ពលរដ្ឋភៀសសឹកប្រមាណ ១.១៤៩នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ធ្វើឱ្យចំនួនពលរដ្ឋភៀសសឹកកើនដល់ជិត ៦សែននាក់ ខណៈពលរដ្ឋប្រហែល ៥ម៉ឺននាក់ទៀតពុំទាន់អាចវិលទៅលំនៅឋាននៅឡើយ។
ពលរដ្ឋភៀសសឹក ដែលបានត្រឡប់ទៅលំនៅឋានវិញកើនដល់ជិត៦សែននាក់ ឬជាង៩២ភាគរយ ចំណែកពលរដ្ឋចំនួន ៥០.៤៥៨នាក់ទៀត (ស្ត្រី ២៦.៣៨១នាក់ និងកុមារ ១៦.៥០៣នាក់) ពុំអាចវិលទៅលំនៅឋានវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា មានសាលារៀន ៨និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ៥ នៅខេត្តឧត្តមមានជ័យ សាលារៀន ៥និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ នៅខេត្តបន្ទាយមានជ័យ និងមានសាលារៀន ២៩ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ១៤នៅខេត្តព្រះវិហារ នៅបន្តផ្អាក។
ក្រសួងមហាផ្ទៃក៏លើកឡើងអំពីការចល័តនាវាកងទ័ពជើងទឹកថៃ ចូលក្នុងដែនសមុទ្រកម្ពុជា ដោយចាប់ខ្លួនពលរដ្ឋខ្មែរ ៣នាក់និងរឹបអូសនាវានេសាទរបស់ពួកគាត់ ដោយទាមទារឱ្យប្រទេសថៃដោះលែងពួកគាត់ និងបញ្ឈប់សកម្មភាពល្បាតខុសច្បាប់ និងបញ្ឈប់ការប្រើច្បាប់ថៃអនុវត្តលើដែនអធិបតេយ្យកម្ពុជាតទៅទៀត៕
ដោយអត្ថបទ សារ៉ន សុីវអុីង

