ករណីជួញដូរ​​មនុស្សកើនឡើងឆ្នាំ២០២៥ ខណៈជនជាតិខ្មែរជាង៦០នាក់​ត្រូវ​បាន​ជួយ​​សង្គ្រោះ​ពី​ចិន​

មន្ត្រីជាន់ខ្ពស់ក្រសួង​មហាផ្ទៃ លើកឡើង​ថា ករណីជួញដូរមនុស្សក្នុង​​ឆ្នាំ​​២០២៥ បានកើនឡើង​ជិត ៤០​ភាគ​រយ ដែលជាតួលេខ​មួយគួរ​ឱ្យកត់​សម្គាល់​​ ខណៈជនជាតិខ្មែរជាង ៦០​នាក់ ដែលត្រូវបាន​បោក​បញ្ឆោត​ទៅធ្វើ​ការ​នៅប្រទេសចិន ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ និងនាំត្រឡប់មកវិញ។

ក្នុងទិវាជាតិ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​លើកទី១១ ដែល​ធ្វើ​ឡើង​នៅ​​រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក ស សុខា បាន​លើកឡើង​ថា បញ្ហា​ជួញដូរមនុស្ស និង​អំពើ​ឆបោក​តាម​អនឡាញ កំពុង​ក្លាយជាបញ្ហា​​ប្រឈមធ្ងន់ធ្ងរនៅក្នុងយុគសម័យឌីជីថល។ តួយ៉ាង​ ក្នុ​ងឆ្នាំ​២០២៥ លោកថា សមត្ថកិច្ច​ជំនាញ​បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ដែល​ចាញ់​បោក​គេ ទៅធ្វើ​ការ​នៅ​ប្រទេស​ចិន​បានចំនួន ៦៥នាក់។

លោកថា៖ «នៅក្នុងឆ្នាំ​២០២៥ យើងបានជួយសង្គ្រោះជនជាតិខ្មែរដែលបានចាញ់បោកគេទៅធ្វើការនៅប្រទេសចិនបានចំនួន ៦៥ នាក់ និងបាននាំពួកគេត្រឡប់មកផ្ទះវិញ។ យើងមិនដឹងថាមានប៉ុន្មានរយនាក់ទៀតទេដែលកំពុងតែនៅក្នុងប្រទេសនោះ ដែលកំពុងស្រែកឱ្យមានការគាំទ្រក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ » ។

ដោយឡែក ​យុទ្ធនាការបង្ក្រាបការឆរបោកតាមប្រព័ន្ធអនឡាញ លោក ស សុខា បានបញ្ជាក់ថា ក្នុង​ឆ្នាំ​២០២៥ មានជនបរទេសសរុបប្រមាណ ២១ ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញពីកម្ពុជា ខណៈ​ជាង ៣ ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ និងបញ្ជូនត្រឡប់ទៅប្រទេសដើមកំណើតវិញ​។

លោក​បានបន្ថែមថា៖ «រាជរដ្ឋាភិបាល​បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ នៅក្នុងការការពារសុវត្ថិភាពជូន​ដល់​​ប្រជា​ពលរដ្ឋ សុវត្ថិភាពសង្គម សន្តិសុខជាតិឲ្យនៅឋិតថេរ ដោយលុបបំបាត់ឱ្យបានដាច់​ខាតនូវរាល់ភាពអសកម្មនានា ព្រមទាំងការពារជនបរទេសទាំងឡាយដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាឱ្យមានសុវត្ថិភាពនៅទូទាំងប្រទេស» ។

ក្នុ​ងទិវា​នោះដែរ អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បាន​លើក​ឡើង​ថា ​បើតាមរបាយការណ៍របស់គណៈកម្មាធិការនេះ ក្នុង​​ឆ្នាំ២០២៥ សមត្ថកិច្ច​បានរកឃើញ និងបង្ក្រាបករណីជួញដូរមនុស្ស​ចំនួន​ ១២៨ ករណី ដែលកើនឡើង ៣៧.៣៧% ធៀប​ទៅនឹងឆ្នាំចាស់។

លោកស្រីបញ្ជាក់ថា អំពើជួញដូរមនុស្សទាំងនេះ បង្ក្រាបបានចំនួន ១២៨ករណី ឃាត់ខ្លួនជនសង្ស័យ ២០៩ នាក់ ក្នុងនោះមានជនបរទេស ១៧ នាក់ដែលមានពីរសញ្ជាតិ និងសង្គ្រោះជនរងគ្រោះបានចំនួន ៦០៩ នាក់។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ​រូបនេះ បន្តថា បញ្ហា​ភៀស​សឹក​តាម​ព្រំដែន​កម្ពុជា–ថៃ ក៏​ក្លាយ​ជា​កត្តា​បង្ក​ភាព​ងាយ​រង​គ្រោះ​បន្ថែម ដោយ​ប្រជាពលរដ្ឋ​មួ​យ​ចំនួន​ ត្រូវ​ចាក​ចេញ​ពី​លំនៅ​ឋាន​ដើម្បី​គេច​ចេញ​ពី​ការ​ប្រឈម​អាវុធ។

លោកស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការអូសទាញពីមេខ្យល់ និងបណ្តាញ​ជនល្មើស ដែលប្រើប្រាស់ស្ថានភាពមិនស្ថិតស្ថេរនេះ ដើម្បីកេងប្រវ័ញ្ចតាមច្រករបៀងខុសច្បាប់ ឬការងារមិនច្បាស់លាស់នៅក្រៅប្រទេស។

លោកស្រីបានសង្កត់ធ្ងន់ថា៖ «យើងបានយកចិត្តទុកដាក់អប់រំណែនាំឲ្យប្រុងប្រយ័ត្នពីការអូសទាញដោយ​មេខ្យល់ ឬបណ្ដាញជនល្មើសដើម្បីកេងប្រវ័ញ្ច ដូចជា ការនាំចេញទៅក្រៅប្រទេស​តាមច្រករបៀង​ដែលប្រកបដោយគ្រោះថ្នាក់ ឬការអូសទាញដោយប្រថុយប្រថានទៅរក​ការងារដែលមិនច្បាស់លាស់ជាដើម» ។

ចំណែក លោក ថុង ម៉េងដាវីត អ្នកវិភាគ និងសិក្សាស្រាវជ្រាវភូមិសាស្ត្រនយោបាយ និងសន្តិសុខ​អន្តរ​ជាតិ បានកត់សម្គាល់ថា ការកើនឡើងនៃអត្រាជួញដូរមនុស្សនេះ អាចបណ្ដាលមកពី​កត្តា​ជា​ច្រើន រួមមាន កំណើនទេសចរណ៍ និង​ការកើនឡើងនៃអត្រាការឆរបោក និងការជួញ​ដូរមនុស្សជាសកល។

លោកបានសង្កត់ធ្ងន់ថា៖ «នេះមិនមែនជាបញ្ហាសម្រាប់តែប្រទេសកម្ពុជានោះទេ សូម្បីតែប្រទេសជិតខាង និងប្រទេសក្នុងតំបន់ក៏ជួបប្រទះមិនកើតកើនឡើងការជួញដូរមនុស្ស មានការឆរបោកអនឡាញដែរ» ។

ទោះជាយ៉ាងនេះក្តី អ្នកវិភាគរូបនេះ យល់ឃើញថា វាជាសញ្ញាវិជ្ជមានសម្រាប់ឆ្នាំ២០២៦នេះ ដោយ​សារតែរាជរដ្ឋាភិបាលបានជំរុញយ៉ាងពេញទំហឹង ទៅលើការបោសសម្អាតឧក្រិដ្ឋកម្មអន​ឡាញ ក៏ដូចជាទប់ស្កាត់ការជួញដូរមនុស្ស។ យ៉ាងណា លោក​ជំរុញ​ដល់​រដ្ឋាភិបាល ពង្រីក​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​ដៃ​គូ​អន្តរ​ជាតិ និង​ការ​ចូល​រួមក្នុងអនុសញ្ញា​អន្តរជាតិថ្មីៗ ជាជំហាន​សំខាន់​ ក្នុងការកែលម្អប្រព័ន្ធច្បាប់ជាតិ និងពង្រឹង​យន្តការប្រឆាំងឧក្រិដ្ឋកម្មឌីជីថល។

លោកបន្ត​ថា៖ «យើងខិតខំផ្ទៃក្នុងហើយ ប៉ុន្តែទន្ទឹមនឹងនេះយើងក៏សហការជាមួយអន្តរជាតិដែរ ដែលនឹងនាំឲ្យការជួញដូរមនុស្សនេះត្រូវបានកាត់បន្ថយកាន់តែច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កម្ពុជា បានពង្រឹងការអនុវត្តច្បាប់ និងសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់បណ្តាញបោកប្រាស់តាមអនឡាញ ដែលមានឥទ្ធិពលឆ្លងព្រំដែន» ។

គួរបញ្ជាក់ ទិវាជាតិ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូ​វបាន​រដ្ឋាភិបាល​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ក្នុង​គោល​​បំណង​​​​ផ្សព្វ​ផ្សាយ និង​​​​​អំពាវ​​នាវ​​ដល់​​គ្រប់​​ស្ថាប័ន​​ពាក់​​ព័ន្ធ​​ជាតិ និង​​អន្តរ​​ជាតិ ក្នុង​​កា​រ​​ចូល​​រួម​​ទាំង​​អស់​គ្នា ដើម្បី​បង្ការ ទប់​ស្កាត់​ និង​ការ​ពារ​ប្រជា​ពលរដ្ឋ​កម្ពុជា និង​ជនបរទសគ្រប់រូប ​ដែលបាននិងកំពុងស្ថិតនៅកម្ពុជា​ឱ្យរស់នៅប្រកបដោយសុវត្ថិភាព ភាពរីករាយ កក់ក្តៅ និងគ្មានការបារម្ភពីអំពើជួញដូរមនុស្ស អំពើឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (Digital Era)។ នេះ​បើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់គណៈ​កម្មាធិការជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរមនុស្ស។

ប្រភពដដែល បន្តថា ទិវា​នេះ ​ក៏ចង់បង្ហាញនូវការប្តេជ្ញាចិត្តយ៉ាង​មុតមាំ របស់រាជរដ្ឋាភិបាល​ ក្នុង​​​ការប្រយុទ្ធ​ប្រឆាំង​​ដាច់​​ខាត​អំពើ​ជួញ​ដូរ​មនុស្ស​គ្រប់​ទម្រង់ និង​បទល្មើសឧក្រិដ្ឋពាក់ព័ន្ធដទៃទៀត ដើម្បីកម្ពុជា មានសុវត្ថិ​​ភាព ភាពរីករាយ និងអភិវឌ្ឍន៍៕