បក្សក្រៅរដ្ឋាភិបាល​ស្នើ​រដ្ឋាភិ​បាល​កាត់​បន្ថយ​ពន្ធ​លើ​ប្រេង​រយៈ​ពេល​ខ្លី ដើម្បី​សង្រ្គោះ​​ជីវ​ភាព​ពលរដ្ឋ

ដោយៈ

សុត បាន Avatar

សមាជិកព្រឹទ្ធសភាមក​ពី​គណបក្ស​ឆន្ទៈខ្មែរ ស្នើ​រដ្ឋាភិបាល​ពិចារណា​កាត់​បន្ថយ​ពន្ធ​លើ​ប្រេង​ឥន្ធនៈ​សម្រាប់​រយៈ​​ពេលខ្លី ដើម្បីជួយ​សម្រួល​ដល់​ជីវភាពប្រជា​ពលរដ្ឋ ខណៈតម្លៃ​ប្រេង​ឥន្ធនៈ​បានហក់​ឡើង​ខ្ពស់ដោយ​​ វិបត្តិ​​សង្រ្គាម​នៅ​មជ្ឈឹម​បូព៌ា។

អគ្គលេខាធិការ​គណបក្សឆន្ទៈខ្មែរ​ និង​ជាសមាជិក​ព្រឹទ្ធសភា លោក គង់ មុនីកា មាន​ប្រសាសន៍​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២៦​នេះ​ថា តម្លៃ​ប្រេង​ឥន្ធនៈនៅបណ្តាប្រទេស​ជាច្រើន​​ក្នុង​ពិភព​លោក​​​​​​បាន​ហក់ឡើង​ខ្ពស់ ​ដោយ​សារ​វិបត្តិ​សង្គ្រាម​នៅ​អ៊ីរ៉ង់ និង​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់​មជ្ឈឹមបូព៌ា ក្នុងនោះកម្ពុជា​ក៏កំពុង​ជួបនូវប្រទះ​​​បញ្ហានេះផងដែរ។ លោក​បន្តថា ​កម្ពុជា​ជា​ប្រទេស​នាំចូ​ល​ប្រេង​ឥន្ធនៈ​សឹង​តែ ១០០​ភាគ​រយ​​ ដូច្នេះ​ជៀស​មិន​ផុត​ទេ ដែល​អាច​បង្ក​ផល​ប៉ះពា​ល់​ដល់​ជីវភាព​ពលរដ្ឋ ជាពិសេស​ពលរដ្ឋ​សាមញ្ញ ឬ​ក្រីក្រ​ ដែល​កំពុង​ជួប​បញ្ហា​ជីវភាព​ស្រាប់​ផងនោះ។

យ៉ាងណា លោកសង្កេតឃើញថា បញ្ហានេះ រដ្ឋាភិបាលក៏បានព្យាយាមដោះស្រាយ និងដាក់ចេញនូវវិធានការ​ខ្លះហើយ​ដែរ ក្នុងការជួយសម្រួលទុក្ខលំបាករបស់​ប្រជាពលរដ្ឋ​​។ ករណីនេះ ​លោកជំរុញដល់​​រដ្ឋាភិ​បាល​​​កម្ពុជា បន្ត​​ជួយ​ដោះស្រាយបញ្ហាតម្លៃ​ប្រេងឥន្ធនៈ​នេះ ដើម្បីជាការរួមចំណែកសម្រួលទុក្ខលំបាក និងជីវភាពរបស់ពលរដ្ឋ។

លោកថា៖ «រាជរដ្ឋាភិបាលគួរគិតគូរពីការកាត់បន្ថយ​ពន្ធលើតម្លៃប្រេង ដើម្បីធានាថាប្រជាពលរដ្ឋនឹងមិនរង​ផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះការកើនឡើងនូវតម្លៃប្រេង ក្នុងកាលៈ​ទេសៈដែលពិភពលោកកំពុងមានសង្រ្គាម​នៅអ៊ីរ៉ង ដូចជាវិបត្តិនៅមជ្ឈឹមបូព៌ាហ្នឹង»។

លើសពីនេះ លោក គង់ មុនីកា បាន​បង្ហោះសារលើហ្វេសប៊ុកល​ដោយទទួល​ស្គាល់​​ថា តម្លៃប្រេងឡើងខ្ពស់ដោយ​សារវិបត្តិសង្រ្គាមនៅអ៊ីរ៉ង់ និងភាពតានតឹងក្នុងតំបន់មជ្ឈឹមបូព៌ា ប៉ុន្តែ​​កម្ពុជាពុំគួរបន្ទោសតែលើវិបត្តិពីខាង​ក្រៅ​ពេកទេ តែត្រូវផ្តោតលើការត្រៀមខ្លួនក្នុងករណីមានវិបត្តិបែបនេះ។

លោក​បន្តថា ​ក្នុងស្ថានភាពនេះ រាជ​រដ្ឋាភិ​បាល​គួរ​ពិចារណា​កាត់​បន្ថយ​ពន្ធ​លើ​ប្រេង​ឥន្ធនៈ​​សម្រាប់​រយៈ​ពេល​ខ្លី ព្រម​ទាំង​តម្រូវ​ឱ្យ​ក្រុម​ហ៊ុន​ប្រេង​កំណត់​អាត្រា​នៃ​ប្រាក់​ចំណេញ​ដុល​របស់​ខ្លួន ហើយ​​​សម្រាប់​រយៈ​ពេល​វែង រាជ​រដ្ឋាភិបាល​ត្រូវ​បង្កើត​ទុន​បម្រុង​ប្រេង​ឥន្ធនៈ​ជាតិ​ជា​យុទ្ធ​សាស្ត្រ ធ្វើ​ពិពិធ​កម្ម​ការ​នាំ​ចូល​ថាម​ពល​/ប្រេង​​ឥន្ធនៈ វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ​បន្ថែម​ទៀត។

ចំណែក ពលរដ្ឋរស់នៅរាជធានីភ្នំពេញ អ្នកស្រី ពេជ្រ លីណា គាំទ្រ​ឱ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​កាត់​បន្ថយ​តម្លៃ​​ប្រេងឥន្ធនៈ កុំឱ្យ​ឡើង​ថ្លៃ​ខ្ពស់ពេក ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាពរបស់​ប្រជាពលរដ្ឋ។

អ្នកស្រីថា៖ «ខ្ញុំគិតថាបញ្ហាប្រេងសាំងឡើងថ្លៃនេះ រដ្ឋាភិបាលគួរតែជួយសម្រួលដល់ពលរដ្ឋ ព្រោះបើកាល​ណាប្រេងសាំងឡើងថ្លៃ មិនថាខ្ញុំ ថាគេទេ សុទ្ធតែប្រឈមផលប៉ះពាល់ ឬ​ផល​លំបាក ដូច្នេះខ្ញុំក៏ស្នើដល់រាជរដ្ឋាភិបាល សូមលោកជួយសម្រួលដល់តម្លៃប្រេង​កុំឱ្យឡើង​ខ្ពស់ពេក នូវពេលដែលប្រទេសយើង ក៏កំពុងប្រឈមការឈ្លានពាន​ពីប្រទេសជិតខាង»។

ជុំវិញបញ្ហានេះ Press Start Cambodia មិនអាចសុំការអត្ថាធិប្បាយ​ពីអ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាម​ពល លោក អ៊ឹង ឌីប៉ូឡា និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក​ ប៉ែន សុវិជាតិ បាន​ទេ នៅថ្ងៃទី១០ខែមីនានេះ។

យ៉ាងណា​ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រនតៈ បានលើកឡើងក្នុង​វេទិកា​សាធារណៈ​មួយ​ និង​ត្រូវ​បានស្រង់សម្តីមកចុះផ្សាយ​ដោយ​សារព័ត៌មាន​កម្ពុជាថ្មី និងសារព័ត៌មាន​​មួយ​ចំនួន ​នៅថ្ងៃទី​០៨ ខែមីនា​​​ថា រាជរដ្ឋាភិបាល កំពុង​​តែ​បើក​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​អ្នក​វិនិយោគ​នាំ​ប្រេង​ចូល រួមមានក្រុមហ៊ុន​អាមេរិ​ក បារាំង ម៉ាឡេស៊ី និងសិង្ហបុរី​ជាដើម ដើម្បី​ធានា​ថា កម្ពុជា​នៅតែ​បន្តមានប្រេង​ និង​ឧស្ម័ន​ចូល​ប្រទេស​មិន​ឱ្យខ្វះ។ ​

លោក​ក៏បានអំពាវនាវ​ដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ​ទាំង​អស់ ត្រូវ​មានកាតព្វកិច្ច​សីលធម៌​លក់ប្រេង​ទៅ​តាម​​កា​រ​កំណត់​ដែល​មានតម្លៃ​សមរម្យ ដើម្បីជួយជាតិ។ ជាមួយគ្នានេះ លោក​ក៏បាន​ព្រមាន​ថានឹង​ដក​អាជ្ញា​បណ្ណ​ឈប់ឱ្យ​លក់ប្រេង​មួយ​ជីវិត បើ​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​លក់​ប្រេង​លើស​តម្លៃ​ដែល​រដ្ឋាភិបាល​បាន​កំណត់។

លោកថា៖ «ចំពោះ​អ្នក​ដែល​មាន​មិន​មាន​អាជ្ញា​បណ្ណ​លក់​ប្រេងសាំង​ ហាម​ទិញ​សាំង​​ទាំង​កាន​ៗ​​យក​ទៅ​ដាក់​​លក់ ហើយ​លក់​លើស​ថ្លៃ​នោះ​​នឹង​ប្រឈម​ចាប់​តែ​ម្តង ព្រោះថា មិន​មាន​​អាជ្ញា​បណ្ណ​ត្រឹមត្រូវ ហើយ​មិន​បាន​​គោរព​ស្តង់ដារ​សុវត្ថិភាព​បាន​ត្រឹមត្រូវ ដែល​អាច​ប្រឈម​នឹង​ការ​គ្រោះថ្នាក់ ឬត្រូវប្រឈមនឹងចាប់ហើយ»។

ចំណែក ក្រសួង​​ពាណិជ្ជ​កម្ម កាលពី​ថ្ងៃ​ទី៩ ខែមីនា ឆ្នាំ២០២៦ ក៏បានចេញសេចក្តីណែនាំមួយ ស្តីពី ការ​ពង្រឹង​​​អនុលោមភាព​ក្នុងការ​ទិញ-លក់ប្រេង​ឥន្ធនៈនៅតាម​បណ្តាស្ថានីយ និង​ដេប៉ូ ដើម្បីធានា​បាន​នូវ​តម្លៃ​ភាព​នៃ​ការ​ផ្គត់​ផ្គង់​ និង​ការ​ទិញ-លក់ប្រេងឥន្ធនៈ​ផងដែរ។ ​​

សេចក្តីណែនាំនោះ ក្រសួងប្រាប់ទៅ​ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ​​នៅតាមបណ្តារាជធានី-ខេត្ត ឱ្យអនុវត្តយ៉ាងម៉ឺង​ម៉ាត់ក្នុងការគ្រប់គ្រង​ការទិញ-លក់ប្រេងឥន្ធនៈ ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋាន បច្ចេក​​ទេស និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។

ក្រសួងសង្កត់ធ្ងន់ថា កាតព្វកិច្ចរបស់ស្ថានីយ និងដេប៉ូ ចំពោះអតិថិជនត្រូវលក់តាមតម្លៃដែលស្ថានីយ និងដេប៉ូ បាន​ដាក់តាំងបង្ហាញជាសាធារណៈ ដោយយោងសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយជាគោល និងត្រូវធានាសុក្រឹតភាពនៃគុណភាព និងបរិមាណប្រេងឥន្ធនៈ ដែលត្រូវលក់ជូនអតិថិជន។ ក្រៅពីនោះ ត្រូ​វផ្តល់អាទិភាព​ក្នុងកា​រផ្គត់​ផ្គង់​ប្រេង​ឥន្ធនៈ​ដល់​សេវា​សាធារណៈចាំបាច់ និងប្រជាកសិករ​ បុគ្គល​ពាក់ព័ន្ធ​ក្នុង​ខ្សែ​ចង្វាក់​ផលិត​កម្ម និងភស្តុភារ ដែលមានតម្រូវ​កា​រចម្បងក្នុងការ​រក្សា​​ដំណើរការ​ចាំបាច់​នៃសេដ្ឋកិច្ច​-ពាណិជ្ជកម្ម។

ប្រធាន​សមាគម​ប្រជាធិប​តេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅកា​ត់​ថា IDEA លោក វន់ ពៅ យល់​ថា វា​ជា​រឿង​ល្អ បើ​រដ្ឋាភិ​បាល​បាន​ជួយ​សម្រួល​កាត់​បន្ថយ​តម្លៃ​ពន្ធ​លើ​ប្រេង​ឥន្ធនៈ​នេះ​មែន។ លោកបន្តថា បញ្ហា​ប្រេង​សាំង​ឡើង​ថ្លៃ​នេះ រដ្ឋាភិ​បាល​គួរ​ឆ្លើយ​តប​នឹង​តម្រូវការរបស់ពលរដ្ឋភ្លាម ព្រោះតម្លៃប្រេងសាំងគឺជាតម្លៃគោលមួយ កាលណាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ទំនិញគ្រប់យ៉ាងក៏នឹងឡើងថ្លៃដែរ។

ការណ៍នេះ លោក វន់ ពៅ ស្នើឱ្យរដ្ឋាភិបាលជួយសម្រួលកាត់បន្ថយតម្លៃពន្ធលើតម្លៃប្រេងឥន្ធនៈនេះផងដែរ ដើម្បី​រួមចំណែក​ដោះស្រាយបញ្ហាទុក្ខលំបាកពលរដ្ឋ ខណៈពិភពលោកកំពុងជួបបញ្ហាវិបត្តិសង្រ្គាម។

លោកថា៖ «បញ្ហានេះរដ្ឋត្រូវមានវិធានការជាបន្ទាន់ ព្រោះ​នេះជាតម្រូវការចំបាច់​របស់ពលរដ្ឋ ដូចជាវិនិយោគ ដូច​ជាអ្នកផ្សេងៗ អីចឹងរដ្ឋត្រូវធ្វើយ៉ាងណាឱ្យប្រេងឥន្ធនៈ ឬឧស្ម័ន កុំឱ្យឡើងថ្លៃអីឱ្យសោះ ដើម្បីឆ្លើយ​តបតម្រូវការពលរដ្ឋ នាពេលបច្ចុប្បន្ននេះ»

បើតាម​ក្រសួងពាណិជ្ជកម្ម តម្លៃប្រេងសាំងធម្មតា ​លក់រាយ ​៤៤០០ រៀល​​ក្នុងមួយលីត្រ ​ខណៈប្រេងម៉ាស៊ូត ​៥១៥០ ​រៀល ​ក្នុង​មួយ​លីត្រ ​ចាប់ពីថ្ងៃទី​០៨ ដល់ថ្ងៃទី ១០ ​ខែមីនា ឆ្នាំ២០២៦ ខណៈ​តម្លៃ​ប្រេងសាំង​​និង​ប្រេង​ម៉ាស៊ូត ចាប់ពីថ្ងៃទី​១១ ដល់ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៦ នឹង​ត្រូវលក់​ក្នុងតម្លៃ​ ៥២០០​រៀល​ក្នុង​មួយលីត្រសម្រាប់ប្រេងសាំងធម្មតា និងតម្លៃ ៦០៥០រៀលក្នុង​មួយ​លីត្រសម្រាប់ប្រេង​ម៉ាស៊ូត៕

អត្ថបទគួរឱ្យចាប់អារម្មណ៍