សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសយុវជន​​​ ធូ វ៉ាឃីម ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ពីបទ”ញុះញង់”​

នៅព្រឹកថ្ងៃពុធ​នេះ សា​លា​ដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទា​ទោសជា​យុវ​ជន​​​ម្នាក់ ​ដែល​សកម្មក្នុង​ការ​បញ្ចេញ​មតិ​អំ​ពីបញ្ហា​​សង្គម​​​ ឱ្យ​ជាប់​ពន្ធ​នា​គា​រ​​រយៈ​ពេល​ ២ឆ្នាំ​ និង​ពិ​​ន័យជា​ប្រាក់ ​៤លាន​រៀល​ ​ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”​​។

ចៅក្រ​មសាលាដំបូងរាជធានីភ្នំពេញ​ លោក ងួន រតនៈ មាន​ប្រសាសន៍ថា ៖ “​តុលា​ការ​សម្រេច​ផ្តន្ទា​ទោស​ជនជាប់ចោទ ធូ វ៉ាឃីម ឱ្យជាប់ពន្ធនាគាររយៈ​ពេល​ ២ឆ្នាំ និងពិន័យជាប្រាក់ ៤លាន​រៀល ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍​”។

លោកចៅក្រម ងួន រតនៈ ក៏បានបង្គាប់​ឱ្យ​រឹបអូសទូរស័ព្ទដៃ​មួយគ្រឿងម៉ាក IPhone X និងកុំព្យូទ័រ​មួយគ្រឿងផងដែរ។

លោក វ៉ាឃីម ត្រូវបានឃាត់​ខ្លួននៅ​រាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០​២៥ បន្ទាប់ពី​​​លោកបានបញ្ចេញមតិ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដែល​មាន​លក្ខណៈរិះគន់​រដ្ឋាភិបាល​។​ នេះ​​បើ​តាម​ការ​លើកឡើង​របស់​អង្គការ​លីកាដូ។​

អង្គការ​លីកាដូ​បាន​បន្ថែមទៀត​ថា មុន​ពេលចាប់ខ្លួន លោក វ៉ាឃីម តែងតែលើកឡើងពីបញ្ហា​សិទ្ធិ​​មនុស្ស និងសិទ្ធិដីធ្លី និង​ធ្លាប់​បានអំពាវនាវឱ្យមានការដោះលែងយុវជន​ជាសកម្មជនសង្គម និងបរិស្ថាននានា ដែលរួមមាន លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ព័ន្ធនិស្សិតបញ្ញាវន្ត​ខ្មែរ (KSILA) សកម្មជន​ចលនាមាតាធម្មជាតិទាំង ៥ រូប និងទាម​ទារ​ឱ្យមានយុត្តិធម៌លើ​ការស្លាប់របស់លោក បណ្ឌិត កែម ឡី ជាដើម។

លោក ធូ អ៊ុង បងប្រុស​បង្កើតលោក ធូ​ វ៉ាឃីម ដែលបាន​រង់ចាំនៅក្រៅ​តុលា​ការ បន្ទាប់ពី​ត្រូវ​បានមន្ត្រី​សន្តិសុខ​​​​បដិសេធមិន​ឱ្យ​ចូល​ស្តាប់​ការ​ប្រកាស​សាលក្រម ​​បាន​សម្តែង​ការ​​ខកចិត្ត និង​ចាត់ទុក​សេចក្តីសម្រេច​​របស់​តុលាការ​ថា មាន​លក្ខណៈធ្ងន់ធ្ងរ​ចំ​ពោះប្អូនប្រុសរបស់លោក​ ដោយ​លោក​ត្អូញត្អែរ​ពីផល​វិបាក​ក្នុង​ការចំណា​យ​ច្រើន ដើម្បី​​​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​ប្អូន​​ ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅពន្ធ​នា​គារខេត្ត​ពោធិ៍​សាត់​​។​​​

លោកនិយាយ​ថា​ ៖“ដូចថា ​ធ្ងន់ធ្ងរខ្លាំង។ វាអត់សម ពិន័យគ្នាដល់ទៅ​២ឆ្នាំ ហើយពិ​ន័​យ​ជាប្រាក់​ ៤លានរៀលទាំង​គ្នាគ្មានកំហុសអី។​ សោកស្តាយ”​

លោក ធូ អ៊ុង បងប្រុស​​របស់​លោក ធូ វ៉ាឃីម កំពុង​រង់ចាំនៅមុខ​សាលាដំបូង​រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ​​​ (រូបភាព៖ អន ស្រីឡែន)

លោក ឯម ចន្ថា​​ មេធាវីការ​ពារ​ក្តី​ឱ្យ​លោក ធូ វ៉ាឃីម មាន​ប្រសាសន៍ថា លោក​នឹង​ប្តឹងឧទ្ធរណ៍នឹង​​​សេចក្តី​សម្រេច​នេះ​ នៅ​សប្តាហ៍​ក្រោយ​ ព្រោះ​​លោក​យល់​ថា មិន​មានធាតុផ្សំ​គ្រប់​គ្រាន់​ ដើម្បី​​ចោទប្រកាន់​កូន​ក្តី​របស់​លោកនោះទេ។​

លោកមាន​ប្រសាសន៍​ថា​ ៖​“ខ្ញុំយល់ថា កូនក្ដីខ្ញុំមិនមានកំហុសដូចការចោទប្រកាន់ និងផ្តន្ទាទោសទេ”

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បាន​មាន​ប្រសាសន៍​​ថា​ តុ​លា​​ការ​បានសម្រេចផ្តន្ទាទោស​ ធូ វ៉ាឃីម ឱ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​ ២​ឆ្នាំនិង​ពិន័យ​ជា​ប្រាក់​៤លាន​រៀល​ ជា​​កម្រិតទោស​​អតិបរមា​ ហើយថា ការ​ផ្តន្ទាទោស​នេះជះឥទ្ធិ​ពល​មិន​ល្អ​សម្រាប់​សេរី​ភាព​ក្នុង​ការ​បញ្ចេញមតិ​។

លោកមា​នប្រសាសន៍ថា ៖ “វាបះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ព្រោះសង្គមប្រជាធិប​តេយ្យត្រូវការនូវ​ការរិះគន់ ដើម្បីធ្វើការស្ថាបនា ហើយសេរីភាពក្នុង​ការបញ្ចេញមតិ វាជាមូល​ដ្ឋានគ្រឹះ​មួយ នៃលទ្ធិប្រជាធិបតេយ្យ។ បើសិនជាលំ​ហសេរីភាពក្នុងការបញ្ចេញមតិរួមតូច អាហ្នឹងដំណើរការលទ្ធិប្រជាធិបតេយ្យក៏​មានបះពាល់ផងដែរ”។

ក្នុង​​របាយការណ៍​ចេញផ្សាយ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៦ អង្គការ​លីកាដូ​រក​ឃើញថា មាន​ពលរដ្ឋ​យ៉ាងតិច ​៨២​នាក់​ ត្រូវបានចាប់ខ្លួន​ ចោទប្រកាន់ និង​​ឃុំខ្លួន​ ដោយសារតែ​ការ​បញ្ចេ​ញ​មតិ​ និង​ការ​យល់ឃើញ​តាម​បណ្តាញ​សង្គម​​ ដោយ​បានចាត់ទុក​ឆ្នាំ​២០២៥ គឺជា​ឆ្នាំ​ដ៏អាប់​អួរ ​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេ​ញ​​​មតិ​។ ​​ បើ​​​តាម​​​លីកាដូថា លោក ធូ វ៉ាឃីម ស្ថិតក្នុងចំណោមមនុស្សចំនួនសរុប​ ៩៧នាក់ ដែលត្រូវ​បានចាប់ខ្លួនដោយប្រើសិទិ្ធ ពាក់ព័ន្ធនឹងភាពសកម្មនិយម និងការ​បញ្ចេញមតិរបស់ពួកគេ​៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍