រដ្ឋបាលរាជធានីភ្នំពេញប្រកាសឱ្យប្រើប្រាស់សេវារថយន្ដក្រុងឥតគិតថ្លៃចំនួន៦០០គ្រឿង រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះនៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យប្រើប្រាស់រថយន្ដក្រុងសាធារណៈដោយឥតគិតថ្លៃ ក្នុងនោះមានសេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងសេវារថយន្ដក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោចំនួន១០០ គ្រឿង និងសេវាដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តត្រឡប់ចូលមករាជធានីភ្នំពេញវិញចំនួន ៥០០គ្រឿង។
សេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា ម៉ោងចេញដំណើរចាប់ពីម៉ោង ៦: ៣០ព្រឹក ដល់ម៉ោង ១១:៣០ ព្រឹក ដោយទីតាំងចេញដំណើរពីភ្នំពេញមាន ៦កន្លែង គឺនៅស្ថានីយរថយន្តក្រុងវាលស្បូវ ស្ថានីយរថយន្តក្រុងចាក់អង្រែលើ ស្វានីយរថយន្តក្រុងផ្លូវ ២០០៤ ស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ដីឡូត៍តំបន់ OCIC ជ្រោយចង្វារ និងស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង។
កញ្ញា ខឿន សុម៉ារី ជានិស្សិតជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដែលមកបន្ដការសិក្សានៅរាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តឧត្តរមានជ័យ បង្ហាញការត្រេកអរក្រោយដឹងដំណឹងនេះ ព្រោះខ្លួនមានគម្រោងទៅលេងស្រុកកំណើតនាពេលខាងមុខ។
សុម៉ារី ជឿថា ការធ្វើបែបនេះជួយសម្រួលការធ្វើដំណើររបស់នាង ប្រជាពលរដ្ឋទូទៅ អ្នកធ្វើការ ក៏ដូចជាសិស្សនិសិ្សតផ្សេងទៀតបានច្រើន ដើម្បីជួបជុំគ្រួសារ ថែមទាំងជួយសន្សំសំចៃថវិការផងដែរ។
សុម៉ារី និយាយថា៖ «ជាធម្មតា តម្លៃធ្វើដំណើរតែងមានការឡើងថ្លៃ អំឡុងពេលចូលឆ្នាំ។ បើតាមបទពិសោធន៍កន្លងមក គឺអាចឡើងពី ៣៥០០០រៀលដល់៤០០០០ ឬ៥០០០០រៀល អ៊ីចឹងទៅ។ ដូច្នេះការមានរថយន្ដក្រុងជិះដោយឥតគិតថ្លៃ ដែលរៀបចំដោយរដ្ឋពិតជាជួយសម្រួលបានច្រើនមែនទែន»។
ចំណែកអ្នកស្រី ហ៊ី ស្រីល័ក្ខ អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ជាកម្មការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ បាននិយាយថា អ្នកស្រីសប្បាយចិត្ត ដែលមានរថយន្ដក្រុងធ្វើដំណើរដោយឥតគិតថ្លៃបែបនេះ ហើយក៏មានបំណងចង់ប្រើប្រាស់មធ្យោបាយនេះផងដែរ ក៏ប៉ុន្ដែអ្នកស្រីសម្រេចចិត្តជ្រើសរើសយកមធ្យោបាយផ្ទាល់ខ្លួនជំនួសវិញ ព្រោះយល់ឃើញថា ការឈប់របស់ឡានក្រុងនៅឆ្ងាយពីផ្ទះរបស់អ្នកស្រីពេក។
អ្នកស្រីបន្តថា អ្នកស្រីត្រូវការរថយន្ដជិះបន្ដទើបអាចទៅដល់ផ្ទះ ដូច្នេះវានៅតែពិបាក និងត្រូវចំណាយប្រាក់បន្ថែមដដែលសម្រាប់អ្នកមានទីលំនៅនៅតាមតំបន់ជាយខេត្តនានា។
អ្នកស្រី ហ៊ី ស្រីល័ក្ខ និយាយថា ៖ «បើសិនមានឡានគេជូនដល់ផ្ទះតែម្តងនឹងសប្បាយចិត្ត សម្រាប់អ្នករោងចក្រនិងអ្នកដែលគ្មានអ្វីជិះ»។
ជុំវិញករណីនេះ លោក ថន ធន អាយុ២៦ឆ្នាំ ជាមន្រ្ដីសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រ ក៏យល់ឃើញថា នេះក៏ជារឿងល្អមួយដែរ ដែលដ្ឋាភិបាល តែងផ្ដល់មធ្យាបាយធ្វើដំណើរដោយឥតគិតថ្លៃជារៀងរាល់ឆ្នាំបែបនេះ ដើម្បីជួយសម្រួលដល់កម្មករ ដោយកាត់បន្ថយការចំណាយរបស់ពួកគាត់។
ទោះបីជាយ៉ាងណា លោកថា បើតាមការសង្កេតផ្ទាល់ កន្លងមកចំនួនអ្នកនិយមប្រើប្រាស់មធ្យោបាយនេះអាចថា ត្រឹមពាក់កណ្ដាលនៅឡើយ ព្រោះស្រុកកំណើតរបស់កម្មករ កម្មការិនីទៀតសោតភាគច្រើនសុទ្ធតែនៅឆ្ងាយពីចំណតឡានក្រុង គឺនៅតាមជនបទដាច់ស្រយាលផ្សេងៗ។
លោកនិយាយថា៖ «ឡានក្រុងសាធារណៈរបស់រដ្ឋមិនអាចទៅដល់ទេ។ ភាគច្រើន គឺទៅតែតំបន់ទីរួមស្រុក ឬទីរួមខេត្តតែប៉ុណ្ណឹងឯង។ ចឹងពួកគាត់ត្រូវបន្ដដោយឡានឬហៅអ្នកផ្ទះពីឆ្ងាយមកយកទៀត»។
គូរបញ្ជាក់ផងដែរថា ឆ្នាំកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញក៏បានផ្ដល់ជូនសេវារថយន្តក្រុងឥតគិតថ្លៃបែបនេះដល់ប្រជាពលរដ្ឋទូទៅ ដើម្បីសម្រួលការធ្វើដំណើរ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី និងភ្ជុំបិណ្ឌផងដែរ៕
អត្ថបទដោយ៖ សារី លីហ្សា

