តុលាការកំពូលបដិសេធ​សំណើសុំដោះលែង​របស់​​សកម្មជន​មាតាធម្មជាតិទាំង​​៥រូប​

នៅព្រឹកថ្ងៃចន្ទនេះ  តុលាការកំពូលសម្រេចបដិសេធសំណើរ​សុំ​ដោះលែង​ឱ្យ​មាន​សេរីភាព​របស់សកម្មជនចលនា​មា​តាធម្មជាតិទាំ៥រូប ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី៦ ទៅ៨ឆ្នាំ ដោយតម្កល់សេចក្តី​សម្រចរបស់សា​លាឧទ្ធរណ៍ទុកជាបានការដដែល​។

​ចៅក្រមនៃតុលាការកំពូល លោក សាលី ធារ៉ា បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ដោយ​បដិសេធមិនដោះ​លែងសកម្មជនបរិស្ថាន​ទាំង​ ៥រូប។ កាលពីថ្ងៃទី២៣ ខែកុម្ភៈ តុលាការកំពូលបានបើកសវនា​ការជំ​នុំ​ជម្រះលើបណ្តឹង​សារទុក្ខ​របស់សកម្មជនចលនាមាតាធម្មជាតិទាំង៥រូប។

ក្នុងចំណោមសកម្មជនទាំង៥ លោក យឹម លាងហ៊ី​ និង​លោក ថុន រដ្ឋា បាន​បង្ហាញវត្តមាន​ក្នុងបន្ទប់​សវ​នា​​​ការ​ ខណៈសកម្មជន​៣រូបទៀត មិនបានបង្ហាញមុខ អំឡុងពេលប្រកាសសាលដីកាព្រឹកនេះទេ​។

អ្នកនាង ស៊ុន រដ្ឋា​​ ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិកចលនាមាតាធម្មជាតិ១​០​ ​រូប ​ ​ដែលសា​លាដំ​បូង​​​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​កាលពីថ្ងៃ ០២ ខែកកក្កដា ឆ្នាំ២០២៤ និង​កំពុង​គេចខ្លួន​​​បាន​​ប្រាប់ Press start Cambodia ថា ស្ថានភាពនេះ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា​មើលឃើញកាន់តែច្បាស់ និងកាន់តែបាត់បង់ជំនឿលើប្រព័ន្ធតុលាការ។

អ្នកនាងនិយាយ​ថា ​“តុលាការកាន់តែបង្ហាញឱ្យប្រជាពលរដ្ឋកម្ពុជាមើលឃើញកាន់តែច្បាស់និង​​អស់ជំនឿចិត្តកាន់តែខ្លាំងឡើងពីប្រព័ន្ធតុលាការ ហើយជាពិសេសឱ្យមើលឃើញកាន់តែច្បាស់​​ពីប្រព័ន្ធដឹកនាំរបស់កម្ពុជា​ថា ​តើប្រព័ន្ធតុលាការនៅកម្ពុជាមានទំនោរទៅខាងណា ”។

លោក ឡូយ យីមវ័យ ៦៩ឆ្នាំ  ជា​ឪពុកលោក យឹម​ លាងហ៊ី ដែលបានចូលស្តាប់ការ​ប្រ​កាសសាលដីកាយល់​ថា ការចោទប្រកាន់នេះ គឺ​​ជាការបំបិទសំឡេង ជំនួសឱ្យការលើកទឹកចិត្តនិងគាំទ្រពួកគេ។

លោកនិយាយ​ថា ៖“ពេលដែលចោទនេះ គឺដូចជា គឺថាដូចមិនមានភស្តុតាង ច្បាស់លាស់ទេ ។ ​ចោទហ្នឹងដូចថា មានកំហឹងឈឺចាប់ តូចចិត្តនឹងយុវជន​ដែលគ្នាបានខំធ្វើការហើយមានទាំង​​ពានរង្វាន់ពិភពលោកគេឱ្យ ហើយដូចថា ​មិនលើកទឹកចិត្តគ្នា​បែរទៅចាប់កំហុសគ្នា ។ ចឹងបានន័យថា ធ្វើបំបាក់ទឹកចិត្តយុវជន បំបិតមាត់យុវជន ចឹងមិនល្អទេ”។

លោកបន្តថា ​លោកនឹងនៅតែគាំទ្រកូនប្រុសរបស់លោកជានិច្ចមិនហាមឃាត់ទេ ឱ្យតែកូនមានឧត្តម​គតិស្នេហាជាតិ​មាតុភូមិច្បាស់។

អ្នកស្រី ប៉ាត រស្មី ជា​ភ​រិយា​របស់​លោក ថុន រដ្ឋា ​បាន​បង្ហាញ​អារម្មណ៍សោកស្តាយ និងខកចិត្ត​ចំពោះ​សេចក្តី​សម្រេច​របស់តុលាការ​កំពូល​នៅព្រឹក​នេះ​។​

អ្នកស្រីនិយាយថា ៖“ពិតជាមានអារម្មណ៏សោកស្តាយនិងឈឺចាប់ ឈឺចាប់ខ្លាំងមែនទែន ព្រោះយើងដឹងហើយថា ​កន្លងមកគាត់ធ្វើការងារ ដើម្បីតែបរិស្ថានសង្គមជាតិ ដើម្បី​តែ​ប្រទេសជាតិរបស់យើង ហេតុអីក៏ត្រូវនៅបន្តដាក់គាត់នៅពន្ធនាគារទៀត។ វាជារឿងអយុត្តិធម៌មែនទែន​” ។

កាលពីដើមខែកក្កដា ឆ្នាំ២០២៤ សកម្មជន​ចលនាមាតាធម្មជាតិទាំង៥រូប មានកញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុទ្ធ និងលោក យឹម លាងហ៊ី ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី៦ ទៅ៨ឆ្នាំ ពីបទ “រួមគំនិតក្បត់” និងបទ “ព្រះមាថចំពោះអង្គព្រះមហាក្សត្រ”។

កញ្ញា ហេង គឹមសួ មន្រ្តីគោលនយោបាយនិង​តស៊ូមតិ នៃអង្គការភាពជាដៃគូរ ដើម្បីបរិស្ថាននិងការអភិវឌ្ឍ យល់ថា មិនមែនជារឿងថ្មីទេ ដែលតុលាការ​បដិសេដការស្នើសុំរបស់​សកម្មជន​ ហើយ​ថា ការ​បន្ត​ចាប់អ្នក​ការពារបរិស្ថាននិងអ្នក​ការ​ពារសិទ្ធិមនុស្ស​ ​ជះឥទ្ធិ​ពល​អាក្រក់​​ដល់សង្គម​កម្ពុជា​ទៅវិញទេ។  

កញ្ញានិយាយ​ថា ​៖“ចំពោះខ្ញុំមិនប្លែកអារម្មណ៌អីទេ ពីព្រោះកន្លងមក គឺយើងឃើញថា​ ការដែលស្នើសុំនៅក្រៅឃុំតែងតែទទួលបានការបដិសេដ ពីប្រព័ន្ធតុលាការកម្ពុជា”។

លោក រស់ សារ៉ាត់ អ្នកសម្របសម្រួលគម្រោង នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដែលបានចូលរួមស្តាប់ប្រកាសសាលដីកានេះ ក៏បាន​សម្តែង​ការ​សោក​ស្តាយ​ផងដែរ​ចំពោះ​សេចក្តីសម្រេចនេះ ព្រោះសកម្មភាពរបស់សកម្មជនបរិស្ថាន​ គឺធ្វើ​ដើម្បីប្រយោជន៍ពលរដ្ឋទូទៅ។

លោកនិយាយថា ​៖“សកម្មភាពដែលពួកគាត់ធ្វើកន្លងមក គឺតែមួយទេ គឺក្នុងន័យការពារធន​ធាន ន័យការ​ពារ​ធម្មជាតិ ដើម្បីឱ្យជាប្រយោជន៏ដល់ប្រទេសកម្ពុជា ដល់ប្រជាជន ពលរដ្ឋកម្ពុជា​របស់យើង”។

គួររំលឹកផងដែរ កាល​ពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ​ អង្គការ CIVICUS ​ជា​សម្ព័ន្ធ​សង្គ​មស៊ីវិល​ពិភ​ពលោកបានដាក់សកម្មកម្មជនទាំងប្រាំរូប ក្នុងយុទ្ធនាការ​ “ Stand As My Witness” ​ ដោយ​អំ​ពាវ​នា​វ​​ឱ្យមាន​ការ​​​ដោះ​សកម្មជន​បរិស្ថាន​ ដែល​កំ​ពុង​​​ជាប់​ពន្ធនាគារ៕​