តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានលើកឡើងពីផលប៉ះពាល់លើជនស៊ីវិល ទ្រព្យសម្បត្តិឯកជននិងសាធារណៈ ដោយសារការវាយប្រហាររបស់កងទ័ពថៃ អំឡុងកិច្ចប្រជុំលើកទី៤២ ឆ្នាំ២០២៦ រយៈពេលបួនថ្ងៃនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ស៊្រាង ចិន្តា ជាតំណាងកម្ពុជាទៅចូលរួមកិច្ចប្រជុំនោះ បានជម្រាបដល់អង្គប្រជុំថា ការវាយប្រហារលើកទី២ រយៈពេល២១ថ្ងៃនោះ បានធ្វើឱ្យជនស៊ីវិលជាច្រើននាក់បាត់បង់ជីវិតនិងរងរបួស បង្កឱ្យមានជនភៀសសឹកជាង ៦៤៩ ០០០នាក់ និងបានបំផ្លិចបំផ្លាញធ្ងន់ធ្ងរលើទ្រព្យសម្បត្តិឯកជននិងសាធារណៈ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
លោក ស៊្រាង ចិន្តា ក៏បានលើកឡើងផងដែរថា រយៈពេលពីរខែ ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានចូលជាធរមាន ជនភៀសសឹកកម្ពុជាប្រមាណជាង ៥០ ០០០នាក់ទៀត ដែលភាគច្រើនជាស្ត្រីនិងកុមារ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញនៅឡើយទេ។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក ស៊្រាង ចិន្តា ក៏បានលើកឡើងពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយថា កម្ពុជាកំពុងបង្ក្រាបយ៉ាងសកម្មនិងសម្រេចបានលទ្ធផលជាច្រើនករណី ក្នុងនោះ មានជនល្មើសចម្រុះជាតិសាសន៍ត្រូវបានចាត់ការតាមនីតិវិធីច្បាប់ជាធរមាន និងមានការបណ្តេញចេញជនបរទេសរាប់ពាន់នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសនេះ ចេញពីប្រទេសផងដែរ។
លោកបន្តថា ទន្ទឹមនេះ កម្ពុជាក៏មានកិច្ចសហការយ៉ាងល្អជាមួយបណ្តាប្រទេសនិងអង្គការនានាទាំងក្នុងតំបន់និងអន្តរជាតិ និងកំពុងរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីឈានទៅដល់ការបោសសម្អាតបទល្មើសនេះទាំងស្រុងពីប្រទេសកម្ពុជា៕
អត្ថបទដោយ ញ៉ សៀវម៉ី

