ស្ត្រីមក​ពី​​វិស័យ​​ខុសៗ​​គ្នា​​ទាម​ទារ​​ដំ​ណោះ​ស្រា​យ​​​លើ​​​បញ្ហា​​ប្រ​ឈម​​​​ អំ​ឡុង​​​ទិ​​វា​​នា​រី​​អន្តរ​​ជាតិ​​​

ដោយៈ

Press Start Cambodia Avatar

ស្ត្រី​មក​ពីវិស័យ​ផ្សេង​ៗគ្នា​ ​បាន​ប្រមូលផ្តុំប្រារព្ធ​ទិវានារីអន្តរជាតិ​លើកទី​១១៥ ក្រោម​ប្រធាន​បទ “អនុវត្តសិទ្ធិ​សេរីភាព ដើម្បីយុត្តិធម៌​ និង​សេចក្តី​ថ្លៃថ្នូរ​សម្រាប់​ស្ត្រី និង​ក្មេងស្រី” នៅ​សួនច្បារមុខ​ក្រុម​ប្រឹក្សា​​អភិ​វឌ្ឍន៍​​កម្ពុជា ក្នុង​រាជធានីភ្នំពេញ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់​ព័ន្ធ ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​នានា ដែល​ពួកគេ​កំពុង​ជួប​ប្រទះ​នៅក្នុង​វិស័យ​ការ​ងារ​ សេដ្ឋកិច្ច​និង​សិទ្ធិសេរីភាព​។​

នៅ​ក្នុងការប្រារព្ធពិធីនាព្រឹក​ថ្ងៃអាទិត្យនេះ​​ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ ៥០០​នាក់ ក៏មានការចូលរួមការ​សម្ដែងមតិ ចែក​រំលែកបទពិសោធន៍ និងលើក​សំណូមពរទៅកាន់រដ្ឋាភិបាលនិងភាគីពាក់ព័ន្ធពីតំ​ណាង​សហជីព​ និង​សមាជិក​សហជីព​ ដែលមកពីស្ថាប័នខុសៗគ្នា រួមមានកម្មករផ្នែកសេវាកំសាន្ដ កម្មករផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មករផ្នែកសេវាកម្មនិងទេសចរណ៍ កម្មករ​វិស័យសំណង់ កម្មកររោងចក្រកាត់ដេរ សហគមន៍ក្រីក្រ និង​យុវជនផងដែរ។ 

កញ្ញា ជួប រដ្ឋា​​ តំណាងកម្មករមកពីវិស័យទេសចរណ៍ និងជាកូដករណាហ្គាវើលបានរៀបរាប់ទុក្ខលំបាករបស់ខ្លួនទាំង​ទឹកភ្នែកថា ក្នុងការធ្វើកូដកម្មអស់រយៈពេល៤ឆ្នាំមក​នេះ​ កញ្ញានិងកូដករ​​ផ្សេងទៀតរងការធ្វើ​​បាបពីសំណាក់​អជ្ញាធរ ហើយមកដល់ពេលនេះ ​នៅ​មិនទាន់ទទួលបាន​ដំណោះស្រាយនៅឡើយ។ កញ្ញា រដ្ឋា បន្ត​ថា​ ការសម្រប​សម្រួលនិងដោះស្រាយកន្លងមក​ហាក់ដូចជាធ្វើ​ដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ​។​ 

កញ្ញា ជួប រដ្ឋា និយាយថា ៖ «ក្នុងនាមខ្ញុំជាកម្មករដែលធ្វើការនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយនឹងកូដ​ករដទៃទៀត ដែលភាគច្រើនសុទ្ធតែជាស្រ្ដី គឺរងការធ្វើបាប ការរារាំងពីអជ្ញាធរ សមត្ថកិច្ចរបស់រដ្ឋខ្លាំង​មែនទែន ហើយមានទាំងស្ត្រី ដែលគាត់ត្រូវបាត់បង់កូននៅក្នុងផ្ទៃ ហើយមានទាំងអ្នកដែលត្រូវអជ្ញាធរវ៉ៃឱ្យដួលសន្លប់នៅកណ្ដាលថ្នល់អីជាដើម» ។  

អ្នក​ស្រី ប៉េង សុខឃីម ជា​តំណាងកម្មករសំណង់បាន​ឡើង​ថ្លែងនៅលើវេទិកា​បញ្ចេញមតិ​ទាក់ទងនឹង​ផល​លំបាក​នៅក្នុង​វិស័យ​ការ​ងាររបស់​អ្នក​ស្រីដែរ​  ដោយ​អ្នកស្រី​ត្អូញត្អែរ​អំពី​បញ្ហាការទទួលបានប្រាក់​ឈ្នួលយឺតយ៉ាវ ការគ្មានប័ណ្ណ ប.ស.ស និងកង្វះខាតឧបករណ៍​ការ​​ពារសុវត្ថិភាព​ផ្សេងៗ។ 

អ្នក​ស្រីនិយាយថា ៖ «តំណាងឱ្យបងប្អូនទាំងអស់គ្នាព្រោះអត់មានប័ណ្ណ ប.ស.ស ច្រើនណាស់ ហើយប្រាក់ឈ្នួលក៏រាងយ៉ាប់យឺនដែរ ព្រោះគាត់បោកប្រាស់ចឹង។ ខាងសំណង់អត់មានអីត្រូវនិយាយទេ សូម្បី​​គ្រឿងសុវត្ថិភាពក៏អត់សូវមានឱ្យពួកខ្ញុំប្រើប្រាស់ដែរ»​។​

អំឡុង​ពេល​ប្រារព្ធ​ទិវានេះដែរ ក៏មានការត្អូញត្អែរនិងអំពាវនាវពីអ្នកចូលរួមជាស្រ្តីជាកម្មការិនីរោងចក្រអំពីការរឹត​ត្បិត​សេរីភាព ការរើសអើង បញ្ហាសុខភាព បញ្ហាសេដ្ឋកិច្ច ដែលពួកគាត់ជួបប្រទះផងដែរ។

អ្នកស្រី យន់ សាវី អាយុ៣៥ ជាកម្មការិនី​រោងចក្រកាត់ដេរ​ បាន​ប្រាប់ Press Start Cambodia ថា អ្នកស្រី​​​ចូលរួម​ប្រារព្ធ​ទិវានារី​អន្តរជាតិជារៀងរាល់ឆ្នាំតាមរយៈសហព័ន្ធ​សហជីពកម្ពុជា​ (CATU) ហើយថា អ្នក​ស្រី​មកចូល​រួមទិវា​នេះ​ ដោយសារ​ចង់រក្សាការពារសិទ្ធិមួយនេះ ព្រោះជាស្រ្តីឬក្មេងស្រីតែងតែមាន​​ការប្រឈមនឹងការគំ​រាម​កំហែងពីអ្នកដទៃ និងមានការមាក់ងាយច្រើន។ ​អ្នក​ស្រី​ស្នើ​ឱ្យ​រដ្ឋាភិបាល​មាន​​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទាំងនេះ។​

អ្នក​ស្រី យន់ សាវី​ និយាយ​ថា៖«ចង់ឱ្យគាត់ដោះស្រាយ រឹតត្បិត ព្រោះមិនចង់ឱ្យស្រ្តីនិងក្មេងស្រីរងការគំ​រាម​កំហែង។ សិទ្ធិនារីជាមាតាពិភពលោក»

អ្នកស្រី វ៉ាន់ ថាណា​​​ ជាកម្មការិនីរោងចក្រម្នាក់​ទៀត​បាន​និយាយ​ថា នេះ គឺ​ជាឱកាសល្អ​មួយ ដែលមានការ​ប្រារព្ធ​ទិវាសិទ្ធិនារីអន្តរជាតិលើកទី១១៥ ហើយក៏ចង់ឱ្យបងប្អូនផ្សេងទៀតមកចូលរួម ដើម្បីការពារសិទ្ធិនារី និង​ចង់ឱ្យសិទ្ធិនារីមានការរីកចម្រើនជាងនេះ ដោយមិនចង់ឱ្យមានតែក្នុងច្បាប់ ប៉ុន្តែ​ចង់​ឱ្យមានការអនុវត្ត​ជាក់ស្តែង​ផងដែរ។

មិនខុស​ពី​អ្នក​ចូល​រួម​ផ្សេងទៀត អ្នកស្រី វ៉ាន់ ថាណា​​​ បានត្អូញត្អែអំពីប្រឈម​ក្នុង​​សេដ្ឋកិច្ចគ្រួសារ ព្រោះការ​ចំណា​​យ​លើម្ហូបហារ និងថ្លៃឈ្នួលផ្ទះ​ខ្ពស់ បើទោះបីជា​អ្នក​ស្រី​ខំប្រឹង​ប្រែង​ធ្វើ​ការ​ដេរយក​បុងខោ​ ដើម្បី​បាន​ប្រាក់​ចំណូល​ច្រើន​ក៏ដោយ​​។​

អ្នកស្រី​​ វ៉ាន់ ថាណា និយាយថា៖«ប្រាក់ចំណូលច្រើន តែនៅតែមិនគ្រប់គ្រាន់ក្នុងការចំណាយច្រើនលើការហូបចុក ផ្ទះជួល»។ អ្នកស្រី​បន្ត​​ថា៖«នៅកន្លែងការងារស្ទើរតែគ្មានពេលទៅបន្ទប់ទឹកផង។ ម្នាក់ៗខំប្រឹង ដើម្បីរកចំណូលឱ្យបានច្រើន។ ចឹងវាប្រឈមបញ្ហាសុខភាព»

ស្រ្តីរូបនេះក៏បានអំពាវនាវទៅកាន់ក្រសួងពាក់ព័ន្ធនិងរដ្ឋាភិបាលឱ្យចុះទៅត្រួតពិនិត្យសួររកព័ត៌មានជាក់ស្តែងពីបងប្អូនកម្មករ និង​យកកង្វល់របស់​ពួកគាត់មកដោះស្រាយ។

កញ្ញា ឈឹម ស៊ីថរ  ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គា វើលដ៍ (LRSU) ក៏បាន​​លើកឡើងអំពីបញ្ហាវិវាទ​ការ​ងារ​​នៅណាហ្គាវើលដ៍ផងដែរ​ ដែល​បានអូសបន្លាយរយៈពេល៤ឆ្នាំមកហើយ ដោយ​សំណូមពរ​ឱ្យ​មាន​​​ដំ​ណោះ​ស្រាយ ដូច​អ្វី​ដែលរដ្ឋាភិបាលតែងរំឭកអំពីការមិនទុកស្រ្តីណាម្នាក់​ចោល និងផ្តោតសំខាន់លើវត្តមានរបស់ស្រ្តីនោះ​។

កញ្ញា ស៊ីថរ បន្តថា វិវាទនៅណាហ្គាវើលនេះ បានធ្វើឱ្យប្រទេសកម្ពុជាមានកេរ្តិ៍​ឈ្មោះមិនល្អនិ​ងសូមឱ្យ​រាជ​រដ្ឋាភិស្វែងរក​ដំណោះ​ស្រាយ ដោយ​ទូទាត់សំណង ដើម្បីកសាងកេរ្តិ៍​ឈ្មោះប្រទេសឡើងវិញ។
កញ្ញា ឈឹម ស៊ីថរ និយាយថា៖« សូមឱ្យរាជរដ្ឋាភិបាលដោះស្រាយវិវាទនៅណាហ្គានេះ។ ស្រួលទេ គឺឱ្យគាត់ចូលធ្វើការវិញឱ្យអស់ ទូទាត់ប្រាក់សំណងឱ្យគាត់ចាប់ពីថ្ងៃដែលគាត់ចេញបាតុកម្មរហូតដល់ថ្ងៃគាត់​​ចូលធ្វើការវិញ។ រឿងអ្វីៗនឹងត្រូវបានកែប្រែ។ មុខមាត់របស់ប្រទេសយើងនឹងល្អឡើងវិញ»

ចំណែកប្រធានសហព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ បានលើកឡើងថា ស្ត្រី​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​​ចំនួនរួមមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិស្ថិតក្នុងការរឹតត្បិតនៅឡើយ និងលំហក្នុងការ​អនុវត្តសិទ្ធិជាមូលដ្ឋាននៅមានភាពតូចចង្អៀត។

លោកស្រីនិយាយថា ៖ « ការរើសអើងប្រឆាំងលើស្ត្រីនៅតែកើតឡើងបន្ដបន្ទាប់ ដែលជាបញ្ហាត្រូវទាមទារឱ្យមានការ​យកចិត្តទុកដាក់» ។ ​

លោកស្រីបន្តថា ក្រោយសេដ្ឋកិច្ចមានការធ្លាក់ចុះ កម្មការិ​នីរោងចក្រ​កាត់ដេរ និងនិយោជិកជាច្រើននាក់​បាត់បង់ការងារធ្វើ ឬ ត្រូវបានបញ្ឃប់ពីការងារដោយ​មិនទទួលបាន​​សំណងស្របនឹងច្បាប់ការងារ ដែល​ធ្វើ​ឱ្យមានបញ្ហាជីវិភាពនិងខ្លះ​បង្ខំចិត្តខ្ចីប្រាក់ពីក្រុម​ហ៊ុន​មីក្រូហិរញ្ញវត្ថុ​ឯកជនធ្វើឱ្យបំណុលកើន​ឡើង​។

ឆ្លើយតបនឹងសំណូមនិងការលើកឡើងរបស់អ្នកតំណាងទាំងនេះ លោកស្រី សួស ស៊ីនួន ជាអនុរដ្ឋលេ​ខា​ធិការ​ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវៈ ដែលមានវត្តមាននៅកម្មវិធីផ្ទាល់ បានឆ្លើយតបថា លោកស្រីនឹងទទួលយកការលើកឡើងផ្សេងៗ ហើយខាងក្រសួងនឹងយកបញ្ហានេះទៅសិក្សាបន្ដដើម្បី​រកដំណោះស្រាយសម្រាប់​គ្រប់ភាគី។ 

លោកស្រីមាន​ប្រសាសន៍​ថា៖ “យើងនឹងធ្វើការរួមគ្នា ហើយសម្លេង ដែលបងប្អូននិយាយថ្ងៃនេះ ត្រូវបាន​ឮ ហើយពួកយើងនឹងមានការសហការ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាអាណាព្យា​បាល។ យើងតែងតែយកចិត្តទុកដាក់គ្រប់យន្តការទាំងអស់“។

គិត​ត្រឹម​ឆ្នាំ​២០២៥ ឧស្សាហកម្មកាត់ដេរ និងដេរ​​ស្បែកជើង​នៅកម្ពុជា​បាន​រួម​ចំណែក​ច្រើន​ជាង​១ភាគ៣ នៃ​​ផលិតផល​សរុប​ក្នុង​ស្រុក​ ហើយ​នៅតែជា​វិស័យ​ដែល​ស្រូបយក​កម្លាំង​ពលកម្មច្រើន​បំផុត ដោយ​​រោង​​ចក្រ​​សរុប ​១៦០៨​ កន្លែង​ ផ្តល់​ការ​ងារ​ដល់​កម្មករ​ ៩៣០ ០០០នាក់​ ដែល​ក្នុង​នោះជិត ៧០ ០០០០​នាក់ ​គឺជា​ស្ត្រី។ នេះបើ​យោងតាម​របាយ​ការណ៍វិនិយោគអាស៊ាន​ឆ្នាំ​២០២៥៕

អត្ថបទដោយ៖ រ៉ា ជឺយ៉ាង& សារី លីហ្សា

អត្ថបទគួរឱ្យចាប់អារម្មណ៍