ក្រសួង​វប្បធម៌អំពា​វ​នាវ​ដល់អ្នកសិល្បៈ​និង​អ្នក​រៀបចំពិធី​​អនុវត្ត​តាម​​ពិធីដើម ​នៃពិធីបុកល័ក្ត​

ដោយៈ

Press Start Cambodia Avatar

ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈអំពាវនាវអ្នកសិល្បៈ និងអ្នករៀបចំពិធី​គោរព​និងការអនុវត្ត​តាមពិធីដើមនៃពិធី​បុកល័ក្ត​ ក្រោយពីរកឃើញ​​មាន​ការ​ប្រើ​ពាក្យ​ពេចន៍​ កាយ​វិការ និង​សម្លៀក​​​បំពាក់​មិន​សមរម្យ​ ដែលនាំឱ្យប៉ះពាល់ដល់តម្លៃអាពាហ៍​ពិពាហ៍​និង​ទំនៀម​ទម្លាប់​សាសនាឥស្លាម។

ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈបានចេញសេចក្ដីអំពាវនាវកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លើក​ឡើង​ថា ទោះបីជា​ពិ​ធីនេះ ស្ថិតក្នុងក្រោមទម្រង់ណាមួយក៏ដោយ ក្នុងន័យ ដើម្បីចូលរួមរក្សាតម្លៃ ជំនឿសាសនា និងរបៀបរបបប្រពៃណីរបស់អាពាហ៍ពិពាហ៍ខ្មែរ ក្រសួងសូមអំពាវនាវដល់អ្នកសិល្បៈ និងអ្នករៀបចំពិធី ឱ្យ​ចៀសវាងការកែច្ឆៃ​​ ការប្រើប្រាស់ពាក្យសម្ដី កាយវិការ និងសម្លៀកបំពាក់ទាំងឡាយ ដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់នៃជំនឿ  និងសាសនារបស់សហគមន៍ និងជាតិសាសន៍នានា។

នាពេលថ្មីនេះ ពិធីបុកល័ក្តនោះត្រូវ​បានលើក​យក​មក​សម្ដែងដោយ​ក្រុមសិល្បៈរបស់​លោក ដួង សុខគា នៅក្នុង​ពិធីមង្គលការមួយ ដោយក្នុងនោះ មានការសម្ដែងជាតួអង្គដែលកាន់សាសនាឥស្លាម ដោយនិយាយភាសាដែលអាចនាំឱ្យមានការយល់ច្រឡំ​ និងធ្វើកាយវិការថ្វាយបង្គំ និងស្លៀកសម្លៀកបំពាក់មិនសមរម្យ ក្នុងលក្ខណៈកំប្លែងដែលធ្វើឱ្យមានការប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ខ្មែរផង និងដល់ទំនៀមទម្លាប់សាសនាឥស្លាមផង។

លោក ដួង សុខគា បានចេញវីឌីអូរជាសាធារណលើបណ្ដាញសង្គម សូមអភ័័យ​ទោសដល់បងប្អូនខ្មែរឥស្លាមសាសនិក និងប្រជាពលរដ្ឋខ្មែរ ដោយទទួលស្គាល់ពីកំហុសរបស់ខ្លួន ដែលអះអាងថា ពិធីបុកល័ក្តតែងមានតួអង្គខ្មែរឥស្លាមចូលរួម ហើយលោកក៏បានធ្វើពិធីនេះឡើងតាមគេដោយមិនបានគិតដិតដល់។ លោកក៏បានសន្យាថា មិនឱ្យមានរឿងដូច្នេះកើតឡើងទៀតទេ។ លោកបានសង្កត់ថា៖ “ខ្ញុំនឹងមិនឱ្យមានរឿងស្រដៀងៗហ្នឹងឬចឹងៗដដែលកើតឡើងទេ” ។

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​បាន​ពន្យល់​ថា ពិធីបុកល័ក្ត គឺ​ជា​ផ្នែកមួយ​ដ៏សំខាន់​នៃពិធីអាពាហ៍​ពិពាហ៍​ខ្មែរ ឬត្រូវ​បាន​គេស្គាល់ថា ជា​ពិធី​ “ធ្វើ​ធ្មេញ​ ឬធ្វើ​ធ្មេញបំពេញ​ល័ក្ត​ ឬបុកល័ក្ត” ក្នុង​ន័យ​ជា​និមិត្ត​រូប​បំពេញ​កិច្ច​ឱ្យ​កូន​ប្រុស​ កូនស្រី​ ត្រូវ​ទទួល​នូវ​ពាក្យ​ផ្អែម​ល្វីង ជូរ ចត់ ហឹរ ប្រៃ ក្នុង​ជីវិត​ប្តីប្រពន្ធ​ ហើយ​ថា ពិធីនេះ​តែងមាន​ការ​ចូល​រួម​ពីបងប្អូនញាតិមិត្ត​ ដោយ​មិន​ប្រកាន់​ពណ៌សម្បុរ ឬសាសនា​នោះឡើយ​ រីឯការ​សម្តែង​ជា​សិល្បៈ​ ភាគច្រើន​ គឺពាក់​ព័ន្ធ​នឹង​សកម្មភាព​នៃដំ​ណើរ​​រក​ល័ក្ត ដោយ​ជួប​ជាតិ​សា​សន៍​​ផ្សេងៗ ។ ក្រសួងបន្ថែមទៀត​​ថា ការ​អនុវត្ត​ជាក់​ស្តែង ពិធី​នេះ អាចប្រែប្រួលតាម​ទម្រង់​ផ្សេងៗទៅតាម​តំបន់​ឬទៅតាម​លទ្ធភាព​​នានា៕​

ដោយ គីម ផាគ្រី​