ក្រុមខ្លាំងព្រះខ័នរាជស្វាយរៀងនឹងប្រកួតជាមួយក្រុមភ្នំពេញក្រោនសម្រាប់ជំនួបជើងទី២ ដែលធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោដើម្បីស្វែងរកក្រុម ដែលអាចឈានទៅវគ្គបន្តក្នុងពានរង្វាន់ AFC Challenge League ២០២៥/២៦។
ក្រុមព្រះខ័នរាជស្វាយរៀងបានវាយបកយកជ័យជម្នះលើក្រុមភ្នំពេញក្រោនក្នុងលទ្ធផល ៤-១ ក្នុងជើងទី១ បន្ទាប់ពីត្រូវភ្នំពេញក្រោននាំមុខ ១-០ មុន កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ នៅពហុកីឡជាតិអូឡាំពិក។
នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Matthew McConkey គ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀងបានលើកឡើងថា ការប្រកួតនៅជើងទី២ នេះ មិនមែនជារឿងងាយស្រួលសម្រាប់ក្រុមរបស់លោកនោះទេ ព្រោះក្រុមភ្នំពេញក្រោននឹងមិនបណ្តោយឲ្យក្រុមរបស់លោកលេងបានស្រួលដូចក្នុងជំនួបលើកទី១ ទេ។
លោក Matthew បានថ្លែងថា៖ “ការប្រកួតជាមួយ PPC តែងតែពិបាក ព្រោះជាក់ស្ដែងការប្រកួតនេះ ស្ថិតក្នុងបរិបទខុសគ្នា។ រឿងផ្សេងគ្នានឹងកើតមានឡើង អញ្ចឹងអ្វីដែលយើងត្រូវធ្វើ គឺការរៀបចំឱ្យដូចការប្រកួតរាល់ដង ព្យាយាមធ្វើម៉េចឱ្យឈ្នះ ហើយឈានទៅវគ្គបន្ដទៀត»។
លោកបន្ថែមថា៖ “សម្រាប់យើងលទ្ធផល ៤-១ កាលពីជើងទី១ មើលទៅហាក់ដូចជារឿងអយុត្តិធម៌ទៅខាង PPC បន្ដិច។ ដូច្នេះ ពួកគេនឹងលេងជាមួយអ្វីគ្រប់យ៉ាងសម្រាប់ការប្រកួតនៅជើងទី២»។
ដោយឡែកលោក Oleg Starynksyi គ្រូបង្វឹកបង្គោលរបស់ក្រុមភ្នំពេញក្រោនបានបកស្រា យក្នុងសន្និសីទថា ពុំមានអ្វីគួរឲ្យបារម្ភចំពោះការប្រកួតនៅជើងទី២នេះទេ ដោយសារតែក្រុមរបស់លោកមានកម្លាំងចិត្តយ៉ាងមុតមាំសម្រាប់ការប្រកួតនេះ រួមផ្សំជាមួយកីឡដ្ឋានដែលពោរពេញទៅដោយភាពល្អស្អាតផងនោះ អាចធ្វើឲ្យកូនក្រុមរបស់លោកមានកម្លាំងចិត្តក្នុងការយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀងបាន។
លោកនិយាយថា៖ “ជាការពិតណាស់សម្រាប់ការជួបគ្នា ២ លើកចុងក្រោយនៅទីនេះគឺយើងទទួលបានលទ្ធផលវិជ្ជមាន។ ទីនេះ គឺជាកីឡដ្ឋានដ៏ស្រស់ស្អាតមួយ ដែលធ្វើឲ្យយើងមានទឹកចិត្តបន្ថែមទៀតក្នុងការលេង។ យើងនឹងខំប្រឹងប្រែង ដើម្បីការប្រកួត ព្រោះគ្មានអ្វីត្រូវខ្លាចទៀតនោះទេ។ យើងត្រូវតែយកឱកាសដែលមាន និងខំប្រឹងឲ្យអស់ពីសមត្ថភាព។ យើងមានឆន្ទះខ្លាំង និងធ្វើឲ្យអស់ពីសមត្ថភាព”។
គួររំឭកថា ក្រៅពីការប្រកួតដ៏សំខាន់នាយប់នេះ ក៏មានក្រុម DEWA UNITED FC នឹងត្រូវប្រកួតជាមួយ MANILA DIGGER FC នៅកីឡដ្ឋាន Sport Center KELAPA DUA TANGERAND ផងដែរ ក្នុងវគ្គ ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ AFC Challenge League នាឆ្នាំនេះ៕

