ចលនា​មាតា​ធម្មជា​តិ​​បង្ហាញសំណល់ភស្តុតាងសង្ស័យមាន​ទីតាំង​ឆបោកអនឡាញ​នៅភ្នំបូកគោ តែអាជ្ញាធរថាមិនមានករណីនេះទេ

ក្រុម​ចលនា​មាតា​ធម្ម​ជាតិ​ បាន​ផ្សព្វ​ផ្សាយ​វីឌីអូ​លើ​បណ្តាញ​សង្គម​ពី​ភស្តុ​តាង​​បន្សល់​ទុក​ដោយ​ឧក្រិដ្ឋ​កម្ម​ឆបោក​អន​ឡាញ​នៅ​ឧទ្យាន​ជាតិ​ភ្នំ​បូកគោ ខេត្ត​កំពត​ ​ដោយទាមទារឱ្យរដ្ឋាភិបាល​​ស៊ើប​​អង្កេត ដើម្បី​បោស​សម្អាត​ឧក្រិដ្ឋ​កម្មនេះឱ្យដល់ឬសគល់ ខណៈ​​អាជ្ញាធរ​ខេត្ត​ថាមិនមានករណីនេះ​នៅ​តំបន់​នោះទេ។​

​​ទំព័រហ្វេសប៊ុក​យុវជ​នច​លនា​មាតា​ធម្មជា​តិ​​​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៦ បាន​ផ្សព្វ​ផ្សាយ​វីឌីអូ​ដែលមាន​រយៈ​ពេល​​ជិត​១នាទី បានផ្តិតយករូបភាព និង​​កាសសំណល់លើភ្នំបូកគោ ក្នុងនោះ​មាន​រូប​ថតជនបរទេស​ និង​អក្សរ​ចិន​ ឯកសារ​ជា​ច្រើន​សន្លឹក អគារ​គ្មាន​មនុស្ស​នៅ ដោយ​សង្ស័យ​​ថា ជាប់​ពាក់​ព័ន្ធ​ឧក្រិដ្ឋ​កម្ម​តាម​អន​ឡាញ។

ក្នុងវីឌីអូនោះ រំលេចអក្សរថា៖ «ទោះជា​មជ្ឍមណ្ឌល​ឆបោក​អន​ឡាញ​សម្អាត​ជិត ២០០​ករណីនៅ​ទូទាំង​ប្រទេស​ក្តី តែ​អំពើ​ពុក​រលួយ​ជា​គ្រោះ​ថ្នាក់​ធំ​នៃ​ការ​បំផ្លាញ​ឧទ្យាន​ជាតិ​នេះ។ អង្គ​ការ​រដ្ឋ​មាន​ទួនាទី​សំខាន់​ស៊ើប​អង្កេត​ករណី​នេះ»។

បន្ថែមលើនេះ សមាជិកក្រុមយុវជនចលនាមាតាធម្មជាតិ កញ្ញា មាន លីសា បានថ្លែងប្រាប់ Press Start Cambodia នៅថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២៦នេះ​ថា ភស្តុ​តាង​ទាំង​នោះ ក្រុមការងារ​ចលនា​មាតាធម្មជាតិ​ បាន​ប្រទះ​ឃើញនៅ​​ក្នុង​គំនរ​សំរាម​​លើ​ភ្នំ​បូក​គោ ពេលធ្វើដំណើរកំសាន្តជុំគ្នានៅទីនោះ។

កញ្ញាថា៖ «ពេលដែល​យើង​ប្រមូល​ឯកសារ​ហ្នឹង ក្នុង​បញ្ជីឈ្មោះ​មួយ​ៗ​មាន​ជនជាតិ​វៀតណាម​ច្រើន​មែន​ទែន ក្រៅពីវៀតណាម មានជនជាតិ​ចិន រចនាសម្ព័ន្ធ​ហ្នឹង​គឺ​អក្សរ​ចិន ​ប៉ុន្តែអ្នក​ដែល​ធ្វើ​ការ​​ក្នុងអាគារ​មួយ​ៗ​ហ្នឹង គឺ​មានជនជាតិ​វៀតណាម​ច្រើនជាង​គេ»។​

យ៉ាងណា កញ្ញា លីសា បានគូសបញ្ជាក់​​ថា​៖ «ឥលូវ​នេះ​ គេចា​ប់​ផ្កើម​ធ្វើកា​រ​បោស​សម្អាត​នៅ​លើ​ភ្នំ​បូក​គោ កំឡុលពេលដែលពួកយើងទៅ។ ហើយមានភស្តុតាងមួយចំនួន ដែលសង្ស័យថា ជា​កាកសំណល់ចេញ​ពីអាគារអនឡាញស្កេមហ្នឹង។ យើង​ដឹង​ហើយ​អគារ​អន​ឡាញ​លើ​ភ្នំបូក​គោ មាន​ការ​ស៊ើប​អង្កេត​តាំង​​ពី​មុនៗ​មក ជាពិសេស​បណ្តុំ​អគារនៅ​ក្រោយ​សណ្ឋា​គារ​ឋានសួគ៏​ ដែល​ស្ថិត​នៅ​ក្នុង​ទីតាំង​តំបន់​ដី​សម្បទាន​សេដ្ឋ​កិច្ច​របស់​ឧកញ៉ា សុខ គង់។ មាន​សំនួរ​តាំង​ពី​យូរយា​ម​ក​ហើយ​ថា ហេតុ​អីបាន​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​ហ្នឹង ត្រូវ​បាន​ជ្រៀត​ចូល​ទៅ​ក្នុង​ឧទ្យាន​ជាតិ មុន្នី​វង្ស​ភ្នំ​បូកគោ ដែល​ជា​ទី​មរតក​វប្ប​ធម៌ និង​មរតក​​ធន​ធាន​ធម្ម​ជាតិ»។

Press Start Cambodia មិន​អាចសុំការ​ឆ្លើយ​តបជុំវិញករណីនេះពីអ្នកឧកញ៉ា សុខ គង់ អគ្គនាយក​​ក្រុមហ៊ុន​សូគីម៉ិច​ អ៊ិនវេសមេនគ្រុប ដែលទទួលបានសិទ្ធិ​វិនិយោគ​អភិវឌ្ឍន៍ពីរាជ​រដ្ឋាភិបាល លើទំហំដី​ប្រមាណ ៤ម៉ឺន​ហិកតា ​នៅឧទ្យា​ន​ជាតិ​ព្រះមុនីវង្ស​(បូកគោ) ចាប់តាំង​ពីឆ្នាំ​២០០៨​នោះ ​បាន​ទេ​នៅ​រសៀល​ថ្ងៃទី​១១ ខែ​មិនា​នេះ។ 

យ៉ាង​ណា ​អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បាន​ឆ្លើយតបយ៉ាងខ្លីថា គ្មានករណីបទល្មើស​ឆបោក​តាម​អនឡាញ​នៅ​តំបន់ឧទ្យាន​ជាតិភ្នំបូកគោ​នោះ​​ទេ និង​ជំរុញឱ្យ​ចុះទៅ​ជួប​អាជ្ញាធរ​ផ្ទាល់ ដើម្បីទទួលបានព័ត៌​មាន​​លម្អិត។

លោកថា​៖ «ឱ្យវា[ចលនាមាតាធម្មជាតិ​]មក​ជួបជាមួយ​គណៈបញ្ជាការឯកភាពខេត្ត ឬក៏សួទៅស្នង​ការ​ដ្ឋាន​​នគរបាលខេត្ត​ក៏បានដែរ ចង់ដឹងការពិតមកសួរមកថា ស្ថានភាពវាយ៉ាងម៉េច! ទាន់ទេ»។

នាយក​ទទួលបន្ទុកកិច្ចការ​ទូទៅ​នៃ​អង្គកា​រ​សិទ្ធិ​​មនុស្សលីការដូ លោក អំ សំអាត យល់​ថា នៅពេល​មាន​ការ​រាយ​ការណ៍ ឬ​មាន​ព័ត៌​មាន​​ទាក់​ទង​ទីតាំង​​សង្ស័យ​នៃ​​បទ​ល្មើស​​​​ឆបោក​​តាម​​អនឡាញ អាជ្ញាធរ​គួរ​​ចុះទៅ​​ស៊ើប​អង្កេត​ឱ្យ​បាន​ម៉ង​ចត់ និង​ឈាន​ទៅ​បង្រ្កាប​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិ​បាល ដែលដាក់ទិសដៅ​ក្នុងការ​​បង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញ​ឱ្យអស់ពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦នេះ​។

លោកថា៖ «នៅពេលដែលមានការទទួល​ព័ត៌មាន​ទាំង​អស់​ហ្នឹង គប្បី​ដាក់​គោល​ដៅ​ក្នុង​ការ​ស្រាវ​ជ្រាវ និង​ការ​ស៊ើប​អង្កេត ជា​ជាង​ការ​ឆ្លើយ​តប បដិសេធ ឬ​ដាក់​បន្ទុក​ទៅ​ដោយ​និន្នាការ។បញ្ហា​ឆបោ​ក​នេះ ជា​បញ្ហា​មួយ​ធ្ងន់​ធ្ងរ ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​សម្រាប់​កម្ពុជា ជាពិ​សេស​យើង​ឃើញ​ហើយ​វិស័យ​ទេស​ចរណ៍​បរទេស វិស័យវិនិយោគ វិស័យ​ផ្សេង​ទៀត និងស​ន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម ប៉ះពា​ល់​ធ្ងន់​ធ្ងរ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា»។

របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៦​នេះ ​ជន​​បរទេស​​សរុប​ចំនួន ៧២៤នាក់ (ស្រី ១៦៣នាក់) មាន១៥​សញ្ជាតិ រួម​មាន ចិន ជប៉ុន ប៉ាគី​ស្ថាន ឥណ្ឌា ឥណ្ឌូនេស៊ី ចិន កូរ៉េ ជាដើម ត្រូវបានបណ្ដេញ​​​ចេញ​​​ពី​កម្ពុជា ពាក់​​ព័​ន្ធ​ករណី​លួច​ឆ្លង​ដែន ស្នាក់​នៅ​គ្មាន​លិខិត​ឆ្លង​ដែន ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ប្រើ​ប្រាស់​ទិដ្ឋា​ការ​ក្លែង​ក្លាយ និង​ធ្វើ​​កា​រ​ងារ​​ខុស​​ច្បាប់​នៅ​កម្ពុជា៕

អត្ថបទគួរឱ្យចាប់អារម្មណ៍