សរុប ៩៦៦ លានដុល្លារអាមេរិក ដែលក្នុងនោះវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមានចំនួន ៤៦៤លានដុល្លារ វិស័យកសិកម្មនិងកសិឧស្សា​ហកម្មមានចំនួន ៣លានដុល្លារ និងវិស័យឧស្សាហកម្មមានចំនួន ៥០០ លានដុល្លារ រុញច្រានឱ្យមានឱកាសការងាររហូតដល់ ៣៩ពាន់​កន្លែង៕

អត្ថបទគួរឱ្យចាប់អារម្មណ៍