សហព័ន្ធកីឡាប្រដាល់គុនខ្មែរសម្រេច​​លុបបម្រាមលើ​កីឡាករ​ត្រកូល “អេ” ទាំង​ពីរ​រូប​

ដោយៈ

Press Start Cambodia Avatar

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​សម្រេចលុបសេចក្តីជូនដំណឹង​ ​ដែល​ហាម​ឃាត់​​មិន​ឱ្យកីឡាករ​ប្រ​ដាល់​គុនខ្មែរត្រកូល “អេ” ​២រូប​​ ​ប្រកួត​រយៈ​​ពេល​៦​ខែ​ ​ បន្ទាប់ពី​មាន​សំណើ​របស់​លោក ហ៊ុន សែន ប្រ​ធាន​ព្រឹទ្ធសភា​​ ដោយ​​រង់ចាំ​ដោះ​ស្រាយ​នៅពេល​កីឡាករ​ទាំង​២ និង​គណៈប្រតិភូ​ដឹក​នាំ​​កីឡាករ​ត្រឡប់​មក​ពីក្រៅ​ប្រទេសវិញ។​

តាម​​សេចក្តី​ជូន​ដំណឹង​របស់ខ្លួនចុះ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៦​ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​ជូនដំណឹងសាធារណជន​ ស្ថានីយ៍​ទូរទស្សន៍​ ដៃគូ​អភិវឌ្ឍ​ សមាគម​ និងក្លឹប​ប្រដាល់​គុន​ខ្មែរ​​ទាំង​អស់​អំពី​ការសម្រេច​លុប​​សេចក្តីជូន​ដំណឹង​ចុះថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ របស់​ខ្លួន​វិញ​។​​

 ដែល​ក្នុងនោះ សហព័ន្ធ​សម្រេច​​ផ្អាក​ការ​ចាប់គូប្រកួតសម្រាប់​កីឡាករ​ អេ វិរៈខាំឈិតភូថង និង​ អេអាំ ម៉ារីន​ភូថង រយៈ​ពេល​៦​ខែ​។​

នៅព្រឹកថ្ងៃសុក្រនេះ លោក​ ហ៊ុន សែន បាន​សរសេរ​សា​របង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​ដោយ​​ស្នើឱ្យ​សហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្ដីជូនដំណឹងនេះវិញ ដោយ​រង់ចាំ​ដោះស្រាយ​នៅពេល​កីឡាករទាំង​ពីរ​ និង​គណៈប្រតិភូ​ត្រឡប់​ចូល​ប្រ​ទេស​វិញ។​

លោក ហ៊ុន សែន បានសរសេរ​ថា​ ៖ “ខ្ញុំសូមសំណូមពរដ៏ទទូចឱ្យ​ខាងសហព័ន្ធលុបចោលសេចក្តី​ជូនដំណឹងនេះសិន​ ព្រោះវាទាក់ទិនជាមួយកិត្តិយសជាតិផងនិងវិធីដោះស្រាយបញ្ហារបៀប​របប​នៃការងារផ្ទៃក្នុងសហព័ន្ធផង“។

លោកបានបន្ថែមទៀតថា ការដោះស្រាយបញ្ហាផ្សេងទៀតត្រូវរង់ចាំឱ្យ​ទាំង​កីឡាករពីររូប​និងគណៈ​ប្រតិភូត្រឡប់ចូលប្រទេសវិញ ទើបដោះស្រាយបន្តប្រកបដោយស្មារតីសាមគ្គីភាពនិងការ​យោគយល់គ្នា។

លោក គឹម ស៊្រុន​កុសល ដែល​គេស្គាល់ថា លោក Tommy Kim ជា​អ្នក​ដឹកនាំប្រតិភូ​​កីឡាករ​​ប្រ​ដាល់​​គុនខ្មែរត្រៀម​ប្រកួត​នៅ​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​នេះ បានសរសេរ​នៅលើ​ទំ​ព័រ​ហ្វេស​ប៊ុក​របស់​លោក ដើម្បី​ថ្លែង​អំណរ​គុណចំពោះ​លោក ហ៊ុន សែន ដែល​បាន​ស្នើ​សុំ​ឱ្យ​សហ​ព័ន្ធ​លុប​ចោល​បម្រាម​លើ​កីឡាករទាំងពីរ​​។

លោកសរសេរថា ៖ “​កូន​គ្មាន​អ្វី​តបស្នង​ជូន​លោកទេ។ ពួកកូន​ប្តូរ​ផ្តាច់​ថា នឹង​ធ្វើ​ឱ្យ​ល្អបំផុត​ មិន​ឱ្យ​សម្តេចពុក​ និង​សម្តេចម៉ែខកចិត្ត​ ខកបំណង​ឡើយ​”។

កាលពីថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ​២០២៦ សហព័ន្ធ​កីឡាប្រដាល់គុនខ្មែរបានចេញសេចក្តីជូនដំណឹងដល់សាធារណជនពីការផ្អាកចាប់គូប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល​៦ខែ ចំពោះកី​ឡា​ករ អេ វិរៈខាំឈិតភូថង និង​ អេអាំ ម៉ារីន​ភូថង ដែលជាយោធិនសេរី មិនគោរពអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ចាប់ពីថ្ងៃទី​២៥ ខែ​កុម្ភៈដល់​ថ្ងៃទី​២៥​ ខែកក្កដា ឆ្នាំ​២០២៦​៕

អត្ថបទដោយ សារី លីហ្សា