ក្រុមបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញបានយកឈ្នះក្រុមស្នងការនគរបាលខេត្តកោះកុងក្នុងលទ្ធផល ៣សិតទល់នឹង០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤ ដោយលើកពានជើងឯកលើកដំបូងក្នុងប្រវត្តិរបស់ខ្លួន។
ជាមួយនឹងពានជើងឯកអមជាមួយទឹកប្រាក់ ៥០លានរៀលកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ក្រុមបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ មិនបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តនោះទេ ដោយបង្ហាញទម្រង់លេងយ៉ាងល្អ ស៊ីសង្វាក់គ្នានិងវាយផ្តាច់ប្រកបដោយទំនុកចិត្ត។
ពីមួយប្រកួតទៅមួយប្រកួត ក្រុមស្នងការនគរបាលរាជធានីភ្នំពេញហាក់មានស្មារតីប្រកួតខ្លាំងក្លា ជាពិសេសនៅពេលឈានជើងចូលមកដល់វគ្គផ្ដាច់ព្រ័តនេះ។ ពួកគេ ធ្វើឲ្យអ្នកទស្សនាអង្គុយលែងជាប់ ក្រោកឈរ ស្រែកហ៊ោបន្ទរតាមភ្លេងស្ទើរតែពេញកីឡដ្ឋាន។ លើសពីនេះ អ្នកគាំទ្រមួយចំនួនរំភើបដល់ស្រក់ទឹកភ្នែកចំពោះជ័យជម្នះមួយនេះ ផងដែរ។
នៅរដូវកាលនេះ កីឡាករ ចាន់ វាសនា ជាប់ជាកីឡាករល្អផ្តាច់គេប្រចាំព្រឹត្តិការណ៍ និងជាអ្នកប្រយុទ្ធស្លាបស្តាំល្អជាងគេ។ រុន សុខជា ជាកីឡាករប្រយុទ្ធស្លាបឆ្វេងល្អជាងគេ ហើយអ្នកលើកបាល់ យ៉ុន ខេមរៈ ទទួលបានពានកីឡាករលើកបាល់ល្អជាងគេ និងកីឡាករ ឧក រដ្ឋា ឈ្នះពានកីឡាករធ្វើរនាំងការពារល្អជាងគេ។
សូមបញ្ជាក់ថា មុនពេលក្រុមបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ ឡើងមកវគ្គផ្ដាច់ព្រ័ត្រនេះ ពួកគេបានយកឈ្នះលើក្រុមសមាគមន៍កីឡាបាល់ទះវិសាខា ៣-០។
ព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤នេះ មានក្រុមចូលរួមប្រកួត ៣២ក្រុម ដោយបែងចែកជា ៥ពូល និងចំណាយរយៈពេលជិត១ខែ ពោលគឺចាប់ពីថ្ងៃទី៧ ខែកុម្ភ: ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ដោយប្រកួតជម្រុះរហូតរកបានក្រុមខ្លាំងចំនួន២ មកប្រកួតវគ្គផ្ដាច់ព្រ័តនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
អត្ថបទដោយ៖ នៅ ធាវីត

